Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បកស្រាយ​ពាក្យ​ថា “​អរគុណ​សន្តិភាព​” ក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​សមិទ្ធផល គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន

បានផុស

នៅ

ការ​លើក​ឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ខណៈ​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​សមិទ្ធផល គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​១ និង​ការបើក​គម្រោង​ថ្មី​ដំណាក់កាល​ទី​២ ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២២​នេះ នៅ​ស្រុក​សំ​ទ្បូ​ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ពន្យល់ថា “​អរគុណ​សន្តិភាព​” គឺ​មានន័យថា ជាការ​ប្រែក្លាយ​ពី​ស្ថានភាព​សង្គ្រាម ដែល​បង្ក​នូវ​វិនាសកម្ម និង​សោ​កដ​នា​កម្ម​ដល់​ប្រជាពលរដ្ឋ ឱ្យទៅជា​ស្ថានភាព​ភាព​នៃ​ការរស់រានមានជីវិត និង​ភាព​សកម្ម​រស់​រវើក ទាំង​ផ្នែក​សេដ្ឋកិច្ច​-​សង្គម ដែល​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការរីកចម្រើន​រុងរឿង​ថ្កើ​ន​ថ្កាន​ដល់​ជាតិ និង​ប្រជាជន​។ ជាក់ស្តែង​នៅក្នុង​ស្រុក​សំឡូត​នេះ​ផ្ទាល់ ដែល​ធ្លាប់​ឆ្លងកាត់​ផ្ទាល់​នូវ​ដំណាក់កាល នៃ​ប្រវត្តិសាស្ត្រ ដែល​ពោរពេញ​ដោយ​ការបំផ្លិចបំផ្លាញ និង​វិនាសកម្ម​បង្កឡើង​ដោយ​សង្គ្រាម ប៉ុន្តែ​សព្វថ្ងៃ​តំបន់​អតីត​សមរភូមិ​មួយ​នេះ ដែល​ពីមុន​ពោរពេញ​ដោយ​ផ្ទៃដី​ចម្ការមីន​ដ៏​គ្រោះថ្នាក់ បាន​ប្រែ​មុខមាត់ និង​ក្លាយ​មកជា​តំបន់​អភិវឌ្ឍ​ប្រកបដោយ​សក្តានុពល ហើយ​ប្រជាពលរដ្ឋ​អាច​រស់នៅ និង​ប្រកបការងារ​គ្រប់​មុខរបរ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រកបដោយ​សេចក្តីសុខ​សុភមង្គល​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា សមិទ្ធផល ដែល​យើង​កំពុង​ចូលរួម​អបអរសាទរ​នាពេលនេះ គឺ​មិនអាច​កើតមានឡើង​ដោយ​ចៃដន្យ​នោះឡើយ ពិតណាស់​ទាំងនេះ គឺជា​ពរជ័យ​នៃ​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ទឹកដី ដោយ​ក្នុងដំណាក់កាល​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យក​ជីវិត​ជាដើម​ទុន​អញ្ជើញ​ចុះមក​ផ្ទាល់​នៅក្នុង​តំបន់​សំឡូត​នេះ​ក្នុង​ឆ្នាំ​១៩៩៦ ដើម្បី​ធ្វើយ៉ាងណា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខ្មែរ និង​ផ្តល់​ភាពសុខសាន្ត​ជូន​ប្រជាជន​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​រហូតមក ទាំង​ការចូលរួម​ក្នុង​ដំណើរការ​ស្វែងរក និង​ថែរក្សា​សន្តិភាព ព្រមទាំង​ការស្តារ និង​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​ការខិតខំ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​វិស័យ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដើម្បី​លុបបំបាត់​ការគំរាមកំហែង ផ្តល់​ក្តីសង្ឃឹម និង​កសាង​ទ្បើង​វិញ​នូវ​អនាគត​ដ៏​រុងរឿង​របស់​ប្រជាជន​កម្ពុជា​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ត្រេកអរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំ​ទ្បូ​ត ក៏ដូចជា​ប្រជាជន​យើង​នៅ​ទូទាំង​ខេត្តបាត់ដំបង​ប៉ៃលិន និង​ពោធិ៍សាត់ ចំពោះ​ការទទួលបាន​នូវ​សមិទ្ធផល​ក្រោម​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​ចំនួន​០៤ គម្រោង​ក្នុងដំណាក់កាល​ទី​១​នេះ ដែល​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២២​នេះ ដែល​ក្នុងនោះ​រួមមាន​៖

​ទី​១, ការរំដោះ​ផ្ទៃដី​ចម្ការមីន គ្រាប់​បាន​ចំនួន​ជាង​០២ ម៉ឺន​ហិកតា ដោយ​កម្ទេច​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ប្រមាណ​ជាង​១២ ម៉ឺន​គ្រាប់​។

​ទី​២, ការឆ្លើយតប​នឹង​សំណើ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​បាន​ប្រមាណ​ជាង​៥​ពាន់​សំណើ និង​បានផ្តល់​ការអប់រំ​យល់ដឹង​អំពី​មីន​ដល់​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង​២៩ ម៉ឺន​នាក់​។​

​ទី​៣, ការសាងសង់​ផ្លូវ​ជនបទ​ចំនួន​៣២ ខ្សែ មាន​ប្រវែង​សរុប​ប្រមាណ​១១៥ គី​ទ្បូ​ម៉ែត្រ​, សំណង់​បង្ហូរទឹក​គ្រប់​ប្រភេទ​បាន​ចំនួន​២១៩​កន្លែង​, ស្រះ​ទឹក​សហគមន៍​ចំនួន​០៥​កន្លែង​, ស្ពានបេតុង​ចំនួន​០៥ កន្លែង​, ផ្សារ​សហគមន៍​០១ កន្លែង និង​ជួយ​រៀបចំ​ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤៩៤ ហិកតា​។

ទី​៤, ប្រជាពលរដ្ឋ​បាន​ទទួលផល​ផ្ទាល់ និង​ប្រយោល​ពី​គម្រោង​ទាំង​០៤ នេះ មាន​ចំនួន​ជិត​១៣ ម៉ឺន គ្រួសារ​ស្មើ​នឹង​ជិត​៤៧ ម៉ឺន​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម