ព័ត៌មានជាតិ
កម្ពុជាមានជនជាតិដើមភាគតិច ២២ អម្បូរ រស់នៅ ៦ ខេត្ត
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានជនជាតិដើមភាគតិច ២២ អម្បូរ ស្មើជាង ១៨ ម៉ឺននាក់ប្រមាណ ១,២៥% នៃប្រជាជនកម្ពុជាសរុប ដែលកំពុងរស់នៅច្រើនជាងគេរហូត ដល់ជាង ៩០% នៅក្នុងខេត្តចំនួន៦ ភូមិភាគឥសាន្ត និងខេត្តកំពង់ធំ។ នេះបើយោងតាមរបាយការណ៍ជាតិស្តីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា។

នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា។ លោក ឆាយ ថន បានលើកឡើងថា ការកំណត់ជនជាតិដើមភាគតិចនៅកម្ពុជាត្រូវបានកំណត់តាមរយៈការប្រើភាសានិយាយពីដើមកំណើត។ ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ២២ អម្បូរដែលមានប្រជាជនសរុប ១៧៩ ១៩៣ នាក់ ស្មើនឹង ១,៣៤% នៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ ២០០៨ និង មានចំនួន ១៨៣ ៨៣១ នាក់ស្មើនឹង ១,២៥% នៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១% ក្នុងមួយឆ្នាំ)។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមអំបូរទាំង ២២ ជនជាតិដើមភាគតិចដែលមានចំនួនច្រើនជាង ១ ម៉ឺននាក់មានតែ ៦ អំបូរប៉ុណ្ណោះគឺ ទំពួន ព្នង គ្រឹង កួយ ចារាយ និងព្រៅ ដែលសរុបមានចំនួនស្មើនឹង ៨៨% នៃប្រជាជនជនជាតិដើមភាគតិចទាំង ២២ អម្បូរ។ ភាគច្រើននៃជនជាតិដើមភាគតិចទាំងនោះរស់នៅក្នុងខេត្តចំនួន ៦ ដូចជាខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលមានចំនួន ៩២,៤% នៃជនជាតិដើមភាគតិចរស់ទាំងអស់នៅឆ្នាំ២០១៣។

ទាក់ទងទៅនឹងការសិក្សាអប់រំ ជនជាតិដើមភាគតិចទទួលបានការអប់រំតិចគឺប្រហែល ១ភាគ៣ នៃជនជាតិដើមភាគតិចចេះអាន និងចេះសរសេរភាសាខ្មែរ ក្នុងនោះកុមារជិត ៥០% មិនបានរៀនសោះ។ ក្នុងចំណោមជនជាតិដើមភាគតិចអាយុ ១៥ ឆ្នាំឡើង ជិត ៦៦% មិនបានរៀន ឬបញ្ចប់កម្រិតសិក្សាអ្វីទាំងអស់ រីឯ ២៤,១% ទៀត បានរៀនត្រឹមបឋមសិក្សា ខណៈ ១០% បានរៀនដល់មធ្យមសិក្សាបឋមភូមិ និង ៤% រៀនបានមធ្យមសិក្សាទុតិយភូមិ។
ចំពោះស្ថានភាពសេដ្ឋកិច្ច និងការងារវិញ ជនជាតិដើមភាគតិចចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើប្រកបរបរក្នុងវិស័យកសិកម្ម គឺមានសរុបចំនួន ៩៣,៣% មានតិចតួចគឺ ១,៦% ធ្វើការក្នុងវិស័យឧស្សាហកម្ម និង ៥,១% បានបំរើការងារក្នុងវិស័យសេវាកម្ម។ ជាមួយគ្នានេះ បញ្ហាសុខភាព និង អនាម័យ គឺជនជាតិដើមភាគតិច ៥៣% ច្រើនសម្រាលកូនតាមផ្ទះ និង ៣៨% ទៅមន្ទីរពេទ្យ ខណៈ ៦% នៅមណ្ឌលសុខភាព។ ជាទូទៅជនជាតិដើមភាគតិច ៩៥% ឆ្នាំ២០១៣ មានលំនៅឋានខ្លួនឯងដោយពួកគេនៅបន្តប្រើប្រាស់ចង្កៀងប្រេងកាត និងអាគុយជាប្រភពភ្លើងបំភ្លឺ ខណៈអ្នកប្រើអគ្គិសនី ឬម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនមានចំនួន ២០,៦%។ ក្រៅពីនេះ ៩៥% នៃជនជាតិដើមភាគតិច នៅបន្តប្រើប្រាស់អុសជាថាមពលចម្អិន ហើយ ១ភាគ៣ នៃគ្រួសារពួកគេមានទូរទស្សន៍ប្រើ។ ដោយឡែកសម្ភារៈសម្រាប់ធ្វើដំណើរវិញគ្រួសារជនជាតិដើមភាគតិចជាង ៧៦% មានម៉ូតូប្រើ ២,២% មានរថយន្ត ជាង ៩% មានគោយន្ត ៧,៨% មានទូក និងជាង ៣៧% ប្រើកង់។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថា របាយការណ៍ជាតិស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា គឺជារបាយការណ៍សំខាន់ដែលរាជរដ្ឋាភិបាលសហការរៀបចំបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍ និងអភិរក្សដោយមិនទុកពលរដ្ឋខ្មែរណាម្នាក់ មិនទទួលសេវាអភិវឌ្ឍន៍ពីរដ្ឋឡើយ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិស្តីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គមសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច នៅកម្ពុជានេះ គឺបានផ្តល់នូវធាតុជាច្រើនដែលនឹងជួយជំរុញដល់ការដាក់ផែនការជាតិនានាការរៀបចំគោលនយោបាយ និងការលើកគម្រោងអភិវឌ្ឍន៍ និងអភិរក្ស លើកស្ទួយវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ជនជាតិដើមភាគតិចឱ្យបានល្អប្រសើរ ពិសសេស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមនានាទៀត ដល់ជនជាតិដើមភាគតិច៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


