Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើសមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយពលរដ្ឋកម្ពុជាក្រីក្រ ទៅ ព្យាបាលជំងឺក្នុងប្រទេ​សវៀតណាម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេ​សវៀតណាម។ ការស្នើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ សមា​ជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះលោកស្រី ង្វៀន ធីថាញ់ បានថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់កម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកស្រីនោះ គឺការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា។

លោកស្រី ង្វៀន ធីថាញ់ បានអបអរសាទរចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយសារឆ្នាំ ២០២២នេះ គឺជាខួបលើកទី ៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី ៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ ២០២៣ខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកស្រី ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចតេជោ បានបន្តថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។

សម្តេចតេជោ បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានអបអរសាទរជូនចំពោះលោកស្រី ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំង ជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។

សម្តេចតេជោ បានឲ្យដឹងដែរថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៧៩​មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់វៀតណាម ហើយដែលការរីកចម្រើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចម្រើន របស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល ផងដែរ។ វៀតណាម ក៏ជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា ដោយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។

សម្តេចតេជោ បានស្នើដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងកូវីដ-១៩ របស់វៀតណាមយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៀត សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរីកចម្រើន ទេសចរណ៍ អប់រំ វប្បធម៌ ជាពិសេសការធ្វើដំណើរចេញ-ចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកស្រី ង្វៀន ធីថាញ់ បានជម្រាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រីសកម្មភាព ដើម្បីឲ្យសមាគមនេះបន្តសកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ ជាពិសេសរវាងប្រជាជន និងប្រជាជន។

លោកស្រី ក៏មានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការ របស់សមាគមទាំងពីរឲ្យកាន់តែបោះជំហានទៅមុខ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ជាពិសេសឆ្នាំ ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម