ព័ត៌មានអន្ដរជាតិ
ពន្ធអាមេរិក បង្កើនក្ដីបារម្ភសម្រាប់អាស៊ានពីលំហូរទំនិញចិន
ការហក់ឡើងនៃការនាំចេញរបស់ចិនមកកាន់អាស៊ីអាគ្នេយ៍ កំពុងដាក់សម្ពាធលើក្រុមហ៊ុនផលិតក្នុងតំបន់ ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយទំនិញថោកៗរបស់ចិន ខណៈបញ្ហារំពឹងថានឹងធ្ងន់ធ្ងរទៅៗ នៅពេលសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកាន់តែតានតឹងទៅៗ។ នេះបើតាមការសរសេររបស់កាសែតហុងកុង South China Morning Post (SCMP)។

ក្នុងអត្ថបទចុះផ្សាយនាថ្ងៃសុក្រនេះ SCMP បានស្រង់ក្ដីព្រួយបារម្ភរបស់អ្នកវិភាគ ដែលបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាស៊ានត្រូវតែជំរុញការប្រកួតប្រជែងក្នុងស្រុកជាបន្ទាន់ និងជំរុញខ្សែច្រវ៉ាក់តម្លៃដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីកំណើននៃការវិនិយោគរបស់ចិន ខណៈការពារសេដ្ឋកិច្ចប្រទេសពួកគេ ពីលំហូរចូលនៃទំនិញដែលមានតម្លៃទាបៗ។
ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្មដែលជំរុញដោយគោលនយោបាយរបស់សហរដ្ឋាអាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញនាំចូលទូទៅពីចិនរហូតដល់ ១៤៥ ភាគរយ និងខ្ពស់បំផុតរហូតដល់ ២៤៥ ភាគរយ លើមុខទំនិញមួយចំនួន ខណៈចិនឆ្លើយតបវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញរបស់អាមេរិក។ ការណ៍នេះ ជំរុញការព្រួយបារម្ភដែលថា ក្រុមហ៊ុនផលិតចិននឹងស្វែងរកទីផ្សារជំនួសឱ្យទីផ្សាររបស់សហរដ្ឋអាមេរិក ខណៈដែលកម្សោយតម្រូវការក្នុងស្រុកចិន បន្តអូសបន្លាយ។
អតិរេកពាណិជ្ជកម្មរបស់ចិនលើទំនិញពីរោងចក្រ បានកើនឡើងពីប្រហែល ១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ជាង ១,៨ ទ្រីលានដុល្លារ នៅឆ្នាំ ២០២៣ ខណៈការផ្គត់ផ្គង់ចិន បានបន្តលើសពីតម្រូវការក្នុងស្រុក។ ស្របពេលដែលការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបបានធ្លាក់ចុះ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅនាំចេញដ៏សំខាន់សម្រាប់ចិន។
នៅឆ្នាំ ២០២៣ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានវ៉ាដាច់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ចិន។ ការនាំចេញរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍បានកើនឡើង ១២ ភាគរយ ប៉ុន្តែការនាំចេញរបស់អាស៊ានទៅកាន់ប្រទេសចិនវិញ បានកើនឡើងត្រឹមតែ ២ ភាគរយ ប៉ុណ្ណេះ ខណៈប្រទេសមួយចំនួនរបស់ប្លុកដូចជាថៃ និងឥណ្ឌូណេស៊ី កត់ត្រាពីការធ្លាក់ចុះនៃការនាំចេញទៅចិនវិញ។ នេះបាននាំឱ្យមានកំណើនឱនភាពពាណិជ្ជកម្ម និងសម្ពាធកាន់តែច្រើនលើឧស្សាហកម្មក្នុងស្រុក រហូតឈានដល់បិទរោងចក្រផងក៏មាន។

