Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ជ្រើសរើសយក«ដូងខ្ទិះបាត់ដំបង»ចុះបញ្ជីសម្គាល់ម៉ាកសមូហភាពរបស់ខេត្តបាត់ដំបង

បានផុស

នៅ

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្នុងការសម្របសម្រួលរៀបចំប្រជុំ ដោយបានអញ្ជើញភាគីពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សាលម្អិតជាមួយគ្នាអំពីទិសដៅ សកម្មភាព និងកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាបំពេញ ដើម្បីអាចឈានដល់ការចុះបញ្ជី ដូងខ្ទិះបាត់ដំបង ជាម៉ាកសមូហភាព និងធានានិរន្តភាព ក៏ដូចជារក្សាបាននូវអត្ថប្រយោជន៍ដល់សមាជិកគ្រប់រូប និងរួមចំណែកផ្សព្វផ្សាយអំពី ទំនៀម ទំលាប់ វប្បធម៌ ប្រពៃណីក្នុងតំបន់ តាមរយៈម៉ាកសមូហភាព។ លោកថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មជ្រើសរើសយក ដូងខ្ទិះបាត់ដំបង ដើម្បីចុះបញ្ជីម៉ាកសមូហភាពនៅពេលខាងមុខ។

ការជ្រើសរើសយក ដូងខ្ទិះបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីម៉ាកសមូសហភាព គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការទាញប្រយោជន៍ជាអតិបរមាពីផលិតផលសក្តានុពលរបស់ខេត្តនីមួយៗ ដោយជំរុញផលិតកម្មកសិកម្មទៅជាកសិពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់បរិមាណច្រើន លើកកម្ពស់កសិឧស្សាហកម្មដោយជំរុញការកែច្នៃដើម្បីផ្តល់នូវតម្លៃបន្ថែមខ្ពស់ និងពិពិធកម្មទំនិញច្រើនមុខពីផលិតផលគោលមួយមុខ (ឧទាហរណ៍ដូចជាកែច្នៃដូងខ្ទិះទៅជាផលិតផលកំប៉ុង ដែលអាចរក្សាទុកបានយូរ និងងាយស្រួលនាំចេញ) និងកែច្នៃតំបន់ផលិតកម្មដាំដុះទៅជាគោលដៅទេសចរណ៍បែបកសិទេសចរណ៍ ដើម្បីបង្កើនការងារ និងចំណូលបន្ថែមដល់ប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការអភិវឌ្ឍវិស័យទាំងនេះ ជាកត្តាមួយមិនអាចខ្វះបាន គឺការកសាងកេរិ៍្តឈ្មោះផលិតផលលើទីផ្សារដែលអតិថិជនងាយកត់សម្គាល់ និងការកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីការពារកម្មសិទិ្ធបញ្ញាស្របច្បាប់របស់ម្ចាស់សិទ្ធិដែលអាចជាបុគ្គលឯកជន ក្រុមហ៊ុន ឬសមាគមក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាក់លាក់ណាមួយ ដូចជា ការប្រើប្រាស់ម៉ាកសមូហភាពជាដើម។

កំណើននៃផលិតផលលើទីផ្សារកាន់តែសម្បូរបែបទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូល ចំនួននៃការចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានកើនដល់ប្រមាណ១០ម៉ឺនម៉ាក ដែលឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃម៉ាកសម្គាល់ផលិតផល ។

ក្រសួងពាណិជ្ជកម្ម ក្នុងការងារអភិឌ្ឍ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្តានុពលក្នុងស្រុកសំដៅដល់ការធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់ផលិតផលកម្ពុជា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម កំពុងធ្វើការយ៉ាងជិតស្និត និងដោយយកចិត្តទុកដាក់បំផុតក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្ម សមាគម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បី ជំរុញ ផ្សព្វផ្សាយ អភិវឌ្ឍអាជីវកម្ម និងផលិតផល របស់ខ្លួនតាមរយៈ គម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពល ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។

ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសមូហភាព “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបញ្ជីបន្ថែមនូវម៉ាកសមូហភាព ដូចជា ៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” និង “នំបញ្ចុកសៀមរាប” ។

ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាពនាពេលកន្លងមក បានធ្វើឱ្យផលិតកម្ពុជាជាច្រើនបានឈានចូលទៅទីផ្សារបរទេស និងមានឈ្មោះល្បីជាខ្លាំង ដូចជា ម្រេចកំពត គុយទាវភ្នំពេញ និងស្ករតោ្នតកំពង់ស្ពឺ។ ផលិតផលទាំងនេះ មិនត្រឹមតែទទួលបាននូវថ្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយផលិតផលដែលរួមចំណែកផ្សព្វផ្សាយនូវ សក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទំលាប់ប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

ជាក់ស្តែង នៅក្នុងពិព័រណ៍ពិភពលោកនៅ ឌុយបៃសហភាពអារ៉ាប់រួមដែលលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកាលពីខែកន្លងទៅ ប្រទេសកម្ពុជាបានរៀបចំកម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញដែលជាម៉ាកសមូហភាព ដើម្បីបង្ហាញជូនតំណាងប្រទេស និងអង្គការអន្តរជាតិប្រមាណ៥០ ដើម្បីស្វែងយល់ពីវប្បធម៌ម្ហូបអាហាររបស់ប្រជាជនកម្ពុជា។

ដើម្បីរួមចំណែកធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ច លើកកម្ពស់សកម្មភាពធុរកិច្ច លើកកម្ពស់ការចូលរួមក្នុយន្តការទីផ្សារ បង្កើតការងារឱ្យបានកាត់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ស្រទាប់យុវជនក្នុងគោលបំណងរួមចំណែកស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ដែលរងប៉ះបាល់ដោយវិបត្តិកូវីដ១៩ និងសម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រឱ្យសិ្ថតនៅក្នុងអត្រាទាបជាង ១០ភាគរយ។ ដោយមើលឃើញពីលក្ខណៈពិសេសនៃដូងខ្ទិះបាត់ដំបង និងសក្តានុពលនៃការផ្សារភ្ជាប់ផលិតផលនេះ ជាមួយទីផ្សារដែលជាការចូលរួមបង្កើនចំណូលប្រជាពលរដ្ឋមូលដ្ឋាន ហើយដូងខ្ទិះបាត់ដំបងអាចជាសក្តានុពលក្នុងស្រូបទាញការវិនិយោគផ្នែកឧស្សាហកម្មចំណីអាហារ ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមនូវគម្រោងកសាងម៉ាកសមូហភា “ដូងខ្ទិះបាត់ដំបង” ក្នុងគោលបំណង

កសាងជាម៉ូដែលអាជីវកម្មថ្មីមួយ, បង្កើតម៉ាកសម្គាល់ច្បាស់លាស់ ដែលបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើសរបស់អ្នកបរិភោគ , ចុះបញ្ជីការពារក្នុងកម្រិតជាតិ , ប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រជែងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ, លើកកម្ពស់ និងអភិរក្សចំណេះជំនាញ,  លើកកម្ពស់ និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ម៉ាកសមូហភាព ”ដូងខ្ទិះបាត់ដំបង” ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម