Connect with us

ព័ត៌មានជាតិ

សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ ដែល​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ បញ្ជូន​ទៅ​ចូល​ពន្ធនាគារ​ព្រៃ​ស (​ម​១)​

បានផុស

នៅ

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​ម្នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ ទៅកាន់ ពន្ធនាគារ​ព្រៃ​ស (​ម​១) តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៣៥២៣ ខ​.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ចៅក្រម​ស៊ើបសួរ រស់ សាមី​ខ្លួន​បន្ទាប់ពី​បុរស​រូប​នេះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​រួចរាល់​មក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​មុននេះ​ថា បើ​យោងតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការ​រត់គេច​ចេញពី​មណ្ឌល​ព្យាបាល ត្រូវ​ប្រឈម​នឹង ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល តែ​បើ មានការ​ចម្លង​ដល់​អ្នកដទៃ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ជាមិនខាន​។​

​ជុំវិញ​បញ្ហា​នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សូម​មេត្តា​ចូលរួម​អនុវត្ត​តាម​វិធានការ​ព្យាបាល របស់​ក្រសួងសុខាភិបាល ដោយ​ការ​អត់ធ្មត់​ដើម្បី​ឲ្យ​ជាសះស្បើយ ជៀសវាង​រត់គេច​ដែល​អាច​នាំ​ទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំ​ទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ក្នុង​ក្រុម​គ្រួសារ​និង​សហគមន៍​ផង និង ត្រូវ​មាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផង​ដែរ​។​

​សូម​បញ្ចាក់​ផងដែរ​ថា បុរស​ខាងលើ បាន​ព្យាយាម​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ជំ​ងឺ​កូ​វីដ​១៩ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា កាលពី​ល្ងាច ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​។ បន្ទាប់ពី​បាន​ទទួល​ការ​ស្នើសុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​ក្រុម​គ្រូពេទ្យ កម្លាំង​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ស្រាវជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​ត្រឹមតែ​១៥​នាទី ក៏​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​នោះ នៅ​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដែល​បាន​ត្រៀម​រួចជាស្រេច ជាមួយ​សម្លៀកបំពាក់ ការពារ​មេរោគ និង ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូ​វីដ​១៩​នោះ​ភ្លាមៗ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម