ធនាគារអេស៊ីលីដាភីអិលស៊ី សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំបើកសិក្ខាសាលាស្ដីពី «ឱកាសចំណេញក្នុងការវិនិយោគក្នុងវិស័យមូលបត្រ» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នាទីស្នាក់ការកណ្តាលធនាគារ ក្រោមអធិបតីភាព លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក ឈុន សម្បត្តិ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា។
សិក្ខាសាលានេះ ក៏មានការចូលរួមពីអ្នកនិយោគិន និងសាធារណជនជាច្រើនផងដែរ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ស្ដីពី «ឱកាសចំណេញក្នុងការវិនិយោគក្នុងវិស័យមូលបត្រ» លោកបណ្ឌិត អិុន ចាន់នី បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ លោកអ្នក នឹងបានយល់ដឹងកាន់តែច្បាស់ អំពីឱកាសចំណេញ ក្នុងការវិនិយោគនៅក្នុងវិស័យមូលបត្រ យុទ្ធសាស្ត្រ នៃការជួញដូរមូលបត្រ មូលដ្ឋានគ្រឹះ នៃការវិនិយោគមូលបត្រ បទប្បញ្ញត្តិបច្ចុប្បន្នភាព និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ ព្រមទាំងវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោកបានបន្តថា ទីផ្សារភាគហ៊ុនបច្ចុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងវិនិយោគិន។ ពិសេសជាងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលផ្តល់ឱកាសចំណេញយ៉ាងច្រើនដល់វិនិយោគិន តាមរយៈការវិនិយោគទៅលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានដាក់លក់នៅលើផ្សារមូលបត្រកម្ពុជា។ ដូច្នេះ អត្ថប្រយោជន៍ និងយុទ្ធសាស្ត្រ នៃការវិនិយោគមូលបត្រ នឹងបង្ហាញជូនតាមរយៈបទបង្ហាញរបស់វាគ្មិនកិត្តិយស មកពីគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។
លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានវិនិយោគិន និងសាធារណជន ជាច្រើន ចាប់អារម្មណ៍លើការវិនិយោគនៅក្នុងវិស័យមូលបត្រកម្ពុជា និងទាំងចំនួនវិនិយោគិន និងទំហំជួញដូរមូលត្រនៅផ្សារមូលបត្រកម្ពុជា នឹងមានការកើនឡើងជាលំដាប់ បន្ទាប់ពីបញ្ចប់អង្គសិក្ខាសាលានេះ។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន វិនិយោគិន និងសាធារណជន ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលា ស្តីពី« ឱកាសចំណេញក្នុងការវិនិយោគលើមូលបត្រ»។
លោក ឈុន សម្បត្តិ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការយល់ដឹងពីផ្សារហ៊ុននេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមនៅក្នុងផ្សារហ៊ុននេះ ដើម្បីឲ្យដឹងពីវិធីសាស្ត្រក្នុងការជួញដូរទីផ្សារភាគហ៊ុន ធ្វើយ៉ាងណាឲ្យទទួលបានផលចំណេញ។
លោកបានបន្តថា «ទោះមានឱកាសប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែ ប្រសិនបើយើងមិនមានការយល់ដឹង ក៏មិនអាចបាននូវផលប្រយោជន៍ពីឱកាសនោះដែរ។ អីចឹងថ្ងៃនេះ ជាឱកាសល្អដែលវិនិយោគិន និងសាធារណជនដែលបានចូលរួមនេះ ដើម្បីស្រូបយកនូវការយល់ដឹង ពាក់ព័ន្ធនឹងដំណើរការទីផ្សារនិងក្របខណ្ឌ នៃទីផ្សារហ៊ុន»។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដាភីអិលស៊ី បានចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធ្វើឲ្យធនាគារអេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រ ទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើទីផ្សារមូលបត្រ៕