ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃដែលទើបតែកន្លងទៅនេះមានសភាពអធិកអធមយ៉ាងក្រៃលែង ក្នុងនោះ ភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ លោក ប៉ែន បូណា ចាត់តួលេខនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីរមួយដង ដែលនេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ព្រោះបើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។

លោក ប៉ែន បូណា បង្ហាញការកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយនិងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់ ដែល នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់ ព្រោះគ្មានទេការសប្បាយបែបនេះនៅក្នុងប្រទេសដែលញាំញីដោយភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មានជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ហើយស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលកើតចេញពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ផ្ទុយស្រឡះពីនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយកដ្ឋមន្ត្រី អះអាងថា ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់ ដែលគោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត ហើយសកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ចាត់ទុកសកម្មភាពផ្ទុយគ្នាទាំងស្រុងរវាងរាជរដ្ឋាភិបាល និងក្រុមជ្រុលនិយម ថាបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នារវាងមេដឹកនាំដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយដែលបង្កការភ័យខ្លាចជាប្រចាំ ដែលនេះគឺជាជំនួយស្មារតីយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង ហើយការជ្រើសរើសមេដឹកនាំល្អបង្កឱ្យមានការរីកចម្រើននិងស្នាមញញឹម។ ផ្ទុយទៅវិញ ការសម្រេចចិត្តខុសនាំឱ្យប្រទេសធ្លាក់ចុះទៅរកក្តីវិនាសអន្តរាយដូចអតីតកាលវិញជាមិនខាន។

លោក ប៉ែន បូណា អះអាងថា គណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រឱ្យដឹកនាំប្រទេសជារៀងរហូតមក គឺជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែកយ៉ាងច្បាស់រវាងអាក្រក់និងល្អ សនិងខ្មៅ ហើយពួកគេចង់បានស្នាមញញឹម និងការជួបជុំសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុងក្រុមនយោបាយដែលប៉ុនប៉ងនាំតែក្តីអន្តរាយដល់ប្រទេសជាតិ៕


-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


