ព័ត៌មានជាតិ
តើលោក កៅ គឹមហួន មានសមត្ថភាព ចំណេះវិជ្ជា និងបទពិសោធបែបណា មុននឹងក្លាយជាអគ្គលេខាធិការអាស៊ាន?
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចប្រកាសតែងតាំងលោក កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ានថ្មីសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៨។ លោក កៅ គឹមហួន ជាមន្ត្រីជាន់ខ្ពស់កម្ពុជាដំបូងគេដែលកាន់តំណែងនេះ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
តើលោក កៅ គឹមហួន មានលក្ខណៈសម្បត្តិ សមត្ថភាព ចំណេះវិជ្ជា និងបទពិសោធបែបណា មុននឹងក្លាយជាអគ្គលេខា ធិការថ្មីរបស់អាស៊ាននេះ ?

លោក កៅ គឹមហួន បច្ចុប្បន្នមានមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកកើតនៅឆ្នាំ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ អំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា លោក និងក្រុមគ្រួសារ ត្រូវបានជម្លៀសឲ្យទៅរស់នៅក្នុងជំរុំជនភៀសខ្លួនជាច្រើនឆ្នាំ ហើយក៏បានរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ រយៈពេលនៃការរស់ នៅសហរដ្ឋអាមេរិកនេះ លោក កៅ គឹមហួន ទទួលការសិក្សានៅទីនោះ ដោយលោកទទួលបានសញ្ញាបត្រគ្រប់កម្រិត។

នៅក្នុងឆ្នាំ១៩៨៥ លោក បញ្ចប់សញ្ញាបត្រនៅវិទ្យាល័យ Herndon រដ្ឋ Virginia សហរដ្ឋអាមេរិក។ បន្ទាប់មក លោកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Baylor រដ្ឋតិចសាស សិក្សាអំពីអាស៊ី ដោយទទួលសញ្ញាបត្រនៅខែឧសភា ឆ្នាំ១៩៨៩។ ជាមួយគ្នានេះ លោក កៅ គឹមហួន ទទួលបានអាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Ohio ទីក្រុង Athens រដ្ឋ Ohio ដោយនៅឆ្នាំ១៩៩១ លោកទទួលបានសញ្ញា បត្រអនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។ មិនតែប៉ុណ្ណោះ លោក ក៏សម្រេចបន្តការសិក្សាយកសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii សហរដ្ឋ អាមេរិក ក្នុងឆ្នាំ២០០១។ បន្ថែមពីនេះ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសមួយចំនួនផងដែរ គឺសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកសេវាសាធារណៈពីសាកលវិទ្យាល័យ Ohio នៅឆ្នាំ២០០៧ និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យមួយនៃប្រទេសឥណ្ឌា ឆ្នាំ២០១៤។

បើក្រឡេកមកមើលបទពិសោធការងារវិញ លោក កៅ គឹមហួន ក៏ធ្លាប់ឆ្លងកាត់ការងារជាច្រើន ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពាក់ព័ន្ធលើកិច្ចការអន្តរជាតិ និងការទូត។ នៅក្នុងនោះ ឆ្នាំ២០០១-២០០៣ លោកជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០០៤ ដល់ឆ្នាំ ២០១៣។ នៅឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងនៅឆ្នាំ ២០១០ លោកក៏បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៣ លោក ត្រូវបានដំឡើងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលលោកកំពុងកាន់តំណែងរហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ លោក ក៏ជាម្ចាស់នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា ព្រមទាំងតួនាទី និងមុខតំណែងជាច្រើនផ្សេងទៀតផងដែរ។

ក្នុងតំណែងទាំងនេះ គឺលោក កៅ គឹមហួន បានធ្វើការយ៉ាងច្រើនជាមួយអាស៊ាន ហើយលោកជាអ្នកដើរតួសំខាន់សម្រាប់ការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជានៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


