ព័ត៌មានជាតិ
មន្ត្រីសង្គមកិច្ច៖ អំពើហិង្សាយេនឌ័រ គឺជាការរំលោភបំពានលើសិទ្ធិមនុស្ស
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អំពើហិង្សាទាក់ទងយេនឌ័រ គឺជាការរំលោភបំពានលើសិទ្ធិមនុស្សហើយមានផលប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងអាយុជីវិតរបស់ជនរងគ្រោះ។
ថ្លែងបើកវគ្គបណ្ដុះបណ្ដាលបទដ្ឋានអប្បបរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជារងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្នុងការគ្រប់គ្រងភាពតានតឹងនៅសណ្ឋាគារ សាន់វ៉េ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា អំពើហិង្សាយេនឌ័រ គឺជាអំពើហិង្សាដែលបង្កឡើងលើជនណាម្នាក់ដោយសារតែយេនឌ័ររបស់ពួកគេរួមបញ្ចូលទាំងទង្វើហិង្សាដែលបង្កឲ្យជនរងគ្រោះទទួលគ្រោះថ្នាក់ផ្នែករាងកាយ
ផ្លូវភេទ និងផ្លូវចិត្ត។

លោករដ្ឋលេខាធិការបានបន្តថា «យើងទាំងអស់គ្នាដឹងហើយថា អំពើហិង្សាទាក់ទងយេនឌ័រគឺជាការរំលោភបំពានលើសិទ្ធិមនុស្សហើយមានផលប៉ះពាល់ដល់ភាពថ្លៃថ្នូរនិងអាយុជីវិតរបស់ជនរងគ្រោះ»។ លោករដ្ឋលេខាធិការបានបន្តទៀតថា ក្នុងន័យនេះការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីដំណើរការ និងកត្តាកៀគរសហគមន៍ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាពទាន់ពេលវេលាគឺជាតម្រូវការចាំបាច់បំផុតព្រោះថាគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយអំពើហិង្សាត្រូវបានបាត់បង់អត្ថប្រយោជន៍ជាច្រើនពិសេសទាក់ទិននឹងទំនាក់ទំនងគ្រួសារ។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថាដូចនេះការបង្កើនទំនុកចិត្តលើខ្លួនឯងសម្រាប់ស្ត្រីនិងក្មេងស្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សា ភាពរួបរួមក្នុងគ្រួសារ និងការជឿទុកចិត្ត គឺជាកាលានុវត្តភាពដែលធ្វើឱ្យប្រសើរឡើងនូវការបង្កើនការចូលរួមជីវិតក្នុងសហគមន៍ប្រកបដោយ វឌ្ឍនភាពនិងការអភិវឌ្ឍសហគមន៍។
លោក ខុនន័រ ហ្វយ លេខាទី២នៃស្ថានទួតអូស្ត្រាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថាស្ត្រីពិការមានលទ្ធភាពទទួលរងអំពើហិង្សាច្រើនជាងស្ត្រីដែលគ្មានពិការភាពដល់ទៅបីដងហើយពួកគេភាគច្រើនមិនបានស្វែងរកការគាំទ្រ ឬរាយការណ៍ករណីរំលោភបំពានដោយសារបញ្ហាប្រឈមដូចជា ខ្វះទំនុកចិត្តលើខ្លួនឯងខ្វះការគាំទ្រពីសមាជិកគ្រួសារ ឬសមាជិកសហគមន៍កង្វះព័ត៌មានអំពីសេវាកម្មដែលមាន ឬកង្វះលទ្ធភាពប្រើប្រាស់សេវាទាំងនេះ។

លោកបានបន្តថា នៅពេលដែលការងាររបស់អ្នកផ្តោតលើពិការភាពអ្នកអាចជួបប្រទះស្ថានភាពរបស់ស្ត្រីរងគ្រោះដោយអំពើហិង្សា។ ភាគច្រើនមិនមែនជាតួនាទីរបស់អ្នកក្នុងការគ្រប់គ្រងបញ្ហាទាំងនេះទេប៉ុន្តែវគ្គបណ្តុះបណ្តាលនេះអាចជួយអ្នកក្នុងការកំណត់បញ្ហាដែលពួកគេប្រឈមមុខព្រោះវាច្រើនតែមិនបានកត់សម្គាល់។ អាចស្តាប់បញ្ហារបស់ពួកគេដោយមិនវិនិច្ឆ័យ និងគោរពសិទ្ធិឯកជន និងសិទ្ធិរបស់ពួកគេនិងណែនាំពួកគេទៅកាន់អ្នកផ្តល់សេវាដែលពាក់ព័ន្ធ។លេខាទី២ស្ថានទួតអូស្ត្រាលីបានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែក និងស្វែងយល់ពីគ្នាទៅវិញទៅមកអំពីភាពជោគជ័យ និងបញ្ហាប្រឈមក្នុងការធ្វើការជាមួយស្ត្រី និងកុមារីដែលមានពិការភាពហើយលោកជឿថាការរៀនសូត្រចាប់ពីបីថ្ងៃខាងមុខនេះ នឹងជម្រុញសកម្មភាពជាក់ស្តែងដែលអ្នកអាចអនុវត្តក្នុងការងាររបស់អ្នក៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


