Connect with us

ព័ត៌មានជាតិ

ករណីកូដកម្មអតីតបុគ្គលិកណាហ្គាវើលដ៍៖ គេមិនអាចមើលឈើមួយដើម រំលងព្រៃទាំងមូល បាននោះទេ

បានផុស

នៅ

ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយចំនួន កាលពីថ្ងៃទី១៧ ខែសីហា បានប្រមូលផ្តុំគ្នាជាថ្មី ដោយបាននាំគ្នាឈរស្រែកតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍តែ​ម្តង។ ការជួបជុំគ្នាលើកនេះ ធ្វើឡើងក្រោមការចុះទៅតាមដានឃ្លាំមើលដោយផ្ទាល់ពីសំណាក់លោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា។ ប៉ុន្តែ ការជួបជុំគ្នានេះ មិនមានការប៉ះទង្គិចគ្នារវាងក្រុមកូដករ និងអាជ្ញាធរដូចកាលពីពេលមុនៗនោះឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះ ធ្វើឲ្យអង្គការសិទ្ធិមនុស្សខ្លះដាក់ចំណោទបញ្ហា ដោយសារតែមានវត្តមានរបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ទើបកូដកម្មបានប្រព្រឹត្តទៅល្អបែបនេះ។ ពួកគេថែមទាំងចង់ឲ្យអាជ្ញាធរបង្កបរិយាកាសបែបនេះតាំងពីយូរ ដោយឱ្យក្រុមកូដករអាចសម្តែងសិទ្ធិ និងតវ៉ាដោយសន្តិវិធីស្របតាមច្បាប់ និងអនុសញ្ញានៃសិទ្ធិការងារ ពោល គឺមិនមែនគ្រាន់តែបង្កបរិយាកាសល្អបែបនេះ នៅពេលដែលមានវត្តមានអ្នករាយការណ៍ពិសេសUN កំពុងឃ្លាំមើលនោះទេ។

មែនទែនទៅ ការលើកឡើងនេះ គឺគ្រាន់តែជាការយល់ឃើញរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតែប៉ុណ្ណោះ។ អាជ្ញាធររាជធានីភ្នំពេញតែងតែបានគូសបញ្ជាក់ហើយថា អាជ្ញាធរមិនដែលមានបំណងទៅរារាំង ឬប៉ះទង្គិចជាមួយក្រុមកូដករណាហ្គាវើលដ៍ម្តងណាសោះ។ ប៉ុន្តែ កន្លងមក ការជួបជុំតវ៉ារបស់ពួកគេ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញកត់សម្គាល់ថា តែងតែមានដឹកនាំ និងញុះញង់ដោយក្រុមសហជីពមួយចំនួនតូច ដោយបង្កើតឲ្យមានព្រឹត្តិកាណ៍ផ្សេងៗ បង្កជារូបភាពអាក្រក់ទម្លាក់មកលើអាជ្ញាធរអនុវត្តច្បាប់។ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ការប៉ះទង្គិចគ្នាកន្លងមក គឺបង្កឡើងមុនដោយក្រុមកូដករណាហ្គាវើលដ៍ដែលជាទង្វើផ្ទុយពីច្បាប់។

បញ្ហានៃការធ្វើកូដកម្មរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានណែនាំឲ្យក្រសួងការងារ អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន ដោះស្រាយគ្នាដោយសន្តិវិធីដល់ក្រុមកូដករ។ ចំណែក នៅថ្មីៗនេះទៀតសោត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិននិយាយឲ្យចំឈ្មោះ សម្តេចបានជំរុញឲ្យក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំដោះស្រាយបញ្ហាជូនក្រុមកម្មករដែលធ្វើការតវ៉ា និងថា អ្នកវិនិយោគស្អប់ខ្លាំងណាស់ចំពោះការធ្វើបាតុកម្ម កូដកម្មនានា ព្រោះវាប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់គេ។

ជាលទ្ធផល ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ហារបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនត្រូវបានដោះស្រាយរួចរាល់។ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ ២៣៦រូប ក្នុងចំណោម ៣៧៣ រូបហើយ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ នេះធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៣៧រូបប៉ុណ្ណោះ។ ចំពោះបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលនៅសេសសល់បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំង ការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់។

ដូច្នេះហើយ គេមិនអាចវាយតម្លៃបានថា បញ្ហាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ ត្រូវបានជំរុញឲ្យមានការដោះស្រាយដោយសារតែមានវត្តមានអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជានោះឡើយ តែក៏ត្រូវមើលឃើញពីការខិតខំប្រឹងប្រែងរស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ និយាយជារួម គេមិនអាចមើលតែឈើមួយដើម ដោយរំលងព្រៃទាំងមូលនោះទេចំពោះបញ្ហានេះ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម