Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុកមហោស្រពល្ខោនបាសាក់ លើសពីវេទិកាបញ្ចេញទេពកោសល្យ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងកម្មវិធីបើក មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព”  នៅព្រឹកនេះថា ក្រោមការខិតខំ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិកា លោកស្រីសូមចាត់ទុកថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ប៉ុន្តែនេះគឺជាពេលវេលា​មួយដ៏​សំខាន់​សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍​ថ្មីៗរវាងគ្នានិងគ្នា។ បន្ថែមអំពីនេះ ខ្ញុំជឿជាក់ថា នេះគឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយ​ជូន​ទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជា​ច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ”។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង និងក្នុងនាមលោកស្រីផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីបើក “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នាពេលនេះ។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ជាពិសេស ខ្ញុំពិតជាមានមោទនភាព និងរីករាយជាពន់ពេកដោយឃើញនូវវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើនដែលមកពីបណ្តារាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើ ៖ វិធី    សាស្ត្រនៃការដឹកនាំរឿង សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នេះ។ ជាការពិត កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ  ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន”។

សម្រាប់ជាទិសដៅការងារទៅមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈ ទស្សនីយភាពនៅកម្ពុជា ក្នុង​នាម​ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោល​បំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេស ការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់   ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូចពាក្យថា៖ “កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្ម ប្រើអស់ទាំងកម្លាំងកាយ-ចិត្ត រៀបចំ “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២” ជាការចូលរួមយ៉ាងសកម្មដើម្បីជួយគាំទ្រ លើកស្ទួយ វិស័យសិល្បៈទស្សនីយភាព ពិសេសល្ខោនបាសាក់ ឱ្យចាប់ផ្តើមមានសកម្មភាពឡើងវិញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម