ព័ត៌មានជាតិ
មេដឹកនាំកម្ពុជា-វៀតណាមប្តេជ្ញាចិត្តប្រែក្លាយព្រំដែនឲ្យទៅជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាណាចក្រកម្ពុជាបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានាដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងពិភពលោក ដែលជាក្តីកង្វល់និងផលប្រយោជន៍រួមរាប់បញ្ចូល ទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរដែរចេញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី ២៤ ខែ វិច្ឆិកា ២០២០។

នៅក្នុងកិច្ចសន្ទនានោះនាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអបអរសារទរ ចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៩ ។
នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជានិងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿននីតិ វិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមនិងពិធីសារឆ្នាំ ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ចំនួន ១៦%ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។
មេដឹកនាំប្រទេសទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី ១៨ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នៅទីក្រុងបាវិតខេត្តស្វាយរៀងប្រទេសកម្ពុជា។នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់និងពហុភាគីដូចជាអនុតំបន់មេគង្គអាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនិងអង្គការសហប្រជាជាតិ។
កិច្ចសន្ទនាតាម ប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធសា្នលបំផុតឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕
អត្ថបទ៖ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


