Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ព​ន្លឿ​ន​ការ​ចរចា​ដោះស្រាយ​បញ្ហា​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន (JBC) កម្ពុជា​-​ឡាវ ព​ន្លឿ​ន​ការចរចារ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្សែ​ព្រំដែន​ពុំ​ទាន់​ខណ្ឌសីមា ដែល​នៅ​សេសសល់​ចំនួន​១៤ ភាគរយ តាម​ការឯកភាពរ​វា​ង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ និង​ការពិភាក្សា​លើ​សេចក្តីព្រាង​សន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន ដែល​បាន​ឯកភាពគ្នា​រួចហើយ​ចំនួន​៨៦ ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​របស់​ប្រមុខ​កា​ទូត​កម្ពុជា បានធ្វើ​ឡើងខណៈ​លោក​អនុញ្ញាតិ​ឲ្យ​លោក បួរ​កែវ ភូមិ​វង្ស​សៃ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូត​ថ្មី​ឡាវ​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២​នេះ​។​

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ ក្រោម​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ សាមគ្គី​ភាពជា​ភាត​រៈ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង និង​គ្រប់​ជ្រុងជ្រោយ និង​បាន​លើកទឹកចិត្ត​ឱ្យ​ជំរុញ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ កា​រត​ភ្ជាប់ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ លោក​ក៏បាន​រំលឹក​ឡើងវិញ​ផងដែរ អំពី​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត កាលពី​ឆ្នាំ​២០២១ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ប្រកបដោយ​ជោគជ័យ​របស់​នាយករ​ដ្ឋ​មន្ត្រី​ឡាវ លោក ផន​ខាំ វី​ផា​វ៉ាន់ និង​រដ្ឋមន្ត្រីការបរទេស សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត មកកាន់​កម្ពុជា នាពេល​កន្លងមក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​។

​លោក Buakeo Phumvongsay បាន​ពាំនាំ​នូវ​ការថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​របស់​រដ្ឋាភិបាល និង​ប្រជាជន ឡាវ ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង​ចំនួន​៧០០.០០០ ដូ​ស សម្ភារៈ​ពេទ្យ រថយន្ត និង​ថវិកា សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា និង​បាន​គូសបញ្ជាក់​ពី​ការគាំទ្រ​របស់​ឡាវ​ចំពោះ​ការខិតខំ​នេះ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ចម្រុះ​កម្ពុជា​-​ឡាវ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (JCBC) ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែកក្កដា ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម