តំបន់​​ទេសចរណ៍​​ ១១ កន្លែង បើ​បាន​ទៅ​លេង​ខេត្ត​កំពង់ចាម កុំ​រំលង​ឲ្យ​សោះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តំបន់​​ទេសចរណ៍​​ ១១ កន្លែង បើ​បាន​ទៅ​លេង​ខេត្ត​កំពង់ចាម កុំ​រំលង​ឲ្យ​សោះ​

បានផុស

នៅ

ជា​ខេត្ត​មួយ​មាន​ដង​ទន្លេ​មេគង្គ​ហូរកាត់ អំណោយ​ផល​សម្រាប់​វិស័យ​កសិកម្មជាមួយ​​វិសាលភាព​ទឹកដី​ធំ​ទូលាយ។​ ក្រៅពី​សក្តានុពលលើវិស័យ​កសិកម្ម ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ​នេះ ក៏​មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ជា​អតីត​រាជធានី​បុរាណ​នេះ មាន​​រមណីយដ្ឋាន​​ធម្មជាតិ និង​កែច្នៃ​ និង​ក៏​មាន​សេសសល់​សំណង់​ប្រាសាទ​បុរាណ​មួយ​ចំនួន ជា​តឹកតាង​បង្ហាញ​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ​របស់​ដូន​តា​ជំនាន់​មុន។

លោក ស៊ាន សុគុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​បាន​បង្ហាញ​ពី​​តំបន់​ទេសចរណ៍​មាន​នៅ​ខេត្ត​កំពង់ចាម​ ដែល​មាន​ ១១ កន្លែង ដែល​ភ្ញៀវអាច​ទៅ​កម្សាន្ត​បាន។ តំបន់ទេសចរណ៍​ទាំង ១១ កន្លែង​នៅ​ខេត្ត​កំពង់ចាម​មានទាំង​លក្ខណៈ​ធម្មជាតិ កែច្នៃ និង​បែប​វប្បធម៌​ប្រវត្តិសាស្រ្ត។

តាម​ឯកសារ​របស់​មន្ទីរទេសចរណ៍​ខេត្តកំពង់ចាម តំបន់ទេសចរណ៍ទាំង ១១ កន្លែង​មាន​ដូចជា៖

កសិ​ទេសចរណ៍​ថ្ម​ដា​ទឹក​ឆា

ស្ថិត​នៅ​ភូមិ​ថ្មដា ឃុំ​បឹងណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ចម្ងាយ​ប្រមាណ​៤២ គ.ម ពី​ទី​រួម​ខេត្ត និង​ចម្ងាយ ៨០០ម ពី​រមណីយដ្ឋាន​ទឹក​ឆា។ ​បង្កើត​ឡើង​នៅក្នុងឆ្នាំ២០០៧ ដំបូង​ឡើយ​គ្រាន់​តែ​ទីតាំង​ចិញ្ចឹម​ត្រី​តែ​ប៉ុណ្ណោះ ក្រោយ​មក​ម្ចាស់​កសិដ្ឋាន​បាន​រៀបចំ​កន្លែង​ចិញ្ចឹម​សត្វ​និង​ត្រី​សម្រាប់​បម្រើ​ជូន​ភ្ញៀវ​ទេសចរ ដែល​មាន​ដូចជា​ជ្រូកព្រៃ ក្ងោក​ប៉ៃលិន ​ក្រពើ​ អូទ្រីស ទោច ខ្លាឃ្មុំ មាន់ព្រៃ​ជាដើម។​

កោះ​ប៉ែន

កោះ​ប៉ែន គឺ​ជា​កោះធំ​មួយ​នៅ​កណ្តាល​ទន្លេមេគង្គ ភាគ​ខាងត្បូង​ក្រុង​កំពង់ចាម ចម្ងាយប្រហែល ៣គ.ម​ប៉ុណ្ណោះ​។ កោះប៉ែន​មាន​ទេសភាព​ស្រស់បំព្រង​គ្រប់​រដូវកាល​មាន​ឆ្នេរខ្សាច់​ស្អាតល្អ ដែល​ធ្វើឲ្យ​ភ្ញៀវ​ទេសចរពេញចិត្តទៅកម្សាន្ត និង​ងូតទឹកលេងនៅលើឆ្នេរខ្សាច់នារដូវប្រាំង និងទទួលទានអាហារ​ផងដែរ។

ប្រាសាទ​នគរ​បាជ័យ

ប្រាសាទ​នគរបាជ័យ​គឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​ស្ថិត​នៅ​ឃុំអំពិល ស្រុក​កំពង់សៀម ចម្ងាយ ២គ.ម ពី​ទី​រួម​ខេត្ត​កំពង់ចាម។ ប្រាសាទ​កសាង​ឡើង​នៅចុង​សតវត្សទី១២ និង​ដើម​សតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុង​រចនាបថ​បាយ័ន ហើយ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន។

