ព័ត៌មានជាតិ
នាយកក្រុមហ៊ុនបរទេសមួយ ចាញ់បោកលោកផ្កាយបីមួយរូប បានប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌
ភ្នំពេញ ៖ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី (TW LI XIN TECHNOLOGY CO, LTD)នារសៀលថ្ងៃទី៣សីហានេះ បានធ្វើសន្និសីទកាសែតមួយរៀបរាប់ពី លោកធំខ្មែរមួយរូបបានលក់ដី(ដីខ្យល់ឱ្យរូបលោក)ហើយបានទទួលលុយកក់២០% ស្មើនឹង៦៦ម៉ឺនដុល្លារ អស់រយៈពេល៤ឆ្នាំហើយ មិនឃើញប្រគល់ដីមកឱ្យលោក លុយក៏មិនសង ហើយលោកបានប្តឹងទៅតុលាការ ត្រូវបានតុលាការសម្រេចតម្កល់រឿងទុកមិនចាត់ការ ហើយនៅពេលនេះតាមរយៈមេធាវី គាត់បានប្តឹងទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីជួយរកយុត្តិធម៌ ។
លោកជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី មានអាសយដ្ឋាននៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បាននិយាយថា លោកបានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ដើម្បីមកវិនិយោគនៅទីនេះ ហើយក៏បានជួបលោកផល,លោកផល បានណែនាំឱ្យជួបលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការនៅក្រសួងមហាផ្ទៃ។ បន្ទាប់មកលោកស៊ុន ហួរ បាននាំរូបលោកទៅក្រុងព្រះសីហនុ ហើយប្រាប់ថា «គាត់មានដីជាងមួយហិកតា រួចបង្ហាញប្លង់ថា គាត់ចង់លក់តម្លៃ៣លាន៣សែនដុល្លារ»។ លោកក៏បានសម្រេចចិត្តទិញដោយបានកក់លុយលើកទីមួយចំនួន១០%ស្មើនឹង៣៣ម៉ឺនដុល្លារ។
លោកជី កានយូ និយាយបន្តថា បន្ទាប់មកលោកក៏បានរកមេធាវី ដោយមានលោកមៀច សំអ៊ាន់ ជាមេធាវីតំណាងដោយអាណត្តិ ដើម្បីធ្វើកិច្ចសន្យាទិញដីនោះ។ក្រោយពេលលោកមេធាវី ចុះសាកសួររួចក៏បានបញ្ជាក់ប្រាប់លោកវិញថា «ដីនេះមិនអាចទិញបានទេ ព្រោះដីនោះមិនមែនជាដីរបស់លោកស៊ុន ហួរទេ ម្ចាស់ដីឈ្មោះផ្សេង»។ពេលនោះលោកមានចិត្តភ័យខ្លាច ថារូបលោកត្រូវបានគេបោកប្រាស ហើយលោកក៏បានទៅជួបលោកស៊ុន ហួរ រួចប្រាប់ថា «ខ្ញុំឈប់ទិញដីនោះហើយ»។តែលោកស៊ុន ហួរប្រាប់ថា «គាត់អត់មានលុយទេ ព្រោះយកលុយទៅដោះស្រាយដីនោះអស់ហើយ ក្នុងរយៈពេលមួយឆ្នាំគាត់នឹងដោះស្រាយយកដីនោះបាន សូមកុំបារម្ភទៀត!»។
លោកជី កានយូ និយាយបន្តថា ដោយលោកគិតថា មិនអាចយកលុយនោះបាន លោកក៏សម្រេចចិត្តជឿលើគាត់ម្តងទៀត ព្រោះគាត់ពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ហើយក៏បានកក់លុយថែម១០%ទៀតសរុប២០%ស្មើនឹង៦៦ម៉ឺនដុល្លារ ដោយគាត់បានសន្យាថា «នឹងយកដីនេះមកឱ្យគាត់ កាត់ប្លង់ដាក់ឈ្មោះលោកតែម្តង»។ប៉ុន្តែរហូតមកដល់ពេលនេះលោកស៊ុន ហួរ នៅតែមិនអាចយកដីនេះមកឱ្យរូបលោកបាន ហើយលោកក៏បានឱ្យមេធាវីប្តឹងទៅតុលាការចោទពីបទ «ឆបោក» ។ តែពេលនេះតុលាការបានជូនដំណឹងនាថ្ងៃទី២សីហាឆ្នាំ ២០២១មកថា « តុលាការសម្រេចតម្កល់រឿងទុកមិនចាត់ការ »ដែលធ្វើឱ្យលោកបាត់បង់លុយយ៉ាងច្រើន។
លោកនាយកក្រុមហ៊ុន បានបន្តថា នៅពេលចុងក្រោយនេះ រូបលោកឮថា ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ដែលស្រឡាញ់សច្ចធម៌ អាចនឹងរកយុត្តិធម៌ជូនលោកបាន ហើយលោកបានឱ្យមេធាវី រៀបចំបែបបទដើម្បីដាក់ពាក្យបណ្តឹងទៅជូនឯកឧត្តមរដ្ឋមន្ត្រីមេត្តាជួយរកយុត្តិធម៌រួចហើយ ។ លោកសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីនឹងជួយរូបលោក ដែលជាអ្នកវិនិយោគមកពីបរទេស រួមចំណែកជួយសេដ្ឋកិច្ចកម្ពុជា។

នាល្ងាចថ្ងៃដដែលនេះ គេហទំព័រកម្ពុជាថ្មី បានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការនៅក្រសួងមហាផ្ទៃ ជុំវិញកាលើកឡើងរបស់ លោកជី កានយូ លោកនាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី រឿងទិញ-លក់ដីធ្លីខាងលើនេះ ប៉ុន្តែមិនអាចទំនាក់ទំនងបានឡើយ។

យោងតាមឯកសារដែលបានចែកចាយនៅក្នុងសន្និសីទកាសែត បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៥២០/៥៥៦ ចុះថ្ងៃទី២៩ឧសភាឆ្នាំ២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់ឋានៈលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ មកជា«ទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើ អគ្គនាយក»។

យោងតាមកិច្ចសន្យាទិញ-លក់ដី បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ កើតនៅឆ្នាំ១៩៦៩ មានទីលំនៅផ្ទះលេខ៤២៥អឺ០ ផ្លូវលេខ១៩៨ ក្រុម១៧ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានលោកមេធាវីមៀច សំអ៊ាន់ ចុះហត្ថលេខាបញ្ជាក់លើកិច្ចសន្យាចុះថ្ងៃទី៧ខែមករាឆ្នាំ២០១៨ទៀតផង ៕
ដោយ ៖ នរា




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា