ព័ត៌មានជាតិ
ក្រសួងការងារបើកកិច្ចប្រជុំជ្រើសរើសបេក្ខភាពសហគ្រាស ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ ២០២៥ ដែលជាយន្តការត្រីភាគី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ វាយតម្លៃ និងជ្រើសរើសបញ្ជីបេក្ខភាពសហគ្រាស ដែលនឹងត្រូវទទួលពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ វាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការស្របតាមកូរ៉ុមដែលបានកំណត់។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មការវាយតម្លៃ ការជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយត្រូវអនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សហគ្រាសត្រូវបំពេញគ្រប់លក្ខខណ្ឌវិនិច្ឆ័យនៃអនុលោមភាពចំនួន ៨ ដូចខាងក្រោម៖

១- អនុលោមភាពនៃលក្ខខណ្ឌការងារ
២- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង
៣- អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ
៤- អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ
៥- អនុលោមភាពនៃរបបសន្តិសុខសង្គម
៦- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ
៧- អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ
៨- អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។

ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាពានរង្វាន់ថ្នាក់ជាតិ ដែលត្រូវបានបែងចែកជា ៣កម្រិត៖ ផ្កាយ១ ផ្កាយ២ និងផ្កាយ៣ ទៅតាមចំនួនកម្មករនិយោជិតនៃសហគ្រាសតាមវិស័យនីមួយៗ។ ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ និងនីតិវិធី ដែលបានកំណត់ គណៈកម្មការវាយតម្លៃបានធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព ដើម្បីធានាថា ពានរង្វាន់ដែលផ្តល់ជូនអាចបញ្ជាក់យ៉ាងច្បាស់អំពីអនុលោមភាពរបស់សហគ្រាសជ័យលាភីនីមួយៗ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមសហគ្រាសទាំងនោះ។ តាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផល នៃរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងាររបស់សហគ្រាស គណៈកម្មការវាយតម្លៃបានបោះឆ្នោតផ្តល់ការឯកភាពលើបញ្ជីបេក្ខភាពសហគ្រាសដែលនឹងត្រូវទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥។
សហគ្រាសជ័យលាភីនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាសប្តាហ៍ក្រោយនេះ៕







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