អ្នកវិភាគបានព្រមានថា វានឹងពិបាកសម្រាប់អាស៊ានក្នុងការនាំចូលទំនិញរបស់ចិន ដែលស្វែងរកទីផ្សារជំនួសអាមេរិក ជាពិសេសចំពេលដែលឧស្សាហកម្មរបស់អាស៊ីអាគ្នេយ៍ បានប្រឈមមុខនឹងលំហូរផលិតផលថោកៗរបស់ចិនរួចហើយ។
ក្រុមហ៊ុនផលិតវាយនភណ្ឌ គ្រឿងសំអាង គ្រឿងអេឡិចត្រូនិក និងឧបករណ៍ផ្ទះបាយនៅអាស៊ីអាគ្នេយ៍ ត្រូវប្រកួតប្រជែងយ៉ាងលំបាកជាមួយក្រុមហ៊ុនផលិតចិន ដែលមានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្វ័យប្រវត្តិខ្ពស់ ដែលនាំឱ្យគេងាយស្រួលក្នុងការប្រកួតប្រជែង។ ជាមួយគ្នានោះ កំណើនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Temu និង TikTok Shop បានបង្កើនល្បឿននៃលំហូរទំនិញរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្ដីបារម្ភបែបនេះ បានផ្ទុះឡើងនាពេលកន្លងមក ជាពិសេសកាលពីឆ្នាំ ទាំងនៅក្នុងប្រទេសថៃ និងឥណ្ឌូណេស៊ី ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដែលរំពឹងផលប៉ះពាល់ខ្ពស់។ ជាការឆ្លើយតប រដ្ឋាភិបាលអាស៊ាននានា បានដាក់ចេញនូវវិធានការដែលតម្រូវឱ្យវេទិកាទាំងនេះចុះឈ្មោះក្នុងមូលដ្ឋាន និងដាក់អត្រាពន្ធខ្ពស់ជាងមុន ជាដើម។
នាយកប្រតិបត្តិនៃសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី លោក Danang Girindrawardana បានប្រាប់ SCMP ថា កំណើននៃការនាំចូលខុសច្បាប់ពីចិនដែលមានតំលៃថោក រួមជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាតដ៏រ៉ាំរ៉ៃ និងការគាំទ្រពីរដ្ឋាភិបាលមិនគ្រប់គ្រាន់ បានធ្វើឱ្យប៉ះពាល់ដល់វិស័យវាយនភណ្ឌដែលពឹងផ្អែកលើកម្លាំងពលកម្ម។

លោក Danang បារម្ភថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ដោយសារតែ SMEs ពិបាកក្នុងការរក្សាការប្រកួតប្រជែងដ៏ខ្លាំងក្លាពីលំហូរទំនិញថោកៗពីចិន។ ឥឡូវនេះ មានការព្រួយបារម្ភថា ចិនអាចនឹងលក់បង្ខូចតម្លៃលើទំនិញវាយនភណ្ឌរបស់ខ្លួន ដែលងាកចេញពីផ្សាររបស់សហរដ្ឋអាមេរិកដោយសារពន្ធខ្ពស់ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗ ដូចជាឥណ្ឌូណេស៊ី។
ចំណែកឯសេដ្ឋវិទូនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី លោកស្រី Maria Monica Wihardja វិញ បានថ្លែងថា អាស៊ាន និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីកាត់បន្ថយការហក់ឡើងភ្លាមៗនៃការនាំចូល ឬលក់បង្ខូចតម្លៃលើទំនិញណាមួយ ដែលរួមមានវិធានការការពារ ដូចជាពន្ធប្រឆាំងការបង្ខូចថ្លៃជាដើម។
យ៉ាងណាមិញ លោកស្រីបាននិយាយថា បណ្តាប្រទេសអាស៊ានមួយចំនួនដែលបានទទួលអត្ថប្រយោជន៍ភាគច្រើនពីការវិនិយោគផលិតកម្មចិន គួរតែជៀសវាងការបង្កើនវិធានការការពារប្រឆាំងនឹងការនាំចូលរបស់ចិន។ ផ្ទុយទៅវិញ ពួកគេគួរតែប្រើប្រាស់ក្របខ័ណ្ឌដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីបន្តផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


