Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើក​កម្ពស់ការយល់ពីគ្នាទៅវិញទៅមក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើក​កម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះថា កិច្ចប្រជុំនាពេលនេះ ត្រូវបានធ្វើឡើងស្របពេលដែលកំពុងមានការកើនឡើងនៃភាពមិនប្រាកដប្រជា, ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតី នៃសន្តិសុខ សកល និង បរិស្ថានសេដ្ឋកិច្ច។

ម្យ៉ាងទៀត ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និងថាមពល, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។ ទន្ទឹមនេះ, បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏កាន់តែបង្ហាញច្បាស់, ទាំងទំហំ និងភាពញឹកញាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពិតណាស់, ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។ បន្ថែមលើនេះ, ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឲ្យយើងអស់គ្នាទទួលរងនូវផលវិបាក។

នៅក្នុងបរិបទនេះ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើក​កម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមដើម្បីសន្តិភាព និងវិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងឋានៈជារដ្ឋតូចមួយ, ប្រទេសកម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកប​ដោយបរិយាបន្ន និងបើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬសណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូច គ្នានៅលើចំណុចនេះដែរ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម