ព័ត៌មានជាតិ
ថ្លៃអគ្គិសនីចុះនៅត្រឹម ៤៨០ រៀល សម្រាប់អ្នកធ្វើកសិកម្មនៅពេលយប់
កសិករនិងអ្នកដែលប្រកបរបរលើវិស័យកសិកម្ម អាចទៅស្នើសុំអាជ្ញាធរនិងសេវាករអគ្គិសនីដើម្បីទទួលបានលក្ខខណ្ឌអនុគ្រោះលើថ្លៃប្រើប្រាស់អគ្គិសនី តាមគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា តាមរយៈការចុះសាកសួរជាមួយកសិករ ភាគច្រើនពួកគាត់មិនបានទទួលបានព័ត៌មានពីគោលការណ៍អនុគ្រោះថ្លៃអគ្គិសនីនេះទេ ខណៈគោលនយោបាយនេះរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០២១។
លោករដ្ឋមន្រ្តីបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំកិច្ចសន្ទនាស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម ដោយមានចូលរួមពីរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងមន្រ្តីជាន់ខ្ពស់មកពីអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី ធ្វើយ៉ាងណាឲ្យកសិករនិងអ្នកប្រកបរបរវិស័យកសិកម្មទទួលបានព័ត៌មាននិងចូលរួមអនុវត្តឲ្យបានពេញលេញ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានថ្លែងថា វិស័យកសិកម្ម និងឧស្សាហកម្មជាវិស័យស្នូលដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត។ កសិកម្មជាវិស័យមួយមានបញ្ហាប្រឈមច្រើននិងចាយទុនខ្ពស់ រហូតលោកបានប្រដូចអ្នកហ៊ានប្រកបរបរកសិកម្មថាជាអ្នកក្លាហានទៀតផង។

លោក ស៊ុយ សែម បន្តថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់អ្នកប្រកបរបរនិងធ្វើការពាក់ព័ន្ធវិស័យកសិកម្ម ដោយទទួលបានការអនុគ្រោះថ្លៃអគ្គិសនី ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ប្រើប្រាស់នៅពេលយប់ចាប់ពីម៉ោង៩យប់ ដល់៧ព្រឹក។។
លោកឲ្យដឹងថា សកម្មភាពនៅក្នុងវិស័យកសិកម្មរួមមាន ការដាំដុះ ការចិញ្ចឹមសត្វ និងការនេសាទ ត្រូវបានចាត់ទុកជាវិស័យដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះ។
លោកបន្តថា ផែនការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់សម្រាប់វិស័យកសិកម្មគឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់កសិករ។
លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជាបានឲ្យដឹងដែរថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងចូលរួមសហការ ដើម្បីឲ្យគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីរបស់រដ្ឋាភិបាលត្រូវបានអនុវត្តឲ្យបានពេញលេញ។
លោក កែវ រតនៈ បានពន្យល់ពីនីតិវិធីដែលអាចជួយឲ្យកសិករ ម្ចាស់កសិដ្ឋាន អ្នកផលិត អ្នកកែច្នៃក្នុងវិស័យកសិកម្ម ទទួលបានការអនុគ្រោះថ្លៃអគ្គិសនី ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ប្រើប្រាស់នៅពេលយប់។
ចំពោះនីតិវិធីអ្នកប្រើប្រាស់កសិកម្មទាំងអស់ ត្រូវតែមកដាក់ពាក្យទៅសេវាករអគ្គិសនីក្នុងមូលដ្ឋាន ហើយបើសិនជាក្រុមសហគមន៍ត្រូវមានតំណាងម្នាក់ដែលទទួលស្គាល់ពីអាជ្ញាធរ។
លោកអះអាងដោយធានានឹងដោះស្រាយរាល់បញ្ហារាំងស្ទះ ធ្វើយ៉ាងណាឲ្យកសិករទទួលបានផលប្រយោជន៍ពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី ដើម្បីរួមចំណែកធ្វើឲ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធររអគ្គិសនីកម្ពុជាបានលើកពីគុណប្រយោជន៍នៃការដាក់ចេញគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីរបស់រដ្ឋាភិបាល តិចឬច្រើន កសិករនឹងទទួលបានផលចំណេញតាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យចុះទាប៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


