Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ជលផល​ទទួល​ស្គាល់​ថា​ ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រៃរនាម​នៅតែមាន​សកម្មភាព​

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​រុករាន​ព្រៃ​លិច​ទឹក យក​ធ្វើស្រែ​ពី​សំណាក់​ជនខិលខូច​នៅតែមាន​សកម្មភាព​ផុលផុស ដោយ​ប្រើប្រាស់​រូបភាព​ផ្សេងៗ បើទោះបីជា អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កក អ៊ី​ឡែ​ន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង ​បានឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​ដែល ក្រុម​ល្មើស រុករាន ភាគច្រើន​នៅ​តំបន់​២​និង​តំបន់​៣ ដែល​ក្រុម​ជនល្មើស​បាន​ប្រើល្បិច​ផ្សេងៗ ដើម្បី​រុករាន​វាទ​យក​ដី​មក​បង្កបង្កើនផល។​ ដោយ​ជនល្មើស​ខ្លះ​បាន​ប្រើ​ល្បិច​ដុត​ព្រៃ ហើយ​បាន​យក ស្រូវ​ទៅ​ព្រោះ​នៅ​ពេល​យប់​ដោយ​បន្លំ​ថា​ ជា​ដីស្រែ​ចាស់ ខ្លះ​ទៀត​បាន​ប្រើប្រាស់​គ្រឿងចក្រ​រុករាន​ពី​ខាង ក្នុង​ដោយ​ទុក​ព្រៃ នៅ​សងខាង បន្លំ​ភ្នែក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ជាដើម ។

​លោក​បញ្ជាក់ថា ​តាម​តួលេខ​ដែល​ចុះ​ស្រាវជ្រាវ​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំ​២០២០ ក្រុម​ជនល្មើស​បាន រុករាន​នៅ​ស្រុក​ចំនួន​៤ ដែល​មាន ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប មាន​ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង ស្រុក​ថ្មគោល អស់​ព្រៃ​លិច​ទឹក​ចំនួន ១០ ៩៩២ ហិច​តា នៅក្នុង​តំបន់​២​និង​តំបន់​៣ និង ភ្លើង​ឆេះ​ព្រៃ អស់​ចំនួន ជាង​៨​ពាន់​ហិច​តា​។​

​លោក ​កក​ អ៊ី​ឡែ​ន បាន​បញ្ជាក់​ថា​ ដោយសារតែ​ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​ មាន​សកម្មភាព​ផុលផុស​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ បានធ្វើការ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​និង​ទប់ស្កាត់​ចំពោះ​សកម្មភាព​នេះ​យ៉ាងខ្លាំង​ផងដែរ។ ដោយនៅ​ដើមឆ្នាំ​២០២១​នេះ បង្ក្រាបបាន​១១​ករណី ឃាត់ខ្លួន​ជនល្មើស​១៦​នាក់ និង​គ្រឿងចក្រ​៥​គ្រឿង​ព្រមទាំង​សម្ភារៈ​ជាច្រើន​ទៀត​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់។ លោក​បញ្ជាក់​ថា បើ​គិត​តាំងពី​ឆ្នាំ​២០១៥​មក មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា ឃាត់ខ្លួន​ជនល្មើស​ដែល​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក បាន​៨០ នាក់ និង​គ្រឿងចក្រ ព្រមទាំង សម្ភារៈ​ជាច្រើន បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ទោះបីយ៉ាងណា ​មន្ត្រីរដ្ឋបាល​ជលផល​ខាងលើ​បានឲ្យ​ដឹងថា ការបង្ការ​ទប់ស្កាត់​ការ​រុករាន​ព្រៃ​លិច​ទឹក មានការ​លំបាក​ផងដែរ​ ដោយសារ​ទំហំ​ព្រៃ​លិច​ទឹក​នៅ​ខេត្តបាត់ដំបង​ មាន​រហូតដល់​ជាង​២០​ម៉ឺន​ហិច​តា ចំណែក​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​មានតែ​ជាង​២០​នាក់ កំពុង​ធ្វើការ​លើ​ផ្នែក​ផ្សេងៗ​ទៀតផង​ដែរ ដូចជា រដ្ឋបាល វារីវប្បកម្ម និង ទប់ស្កាត់​បទល្មើស​ជាដើម។​ លោក​បន្ថែមថា​ ក្រៅពីនោះ​មន្ត្រី​នៅ​ខ្វះខាត មធ្យោបាយ សម្ភារៈ ថវិកា ក្នុងការ​ចុះបង្ក្រាប​ផងដែរ​។​

​លោក​បញ្ជាក់​ថា ​ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការចូល​រួមសហកា​រ​យ៉ាងសកម្ម​ពី អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ មន្ត្រី​សហគមន៍ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត រួមគ្នា​ទប់ស្កាត់​ទាំង​អស់គ្នា​។​ ក្នុង​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១១ បាន​កំណត់​ដីព្រៃ​លិច​ទឹក​នៅ​៦​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប មាន​ចំនួន ៦៤៧ ៤០៦​ហិច​តា ដោយឡែក​ខេត្ត​បាត់ដំបង​មាន​ព្រៃ​លិច​ទឹក​ចំនួន ២០៦ ៩៥៣​ហិច​តា៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ មិន​ដល់​មួយ​ថ្ងៃ​ផង ចាប់​បាន​មុខសញ្ញា​ជួញដូរ​៣​នាក់​ រួម​ទាំង​ថ្នាំ​ញៀន​​ជាង ១​គីឡូក្រាម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម