Connect with us

ព័ត៌មានជាតិ

លោក ណុប ចាន់ណារិន្ទ ជំរុញឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បន្តប្រឹងប្រែងបម្រើសេចក្ដីត្រូវការ របស់ពលរដ្ឋ

បានផុស

នៅ

លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានជំរុញឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បន្តកិច្ចប្រឹងប្រែង ដើម្បីបម្រើនូវសេចក្ដីត្រូវការរបស់ពលរដ្ឋទាន់ពេលវេលា តាមដែលអាចធ្វើបាន។ ការលើកឡើងនេះ ខណៈលោក ណុប ចាន់ណារិន្ទ បានដឹកនាំប្រជុំមួយ តំណាងឲ្យលោក ស៊ាន វិសុទ្ធ ប្រធានក្រុមការងារគណបក្ស ចុះជួយសង្កាត់ កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី ១។

ក្នុងនាមអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ផ្សារថ្មីទី ១ លោក ណុប ចាន់ណារិន្ទ បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមាជិក-សមាជិកាគណបក្សសង្កាត់ ដែលបានសហការបំពេញការងារជូនប្រជាជន និងបម្រើនូវប្រយោជន៍សាធារណៈ ឲ្យបានល្អប្រសើរ ទាំងការងារសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ និងដោះស្រាយសេវាសាធារណៈ បានទាន់ពេលវេលា។

អង្គប្រជុំ បានស្តាប់របាយការណ៍របស់លោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់ស្តីទី និងស្តាប់របាយការណ៍បច្ចុប្បន្នភាព របស់ប្រធានបក្សភូមិទាំង ១១ ក៏ដូចជាសំណូមពរជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងបានស្តាប់បទអន្តរាគមន៍ របស់លោក សុខ កិមហេង និងលោកស្រី ប៉ុន ដានី អនុប្រធានក្រុមការងារគណបក្ស ចុះជួយសង្កាត់ផ្សារថ្មីទី ១ ដោយបានធ្វើការវាយតម្លៃ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួន សម្រាប់តួនាទីភារកិច្ចដែលជាគោលដៅសំខាន់ៗ ក្នុងន័យបម្រើប្រជាជន ឲ្យបានកាន់តែប្រសិទ្ធិភាព និងកាន់តែលឿន បង្កើនជំនឿជឿជាក់ដល់ប្រជាជនដោយស្មោះត្រង់ ស្របតាមទិសស្លោកមួយពោលថាៈ នៅឲ្យប្រជាជនស្រឡាញ់ ចាកចេញទៅឲ្យប្រជាជនរលឹក។

ជាមួយគ្នានេះលោក សុខ កឹមហេង និងលោកស្រី ប៉ុន ដានី បានសំណូមពរធ្វើបច្ចុប្បន្នភាព លើកិច្ចសហការពីក្រុមការងារគណបក្ស ដើម្បីជួយឧត្ថម្ភដល់សកម្មជនគណបក្សនៅមូលដ្ឋាន ទៅតាមសំណូមពរ និងតម្រូវការជាក់ស្តែង។

លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់ផ្សារថ្មីទី ១ បញ្ជាក់ថាៈ នឹងធ្វើរបាយការណ៍ ស្តីពី កិច្ចប្រជុំពេលនេះ ដាក់ជូនលោក ស៊ាន វិសុទ្ធ ប្រធានក្រុមការងារដើម្បីពិនិត្យ និងរៀបចំប្រតិទិនសម្រាប់ឆ្ពោះយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់-ឃុំ នាខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។

លោក ណុប ចាន់ណារិន្ទ បានជំរុញឲ្យគណបក្សសង្កាត់ ដោយមានសាខាបក្សភូមិទាំង ១១ផងនោះ ត្រូវធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ឲ្យបានច្បាស់លាស់ ដើម្បីកំណត់បានថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹក ដ៏មានតម្លៃបំផុត៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម