Connect with us

ព័ត៌មានជាតិ

កូនសត្វ ខ្លាឃ្មុំធំមួយក្បាល ត្រូវបានពលរដ្ឋសង្គ្រោះ ពីការជាប់អន្ទាក់របស់ព្រាន

បានផុស

នៅ

កូនសត្វ ខ្លាឃ្មុំធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្ស នៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានជួយ សង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំ ដែលជាប្រភេទសត្វកម្រនេះ មកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា មន្ត្រីឧទ្យានុរក្ស បានយកកូនសត្វខ្លាឃ្មុំនេះ ទៅថែរក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឲ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅ ក្នុងព្រៃធម្មជាតិវិញ។

សូមជម្រាបថា សត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ ​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត។

ខ្លាឃ្មុំ​ធំរស់នៅ​ក្នុង​ប្រភេទ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ។ នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា។ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួម​មាន​រុក្ខជាតិ និង​សត្វ។

ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត នៅ​អាយុ​ពី​៤ ទៅ​៥​ឆ្នាំ ជា​ទូទៅ ធ្វើការ​បង្កាត់​ពូជ​នៅ​អំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន នៅ​អំឡុង​ខែវិច្ឆិកា​-​មីនា និង​ជា​ទូទៅ​បង្កើតកូន​ម្តង បាន​ពី​១ ទៅ​២​ក្បាល។ សត្វ​ខ្លាឃ្មុំ អាចរ​ស់បាន​រហូត​ដល់​អាយុ​ជាង​៣០​ឆ្នាំ ។ សត្វ​ខ្លាឃ្មុំ ទទួល​រង​ការ​គម្រាមកំហែង​ពី​កត្តា​ជា​ច្រើន ដែល​រួម​មាន ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការ​ចាប់​មក​ចិញ្ចឹម។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វ សូមបញ្ឈប់សកម្មភាព ព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃ ជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ លោកបានឲ្យដឹងថា នៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពី ក្នុងតំបន់ការពារធម្មជាតិ ជួយ សង្គ្រោះសត្វព្រៃជាច្រើនក្បាល។

ប្រភេទសត្វខ្លាំឃ្មុំធំនេះ ក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀត ណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម