Connect with us

ព័ត៌មានជាតិ

ប្រ​ជា​ពលរ​ដ្ឋ​រស់នៅ​ស្រុក​ចុងកាល់​ ជីកដី​ធ្វើ​បន្ទប់ទឹក​ជម្រៅ​ពីរ​ម៉ែត្រ​ប្រទះឃើញ​រូប​បដិមាករ​ចំនួន​៥​ព្រះអង្គ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ រូប​បដិមាករ​ចំនួន​៥​ព្រះអង្គ​ត្រូវបាន​ប្រជា​ពលរ​ដ្ឋ​រស់នៅក្នុង​ភូមិ​គោក​វត្ត ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​ពេលដែល​ម្ចាស់ផ្ទះ​កំពុងតែ​ជីកដី​បម្រុង​ធ្វើ​បន្ទប់ទឹក​ក៏​ប្រទះឃើញ​រូប​ព្រះអង្គ​ចំនួន​៥​ព្រះអង្គ ដែល​កប់​នៅក្នុង​ដី​ជម្រៅ​២​ម៉ែត្រ​ក្បែរ​ទៅនឹង​ចំហៀង​ផ្ទះ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​លោក សា ប្បឿ​ន រ៉ា​ន់ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​គោក​វត្ត ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ ​ខែសីហា​ ឆ្នាំ​២០២២​ថា កាលពី​ល្ងាច​ថ្ងៃទី​០៧​ ខែសីហា ​ឆ្នាំ​២០២២​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​រូបលោក​និង​កូន​ម្នាក់ទៀត​កំពុង​យក​ចបជីក​រួម​នឹង​ប៉ែល ជីកដី​នៅ​ចំហៀង​ផ្ទះ​ដើម្បី​ធ្វើជា​បន្ទប់ទឹក​ប្រើប្រាស់ ក្រោយមក​ក៏​ជីក​ជម្រៅ​ទៅ​ក្រោម​បាន​ប្រហែលជា​ជំរៅ​២​ម៉ែត្រ​ក៏​ប្រទះឃើញ​ដុំថ្ម​មួយ​ដុំ​ជាប់​គ្នា​ពណ៌​រាង​ខៀវ​ដូច​ព្រះអង្គ​ធំ​ប្រក់​នាគ បន្ទាប់មក​លោក​ក៏បាន​យក​ដុំថ្ម​នោះ​ឡើងមក​ខាងលើ​លាង​ទឹក​សម្អាត​ចេញ​ចេញ​ក៏​ឃើញ​រូបរាង​ជា​ព្រះអង្គ ហើយ​ក្រោយមកទៀត​លោក​ក៏បាន​ជីក​រាវរក​បន្ថែមទៀត​ក៏​ឃើញ​ព្រះ​នៅជាប់​គ្នា​រហូតដល់​៥​ព្រះអង្គ​ក្រោយមកទៀត​លោក​ក៏បាន​យក​ព្រះអង្គ​ទាំងអស់​ឡើងលើ​ផ្ទះ​អ៊ុច​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​ដល់​ព្រឹក​ឡើង​នៅ​ថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​លោក​ក៏បាន​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

​លោក​សា ប្បឿ​ន រ៉ា​ន់ បាន​បន្តទៀត​ថា ​ក្រោយពី​លោក​បាន​ថែរក្សា​ព្រះអង្គ​ទាំង​៥​ព្រះអង្គ​នោះ​បាន​តែមួយ​យប់​នៅ​ព្រឹក​ថ្ងៃទី​០៩ ​ខែសីហា​ ឆ្នាំ​២០២២ ​មាន​នគរបាល​ស្រុក​ចុងកាល់​ជាច្រើន​នាក់​មក​ដល់​ផ្ទះ​របស់​លោក​ហើយ​បាន​ថតរូប​លោក​ជាមួយ​ព្រះអង្គ​ហើយក៏​ត្រឡប់​ទៅវិញ​។

លោក​បន្ត​ថា ​នៅ​ថ្ងៃ​ដដែល​នគរបាល​ស្រុក​ចុងកាល​បាន​មក​ផ្ទះ​របស់​លោក​ម្តងទៀត​ហើយ​ក៏បាន​នាំ​លោក​និង​ព្រះអង្គ​ដែល​លោក​រក​ឃើញ​នៅក្នុង​ដី​នោះ​រួមទាំង​លោក​នាំយក​ទៅកាន់​អធិការ​ស្រុក ក្រោយមកទៀត​ខាង​នគរបាល​ស្រុក​ក៏បាន​ឲ្យ​លោក​វិល​ត្រឡប់មកផ្ទះ​វិញ​។

លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែសីហា​ឆ្នាំ​២០២២​ថា លោក​បានទទួល​បាន​ព័ត៌មាន​ហើយ​ករណី​ដែល​ប្រជា​ពលរ​ដ្ឋ​នៅ​ស្រុក​ចុងកាល់​ជីកដី​ធ្វើ​បន្ទប់ទឹក​ប្រទះឃើញ​រូប​ព្រះ​ចំនួន​៥​ព្រះអង្គ​នោះ តែ​បច្ចុប្បន្ន​វត្ថុ​តាំង​ដែល​ដកហូត​បាន​នៅ​ខាង​ប៉ូលីស​ជា​អ្នកគ្រប់គ្រង​នៅឡើយ ហើយ​ខាង​មន្ទីរ​ក៏​ពុំទាន់​បានទទួល​យកមក​រក្សា​ទុក​នោះដែរ​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​ទៅនឹង​ប្រជា​ពលរ​ដ្ឋ​ជីកដី​ឃើញ​រូប​ព្រះ​ចំនួន​៥​ព្រះអង្គ​នៅត្រង់ចំណុច​ខាងលើ​នេះដែរ ខាង​ក្រុមការងារ​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបកស្រាយ​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខាង​ផ្នែក​ការពារ​បេតិកភណ្ឌ​នៃ​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានទេ ព្រោះ​ទូរសព្ទ​ខ​ល​ចូល​ហើយ​ពុំមាន​អ្នកទទួល៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម