Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ យើងនឹងអាចចេញពីប្រអប់កូវីដ-១៩ បានភ្លាមៗ នៅពេលមនុស្សបន្តអនុវត្ត៣កុំ ៣ការពារ បានត្រឹមត្រូវ

បានផុស

នៅ

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​បាន​មានប្រសាសន៍ថា យើងនឹងអាចចេញពីប្រអប់កូវីដ១៩ (COVID-19) បានភ្លាមៗ នៅពេលមនុស្សបន្តអនុវត្ត៣កុំ និង៣ការពារ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃ។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សង្ឃឹមថា យើង​អាច​ចេញពី​ប្រអប់ COVID-19 បាន​ភ្លាមៗ​នៅពេលដែល​មនុស្ស​បន្ត​អនុវត្ត ៣​ការពារ និង​៣​កុំ បាន​ត្រឹមត្រូវ និង​ទៀងទាត់​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ការរៀនសូត្រ ដោយ​ការអនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​នូវ​វិធានការ​ការពារ​ចាំបាច់​នានា អនុញ្ញាតឱ្យ​យើង​វិលត្រឡប់​មករក​ភាពប្រក្រតី​ភាព​ថ្មី​ដោយ​បើក​ដំណើរការ​អាជីវកម្ម​ដោយ​សុវត្ថិភាព​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​កត់​សម្គាល់ការ​លើកឡើង​របស់លោក​វេ​ជ្ជ​បណ្ឌិត ឱ វណ្ណឌី​ន បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​បង្ហើប​ពី​ការបើក​សេដ្ឋកិច្ចសង្គម​ឡើងវិញ ប្រសិនបើ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ បាន​ថយចុះ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​។​

​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែតុលា ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើដំណើរ​កម្សាន្ដរ​បស់​ប្រជាពលរដ្ឋ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ គឺជា​ការសាកល្បង ដើម្បី​ឈានទៅដល់​ការបើក​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ​។ សម្តេច​ថា ប្រសិនបើ​ក្នុង​រង្វង់​១០ ទៅ​១៥​ថ្ងៃ ស្ថានភាព​របស់​យើង នៅ​នឹងន អត្រា​ឆ្លង​ត្រឹម​ប៉ុណ្ណេះ​ដូច​រាល់ថ្ងៃ និង​ការស្លាប់​ត្រឹម​កម្រិត​ប៉ុណ្ណេះ​យើង​គិតថា ដល់ពេល​វេលា ដែល​យើង​ត្រូវ​បើក​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ លើ​គ្រប់​វិស័យ តែ​ទៅតាម​គន្លង​ថ្មី ជាមួយនឹង​វិធានការ ៣​កុំ ៣​ការពារ ដែល​នាំទៅដល់​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​របស់​យើង​។​

​បើតាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទាំង​IMF ទាំង​ធនាគារពិភពលោក និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត បាន​ព្យាករ​ដំឡើង​អត្រា នៃ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា​ពី​១,៨​ភាគរយ ទៅ​២,២​ភាគរយ​នៅ​ឆ្នាំ​២០២១ ដែល​កាលពី​ពេលមុន​យើង​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​ថា អាចមាន​កំណើន​៤,៣​ភាគរយ​។ ក៏ប៉ុន្តែ​ដោយសារ​ការវាយលុក នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​មានការ​ព្យាករ​សារជាថ្មី​ថា កំណើនសេដ្ឋកិច្ច របស់​កម្ពុជា​ធ្លា​ក់នៅ​១,៨​ភាគរយ តែ​ក្រោយមក​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា បាន​វាយតម្លៃថា សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ឡើងដល់​២,២​ភាគរយ នៅក្នុង​ឆ្នាំនេះ​។​

​យ៉ាងណាក៏ដោយ បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​២​ខែ​ចុងក្រោយ នៃ​ចុងឆ្នាំ​២០២១​នេះ យើង​អាច​បើក​សេដ្ឋកិច្ចសង្គម ជាពិសេស​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង និង​សេវា​ដទៃទៀត គឺ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា អាច​នឹងមាន​ការឡើង​បន្តិចទៀត ហើយ​ចំណូល​ថវិកាជាតិ នឹង​អាច​វិលត្រឡប់​មកកាន់​ស្ថានភាព​ល្អប្រសើរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម