Connect with us

ព័ត៌មានជាតិ

ADB នឹងអនុម័តគម្រោង”ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព”នៅឆ្នាំ២០២២លើថវិកា ១០០លានដុល្លារ

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) ADB បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកប​ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា ថ្លែងប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ នៅក្នុងជួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព កាលពីរសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anthony Gill បានថ្លែងថា គោលបំណងនៃជំនួបនេះ គឺដើម្បីសង្ខេបជូនអំពីវឌ្ឍនភាពទាក់ទងនឹងការរៀបចំកសាងគម្រោង, ធ្វើបច្ចុប្បន្នភាពដោយសង្ខេបអំពីវឌ្ឍនភាពលើគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតរបស់ ADB ជាមួយ ក្រសួង និងស្វែងរកការណែនាំ និងទស្សនៈវិស័យនៃការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចិរភាព ដើម្បីងាយស្រួលក្នុងការធ្វើកិច្ចសហប្រតិបត្តិការបន្ត និងដាក់ចេញនូវទិសដៅនាពេលអនាគតរបស់ ADB ជាមួយក្រសួង ជាពិសេសលើវិស័យជលផល។

ចំណែកគម្រោងថ្មីស្តីពី “ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកប​ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ដែលនឹងអនុម័តនៅឆ្នាំ ២០២២នោះ លោក Anthony Gill បានថ្លែងថា គម្រោងនេះ នឹងជួយវិស័យជនផលក្នុងការ លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ។​ កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។ ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ADB ដែលបាននិងកំពុងតែបន្តគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានឥតសំណង និងសម្បទានសម្រាប់អនុវត្តគម្រោងនានា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលគម្រោងកម្មវិធីទាំងនោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន។ ក្នុងនោះក៏មានអនុវិស័យវារីវប្បកម្មផងដែរ ក្នុងការធានាបាននូវនិរន្តរភាពបរិស្ថាន សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ធន់នឹងការប្រែ ប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ចំពោះគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ហើយរដ្ឋបាលជលផល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាភ្នាក់ងារអនុវត្ត។

នាឱកាសនេះផងដែរ ភាគីទាំងពីរក៏បានលើកយកប្រធានបទស្តីពី “ការធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម ” ដើម្បីលើកកម្ពស់សមត្ថភាពវិគាគ និងពិសោធន៍លើរាល់ផលិតផលកសិកម្ម មុនធ្វើការនាំចេញ និងពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលនៅលើទីផ្សារ។ ចំពោះការអនុវត្តគម្រោង ភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំពង្រឹងកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម