ព័ត៌មានជាតិ
កម្ពុជា តវ៉ាដាច់ណាត់ លើសកម្មភាពថៃរៀបចំពិធីសាសនា និងបើកឱ្យសាធារណៈជនចូលទស្សនាប្រាសាទខ្នារ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី ១៦ ឧសភា ២០២៦ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ណាត់ ចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងសកម្មភាពបើកឱ្យសាធារណៈជនចូលទស្សនានៅប្រាសាទខ្នារ ពីភាគីថៃ ខណៈទីតាំងនេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងវប្បធម៌អះអាងថា ប្រាសាទខ្នារ រួមទាំងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយមានមូលដ្ឋានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារកំណត់ព្រំដែនដែលទទួលស្គាល់តាមច្បាប់អន្តរជាតិ។
ក្រសួងវប្បធម៌ចាត់ទុកថា ការរៀបចំពិធីផ្លូវការ ការជួបជុំសាធារណៈ សកម្មភាពទេសចរណ៍ ឬសកម្មភាពណាមួយដែលបង្ហាញពីអំណាចរដ្ឋបាលរបស់ថៃ នៅតំបន់បេតិកភណ្ឌកម្ពុជា គឺជាទង្វើខុសច្បាប់ និងរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
សកម្មភាពទាំងនេះជាការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់តាមទាំងរូបភាពជាក់ស្តែង និងផ្លូវច្បាប់ ដែលមិនអាចទទួលយកបាន។
លើសពីនេះ ក្រសួងបានបដិសេធដាច់ណាត់ចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យសកម្មភាពខុសច្បាប់ទាំងនេះ ទទួលបានសុពលភាព តាមរយៈសកម្មភាពឯកតោភាគី ដូចជាពិធីសាសនា សកម្មភាពវប្បធម៌ ឬរដ្ឋបាល។
តាមច្បាប់អន្តរជាតិ រួមទាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនអនុញ្ញាតឱ្យមានការទទួលបានទឹកដីតាមរយៈការប្រើកម្លាំង ឬសកម្មភាពខុសច្បាប់ណាមួយឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះថា ជាកត្តាធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបានកត់ត្រាជាផ្លូវការនូវការមិនទទួលស្គាល់ និងមិនយល់ព្រមទាំងស្រុងចំពោះទង្វើទាំងនេះ។
ក្រសួងបញ្ជាក់ថា សកម្មភាពរបស់ថៃ គ្មានសុពលភាព និងមិនអាចបង្កើតសិទ្ធិ ឬការអះអាងអធិបតេយ្យភាពណាមួយលើដែនដីកម្ពុជាបានឡើយ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់បេតិកភណ្ឌកម្ពុជា ដកចេញវិធានការខុសច្បាប់ និងជៀសវាងសកម្មភាពបន្ថែម ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ឬរាំងស្ទះដល់ការដោះស្រាយដោយសន្តិវិធី។
កម្ពុជា បន្តប្តេជ្ញាថែរក្សាអធិបតេយ្យភាព និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ដោយប្រើវិធានការផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


