Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងសង្គមកិច្ចជំរុញឱ្យសង្គមបង្កើនការចូលរួមគាំទ្របន្ថែមចំពោះជនមានជំងឺអូទីស្សឹមនៅកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យក្រសួងស្ថានប័ន និងវិស័យឯកជននានាចូលរួមបង្កើនការចូលរួមគាំទ្របន្ថែមទៀតដល់ជនមានជំងឺអូទីស្សឹមនៅកម្ពុជា ខណៈបច្ចុប្បន្ននេះពួកគេកំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងក្រុមគ្រួសារ និងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ការវិភាគស្ថានភាពជនមានអូទីស្សឹមនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះនៅសណ្ឋាគារហ៊ីម៉ារ៉ារី លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានឱ្យដឹងថា បច្ចុប្បន្ននេះជនមានអូទីស្សឹម និងក្រុមគ្រួសាររបស់ពួកគេមានបញ្ហាប្រឈមមួយចំនួនចំពោះដូចជាគម្លាតរវាងគោលនយោបាយដែលបានដាក់ចេញ
និងការអនុវត្តជាក់ស្តែងដើម្បីជាឧត្តមប្រយោជន៍ដល់ជនមានពិការភាពជាពិសេសជនមានអូទីស្សឹម នៅតែមានកម្រិតនៅឡើយ។ ការយល់ដឹងអំពីស្ថានភាពជនមានអូទីស្សឹមនិងតម្រូវការរបស់ពួកគេ ទាំងក្នុងចំណោមប្រជាជនទូទៅ
និងអ្នកពាក់ព័ន្ធផ្សេងៗមិនទាន់មានភាពទូលំទូលាយ ។

លោករដ្ឋលេខាធិការបានបន្តថា ចំណែកសាលាឯកទេសទាំងក្នុងវិស័យរដ្ឋ និងឯកជនដែលផ្តល់ការគាំទ្រដល់កុមារមានអូទីស្សឹម នៅមានចំនួនតិចតួចហើយភាគច្រើនស្ថិតនៅក្នុងតំបន់ទីក្រុងទីប្រជុំជនប៉ុណ្ណោះដែលកំពុងប្រតិបត្តិការផ្តល់
សេវាអប់រំដែលមានចំណេះដឹងច្បាស់លាស់អំពីអូទីស្សឹមហើយការយល់ដឹងរបស់គ្រូបង្រៀនរួមទាំងវិធីសាស្រ្តនិងឧបករណ៍សមស្របក្នុងការបង្រៀនដល់កុមារមានអូទីស្សឹមនៅមានកង្វះខាតនៅឡើយដែលបញ្ហានេះនាំឱ្យសាលាមួយចំនួនមានការស្ទាក់ស្ទើរក្នុងការទទួលចុះឈ្មោះឱ្យពួកគេបានចូលរៀន។ រីឯការទទួលបានសេវាសុខភាព និងស្តារលទ្ធភាពពលកម្មភាគច្រើនអាចរកបានតែនៅក្នុងតំបន់ទីក្រុងមួយចំនួនប៉ុណ្ណោះ។

លោករដ្ឋលេខាធិការបានបន្តទៀតថា បន្ថែមលើបញ្ហាប្រឈមដែលរៀបរាប់ខាងលើរាជរដ្ឋាភិបាលក៏មានការព្រួយបារម្ភ
ទាក់ទងនឹងបញ្ហាកេរ្តិ៍ដំណែលគ្រួសារដែលមានជនមានអូទីស្សឹម។ លោករដ្ឋលេខាធិការបានបន្ថែមថា « ចំណោទត្រង់ថា តើជនមានអូទីស្សឹមអាចពឹងផ្អែកលើអ្នកណានៅពេលឪពុកម្តាយឬក្រុមគ្រួសារបោះបង់ចោល ឬទទួលមរណៈភាពព្រោះយើងមិនទាន់មានមជ្ឈមណ្ឌលក្នុងបន្តជួយគាំទ្រពួកគេនៅឡើយ»។

លោករដ្ឋលេខាធិការបានស្នើដល់ក្រសួងស្ថាប័នលើវិស័យអប់រំ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជនពង្រីកការផ្តល់សេវាអប់រំដោយបរិយាបន្នថ្នាក់អប់រំពិសេសក្នុងសាលារបស់ខ្លួនរួមទាំងឧបករណ៍បង្រៀនដើម្បីកុមារអូទីស្សឹមទទូលបានការអប់រំដូចបានចែងក្នុងច្បាប់ស្តីពីការអប់រំច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនដែលមានអូទីស្សឹមដើម្បីពួកគេមានជំនាញជាទុនក្នុងការរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ពេលមិនមានក្រុមគ្រួសារ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ខេត្តដែលមានមណ្ឌលស្តារគួរពិចារណារៀបចំកម្មវិធីស្តារលទ្ធពលកម្ម ស្តារផ្នែកវេជ្ជសាស្ត្រ ចល័តគ្របដណ្តប់ដល់ខេត្តមិនទាន់មានមណ្ឌលស្តារដើម្បីជនមានអូទីស្សឹមទទួលបានការថែទាំសុខភាពនិងស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាពនិងជំរុញការយល់ដឹងពីស្ថានភាពអូទីស្សឹម តាមរយៈទិវាជាតិអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម ដល់ក្រសួងស្ថាប័ន អាជ្ញាធរដែនដីសហគមន៍មូលដ្ឋាន សាលារៀន និងក្រុមគ្រួសារ
ដើម្បីពួកគេអាចផ្តល់សេវាស្របតាមតម្រូវការនិងប្រសិទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានស្នើក្រសួងស្ថាប័ន វិស័យឯកជនដែលមិនទាន់បានបង្គ្រប់ការជ្រើសរើសជនមានពិការភាពចូលបម្រើការងារតាមកូតាកំណត់ដោយច្បាប់សូមរស់រាន់ជ្រើសរើសបង្គ្រប់ដោយផ្តល់អាទិភាពដល់ជនមានអូទីស្សឹម ។

លោករដ្ឋលេខាធិការបានលើកឡើងថា ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួល និងផ្តល់ប្រឹក្សាយោបល់ផ្នែកពិការភាព អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហការអន្តរវិស័យនិងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយជាក់លាក់ដែលផ្តោតការយកចិត្តទុកដាក់បន្ថែមលើជនមានអូទីស្សឹម និងពង្រឹងការផ្តល់សេវាគាំទ្រផ្សេងៗដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រីនិងការកសាងសង្គមមួយប្រកបដោយបរិយាបន្ន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថាយោងតាមអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក កុមារ ១ នាក់ ក្នុងចំណោមកុមារ ១៦០នាក់មានអូទីស្សឹម។ ជារួមអត្រាប្រេវ៉ាឡង់អូទីស្សឹមនៅតាមប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមជាច្រើន រួមទាំងប្រទេសកម្ពុជាផងនៅមិនទាន់មានតួលេខច្បាស់លាស់នៅឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម