ផ្លូវជាតិ​លេខ ២ ស្ថាបនា​​យឺត​មិនទាន់​ផែនការ ទើប​សម្រេច​បាន ៤៥ ភាគរយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវជាតិ​លេខ ២ ស្ថាបនា​​យឺត​មិនទាន់​ផែនការ ទើប​សម្រេច​បាន ៤៥ ភាគរយ

បានផុស

នៅ

កំណាត់​ផ្លូវ​ជាតិ​លេខ ២ មក​ដល់​ពេលនេះ​ទើប​តែ​សម្រេច​បាន​ជាង ៤៥ ភាគរយ ហើយ​តាម​លទ្ធផល​ការងារ​នឹង​មិន​រួច​ទាន់​តាម​ផែនការ​នោះ​ទេ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធាណរការ​និង​ដឹកជញ្ជូន បាន​ឆ្លើយ​តប​ការ​សាកសួរ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ ២ ហើយ​ឯកឧត្ដម​បាន​រិះ​គន់លើ​ភាព​យឺតយ៉ាវ​លើ​ការ​សាងសង់ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ។

ឯកឧត្តម​​ស៊ុន ចាន់ថុល​ បាន​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​បាន​លើក​ពី​បញ្ហា​កូវីដ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ការ​សាងសង់​។ លោក​បាន​រំលឹក​ដល់​ក្រុមហ៊ុន​កុំ​លើក​តែ​បញ្ហា​កូវីដ​តែ​មួយ​មុខ ត្រូវ​រក​ដំណោះស្រាយ​ ដោយ​ត្រូវ​បន្ថែម​គ្រឿង​ចក្រ កម្លាំង​កម្មករ​ ទើប​ការងារ​អាច​សម្រេច​ទាន់​ផែនការ។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ផ្លូវ​ជាតិ​មួយខ្សែ​នេះគ្រោង​រួច​រាល់​នៅ​ខែ​មេសា ឆ្នាំ ២០២២ តែ​បើ​មើល​លើ​លទ្ធផល​ការងារ​មក​ដល់​ពេល​នេះ នឹង​មិន​​រួច​ទាន់​គ្រោង​ការ​នោះ​ទេ។

លោក​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ដែល​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ពន្លឿន​ការងារ បន្ថែម​គ្រឿងចក្រ និង​កម្លាំង​កម្មករ បើ​ទោះ​បី​ការងារ​អាច​យឺត​ជា​ផែនការ​បន្តិច​ក៏​ដោយ​។

ផ្លូវជាតិលេខ ២ ដែល​មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូល​តាខ្មៅ-អូរចំបក់ ដល់​រង្វង់​មូល​ក្រុង​ដូនកែវ ខេត្ត​តាកែវ និង​ផ្លូវជាតិ​លេខ ២២ មាន​ប្រវែង​សរុប​ចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់​គិត​ពីរង្វង់មូល​ក្រុងដូនកែវ ដល់​អង្គតាសោមផ្លូវជាតិ​លេខ ៣ ទទួលខុសត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​កូរ៉េ Hanshin ដែល​ប្រើប្រាស់​រយៈ​ពេល៣០ខែ គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ២០២២។

ក្រុមហ៊ុន​​កូរ៉េ​មួយ​នេះ តែងតែ​ទទួល​បាន​​គម្រោងលើ​ការ​​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​បានមកពី​កម្ចី​ថវិកា​​ពី​រដ្ឋាភិបាល​កូរ៉េ។ កន្លងទៅ​ក្រុមហ៊ុន​​​ក៏​ធ្លាប់​ទទួលខុសត្រូវ​ក្នុង​ការ​ស្ថាបនា​​ផ្លូវ​ជាតិ​លេខ ២១ ពី​ខេត្ត​កណ្តាល​ទៅ​ស្រុក​កោះធំ​ព្រំដែន​វៀតណាម សាងសង់​ខុស​បច្ចេកទេស ហើយ​ក្រសួង​សាធារណការ​ធ្លាប់​រិះ​គន់​ជា​ញឹកញាប់​ រហូត​ដល់​នាយក​ក្រុមហ៊ុនធំ​នៅប្រទេស​កូរ៉េ ចេញមុខ​ទទួលខុសត្រូវ​ពី​កំហុសបច្ចេកទេស​សាងសង់​មិន​មាន​គុណភាព៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services