ប្រាសាទ​ភ្នំ​ជើង​ព្រៃ

ប្រាសាទ​ភ្នំជើងព្រៃ គឺជារមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ស្ថិតនៅ​ភូមិគោករវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​ចម្ងាយ ៥៥គ.ម ពីក្រុងកំពង់ចាម នៅខាងកើត​ផ្សារ​ផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិ​លេខ​៦។

ភ្នំ​ប្រុស​ភ្នំ​ស្រី

ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុក​កំពង់សៀម ខាងលិចក្រុង​កំពង់ចាម​ចម្ងាយ ៧គ.ម ខាងជើងផ្លូវជាតិលេខ៧។ រមណីយដ្ឋាន​នេះ​មាន​រឿងរ៉ាវ​ជាប់ទាក់ទង​រឿងព្រេងបុរាណខ្មែរគឺរឿងភ្នំប្រុសភ្នំស្រី។ 

រមណីយដ្ឋាន​កែច្នៃ​នាគ​ខ្មៅ

រមណីយដ្ឋាន​នាគ​ខ្មៅ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បែកអន្លូង ឃុំអារក្សត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ចម្ងាយ ៥៩គ.ម ពី​ក្រុង​កំពង់ចាម​ ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​រមណីយដ្ឋាន​ភ្នំហាន់ជ័យ​ ហើយ​បន្ត​ដំណើរ​តាម​សាលាស្រុកស្ទឹងត្រង់ ឆ្ពោះទៅរមណីយដ្ឋាននាគខ្មៅ ស្ថិតនៅភូមិបែកអន្លូង នឹង​បាន​ឃើញរមណីយដ្ឋាននោះជាពុំខាន។

រមណីយដ្ឋាន​ទឹកឆា

រមណីយដ្ឋាន​ទឹកឆា​ ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មាន​ចម្ងាយ​ប្រហែល៤២គ.ម ​ពីទីរួម​ខេត្ត​កំពង់ចាម។ តំបន់នេះ​មានសក្តានុពល​ទាក់ទាញ​រួមមាន​ប្រាសាទបុរាណ និង​ធារាសាស្ត្រ​សម្រាប់​ស្រោចស្រព​ដីស្រែកសិកម្ម។ ភាគច្រើន​ភ្ញៀវទេសចរ​ទៅ​លេង​និយមទៅមុជទឹកថ្លាយង់​ ដែល​ហូរផុស​ចេញ​ពី​ប្រភព​ទឹក​នៅក្នុង​ដីពិតៗតែម្តង។

រមណីយដ្ឋាន​ទំនប់​តាកុដ

រមណីយដ្ឋាន​ទំនប់តាកុដ​មាន​ទីតាំងស្ថិតនៅ ព្រំប្រទល់​ខាងកើត​ជាប់​ភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចម្ងាយ  ៣២គ.ម ពីក្រុងកំពង់ចាម។ ទំនប់​កកើត​ឡើង​តាំងពី​សម័យប៉ុលពត នៅ​ចន្លោះ​ឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៨ ជា​អាង​ស្តុក​ទឹក ដើម្បីបំរើឱ្យវិស័យកសិកម្មក្នុងរបបនោះ។

រមណីយដ្ឋាន​បឹងធំ

រមណីយដ្ឋាន​បឹងធំ មានទីតាំងស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ចម្ងាយ ១៤គីឡូម៉ែត្រ​ពីទីរួម​ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានភាពទាក់ទាញបែបធម្មជាតិ សម្រាប់ទេសចរជាតិ និងអន្តរជាតិដែលមានបំណងចង់សម្រាកលំហែកាយ បន្ធូរអារម្មណ៍ពីការនឿយហត់ក្នុងការបំពេញការងារ។

ភ្នំហាន់ជ័យ

ភ្នំហាន់ជ័យ​ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មាន​ទីតាំងស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចំងាយប្រមាណជា ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យ​ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងមើលដំណាំ​តាមដងទន្លេមេគង្គ។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណដែលកសាង​នៅ​ដើម​សតវត្សទី០៦។

រមណីយដ្ឋាន​ឫស្សីហាន់ជ័យ

រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ បានបើកសម្ពោធជា​ផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅជាប់រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។

ពេលដែលបាន​ទៅដល់ ភ្ញៀវទេសចរអាចគយគន់ទេសភាពដងទន្លេមេគង្គ និង​ទស្សនា​​អគារ​ពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់។ រមណីយដ្ឋាននេះមានផ្តល់សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាលផងដែរ៕ 

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services