Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន និង​បញ្ជាការដ្ឋាន​ទ័ពជើងគោក ចុះកិច្ចព្រមព្រៀងលើ​ការងារបោស​សំអាត​មីន​នៅស្រុកភ្នំស្រួច

បានផុស

នៅ

អាជ្ញាធរ​មីន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​លើ​ការងារ​បោសសម្អាត​មីន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​មីន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​ចាប់ផ្តើម​ការងារ​បោសសម្អាត​មីន​នៅ​ឃុំ​ចំនួន ៧ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ៦,៥៥ គីឡូម៉ែត្រ​ក្រឡា ដែល​ការ​បោសសម្អាត​នេះ មាន​រយៈពេល ៤​ខែ ចាប់ពី​ខែសីហា រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២២​។

ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​បញ្ជូន​នូវ​កម្លាំង​បញ្ជាការដ្ឋាន​កងវិស្វកម្ម​នៃ​កងទ័ពជើងគោក ដើម្បី​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ព្រមទាំង​ចាត់ទុកថា​ការរួម​របស់​កងទ័ព​ក្នុង​ការងារ​មនុស្សធម៌ គឺមាន​តម្លៃ​វិសេសវិសាល​ណាស់​សម្រាប់​ប្រទេសមួយ​ដែលមាន​សន្តិភាព​ពេញលេញ​។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ទៀត​ថា ក្រោម​ម្លប់​សន្តិភាព សម្តេច​តេ​ជោ មិន​ចង់ឃើញ​ប្រជាពលរដ្ឋ​ណា​ម្នាក់ បន្ត​រស់នៅ​ទាំង​ភ័យខ្លាច និង​បន្ត​រងគ្រោះ​ដោយសារ​គ្រាប់មីន​ទៀត​ទេ ហើយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​រក្សា និង​ការពារ​សន្តិភាព ពីស​ម្តេច​តេ​ជោ ជូន​ជាតិ​មាតុភូមិ ក្នុងនាម​ជា​អ្នក​បន្តវេន​ជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​។

លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ មាន​ផ្ទៃដី​មាន​មីន​សរុប​ចំនួន ៤៥.៦៥៨.៤៩១ ម៉ែត្រក្រឡា ស្មើនឹង ៤០៦ ចម្ការមីន ដែល​គ្រោង​នឹង​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឲ្យ​អស់ និង​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ឆ្នាំ​២០២៣ ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​។​

​លោក​បន្តទៀតថា ស្រុក​ភ្នំស្រួច ដែល​ត្រូវប្រគល់​ឲ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នា​ថ្ងៃនេះ មាន​ផ្ទៃដី​មាន​មីន​សរុប​ចំនួន ៣១.៥០២.៦៥៣ ម៉ែត្រក្រឡា ២៣៥ ចម្ការមីន ស្មើនឹង​ប្រមាណ ៦៩% នៃ​ផ្ទៃដី​មាន​មីន​ទូទាំង​ខេត្តកំពង់ស្ពឺ ក្នុងនោះ​ការអនុវត្ត​ដំណាក់កាល​ទី​១ មាន​រយៈពេល ០៤ ខែ ចាប់ផ្តើម​ពី​ខែសីហា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ឃុំ​ចំនួន ៧ រួមមាន​៖ ឃុំ​អូរ ឃុំ​មហា​សាំង ឃុំ​តាំង​ស្យា ឃុំ​ព្រៃ​រំដួល ឃុំ​តាំង​សំរោង ឃុំ​ក្រាំង​ដី​វ៉ា​យ និង​ឃុំ​ចំបក់ ក្នុង​ទំហំ​ផ្ទៃដី ៦.៥៥៨.២០២ ម៉ែត្រក្រឡា ស្មើនឹង ៦២ ចម្ការមីន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការរង និង​ជា​មេ​បញ្ជាការដ្ឋាន​កងវិស្វកម្ម​នៃ​កងទ័ព​ជើង តំណាង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក បាន​លើកឡើងថា ពិធី​ចុះហត្ថលេខា​នា​ថ្ងៃនេះ គឺជា​ការចាប់ផ្តើម​ការ​ងារ​បោសសម្អាត​មីន​ជា​លក្ខណៈ​មនុស្សធម៌​លើកដំបូង​របស់​កងទ័ព​ជើងគោក ទោះបី​សកម្មភាព​បោសសម្អាត​មីន​បែបនេះ មាន​ចាប់តាំងពី​ថ្ងៃ​រំដោះ​ក៏ដោយ​។

លោក​បន្តទៀតថា កងទ័ពជើងគោក នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុងការ​ផ្តល់​ដី​សុវត្ថិភាព និង​ផ្តល់​ស្នាមញញឹម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​តាម​តំបន់​មានការ​គំរាមកំហែង​ដោយសារ​គ្រាប់មីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៦ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម