ព័ត៌មានជាតិ
រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក្រុងពាលីក្រោមអធិបតីភាព សម្តេចតេជោ និងកូនៗទាំង៤
ភ្នំពេញ៖ ទីបំផុតខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការហើយ នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រោមអធិបតិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបុត្រាបុត្រីទាំង៤រូប។

ពិធីក្រុងពាលី រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នេះបានប្រព្រឹត្តធ្វើឡើងនៅ ទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះតារាប្រុសស្រីចាស់ក្មេងល្បីៗជាច្រើនរូបក៏បានបង្ហាញវត្តនៅ ក្នុងពិធីនេះដែរ។
ចំពោះវត្តមានកូនប្រុស-ស្រីទាំង៤របស់សម្តេចតេជោរួមមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ ទូរទស្សន៍បាយ័ន។

រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌រមី” នឹងត្រូវថតជាខ្សែភាពយន្តភាគ ដែលនឹងត្រូវលក់ទៅ ឱ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” កន្លងមកត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅ កម្ពុជា។
រឿងនេះជា រឿងនិទានបែបប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ដោយសារដំណើររឿង នៃខ្សែភាពយន្តនេះមានលក្ខណៈប្រវត្តិសាស្ត្រ កម្រិតថ្នាក់ជាតិ ជាប្រវត្តិ នៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចតេជោ បានសម្រេចឱ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្ត នេះឡើងកាលពី ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១។ ទោះជាខ្សែភាពយន្តនេះ ផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការ មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ ខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។
សមាសភាព គណៈកម្មការទាំង ១៤ រូប សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។ ម្យ៉ាងទៀត សមាសភាពនេះតែងទទួលបានការគាំទ្រពីសាធារណជននូវរាល់ស្នាដៃទាំងឡាយដែលធ្លាប់បានផលិតឡើងកាលពីពេលកន្លងមក។ គណៈកម្មការ នេះ ដើមឡើយដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានស្នាដៃក្នុងការផលិតខ្សែភាពយន្តជាច្រើន។ ប៉ុន្តែ លោក បានទទួលមរណភាព ដោយសារ ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។

នៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រចកែសម្រួល សមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ផលិតភាពយន្តភាគនេះ ដោយមាន លោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និង ដឹកនាំរឿង ជាអនុប្រធាន និង មានទីប្រឹក្សាសមាជិក ចំនួន ១៣ នាក់ផ្សេងទៀត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?