Connect with us

ព័ត៌មានជាតិ

កូនដើមកោងកាង ៣០០០ដើម ត្រូវបានដាំ ក្នុងទិវាអនាម័យបរិស្ថានជាតិ

បានផុស

នៅ

កែប ៖ កូនដើម​កោង​កាង​ចំនួន ៣០០០ ដើម​ ត្រូវ​បាន​ដាំ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ដែល​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន និង​រដ្ឋបាលខេត្ត​កែបដាំដើម្បី​ចូលរួម​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បង្កើន​ជម្រក​សម្រាប់​ជីវៈចម្រុះ​សមុទ្រ​គ្រប់​ប្រភេទ និង​បង្កើន​សោភ័ណភាព​ឆ្នេរសមុទ្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវា​អនាម័យ​បរិស្ថាន​ប្រារព្ធ​នៅ​ខេត្ត​កែប​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កែប មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ចំណុះ​រដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និង​ប្រជា​សហគមន៍​សរុប​ជាង ២០០​នាក់​។

លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ថ្លែង​ថា​ ដើម​កោង​កាង​ផ្តល់​សារៈសំខាន់​យ៉ាងច្រើន​ដល់ បរិស្ថាន​សមុទ្រ​ក្នុង​នោះ​មាន​ជួយ​បង្កើត​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​។ ព្រៃកោងកាង​ជា​របៀង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ហើយក៏​ជា​រនាំង​ប្រឆាំង​នឹង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​។ មិនតែប៉ុណ្ណោះ បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ដោយមាន​តួនាទី​យ៉ាង​សំខាន់​ជា​កន្លែង​រក្សា​ផល​ស្តុក​ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ​នៃ​មច្ឆា​ធម្មជាតិ ដែល​ជា​ប្រភពធនធាន​សមុទ្រ​ដ៏​សម្បូណ៌​បែប ហើយ​ចាំបាច់​យើង​ត្រូវការ​រពារ អភិរក្ស និង​ដាំ​ស្តារ ព្រៃកោងកាង​ឡើងវិញ​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ទៀត​ថា ព្រៃកោងកាង​ដើរ​តួនាទី​ដ៏​មានតម្លៃ​សម្រាប់​ជា​រនាំង ប្រឆាំង​នឹង​គ្រោះធម្មជាតិ ដូចជា ព្យុះ​ស៊ីក្លូន គ្រោះ​មហន្តរាយ លើ​អេកូឡូស៊ី និង​ជា​អ្នកការពារ​តំបន់​ឆ្នេរ​សមុទ្រ​។ ជាមួយ​នោះ​ដើម​កោង​កាង មិន​ត្រឹមតែ​ជួយ​ក្នុង​ការ​ការពារ​ដី​ហូរ​ច្រោះ ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ដើរតួនាទី​ជា​កាតាលីករ​ក្នុង​ការ​នាំ​ដី​ពី​សមុទ្រ​មក​ដីគោក​វិញ​ផងដែរ ខណៈ​ដែល​ព្រៃកោងកាង ផ្តល់នូវ​ការ​បន្ស៊ាំ​ធម្មជាតិ​ទៅនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង នឹង​ការប្រែប្រួល អាកាសធាតុ និង​ចូលរួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

គួរ​បញ្ជាក់​ថា ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្ត​កែប​ក្រោម​ការ​គាំទ្រ​ពី​គម្រោងការ​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា និង​គម្រោង «​ការ​កសាង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ប្រព័ន្ធ​ទីក្រុង​តាមរយៈ​ការ​បន្ស៊ាំ ដោយ​ផ្អែកលើ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(Urban EBA Asia)» និង​គម្រោង «​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​អន្តរាគមន៍​ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច នៅ​តំបន់​លំនៅឋាន​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​» ហៅ​កាត់​ថា CCA4CS បានរៀបចំ​ទិវា​អនាម័យ​បរិស្ថាន​នៅ​តំបន់ សហគមន៍​នេសាទ​ភូមិ​ថ្មី ក្រោម​ប្រធានបទ «​មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង​» ដើម្បី​ជាការ​រួមចំណែក​ក្នុង​ការបណ្ដុះ​ផ្នត់គំនិត​និង​ឥរិយាបថ​របស់​ប្រជាជន​ឱ្យ​ស្រឡាញ់​បរិស្ថាន​កាន់តែខ្លាំង និង​មាន​ស្មារតី​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។

បន្ថែម​ពី​នេះ ក៏​ជា​វេទិកា​លើកកម្ពស់​ការអប់រំ​ផ្សព្វ ផ្សាយ និង​ជំរុញ​ចលនា​មហាជន ក្នុង​ការធ្វើ​អនាម័យ​បរិស្ថាន ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការដាំ​ដើមឈើ​នៅ​តាម​ភូមិ ឃុំ​-​សង្កាត់ ទីប្រជុំជន និង​ដងផ្លូវ ដើម្បី​បង្កើន​សោភ័ណភាព​ស្រស់បំព្រង និង​ការលើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​។ លោក នេត្រ ភក្ត្រា បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន​ជាពិសេស​ការគ្រប់គ្រង​សំណល់​រឹង​សំរាម សំណល់​ប្លា​ស្ទិ​ក​ដើម្បី​ទប់ស្កាត់​ការបំពុល​សមុទ្រ​។

លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ថ្លែងអំណរគុណ​ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កែប​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស ធនធានធម្មជាតិ​។ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​បោសសម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​ខេត្ត​កែប​ស្អាត បៃតង និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ ច្រើន​ថែមទៀត​។

លោក​បាន​ថ្លែង​ថា ខេត្ត​កែប​បាន​ទទួល​ភ្ញៀវទេសចរ​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃៗ ដែល ចាំបាច់​យើង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​សំអាត​អនាម័យ​បរិស្ថាន​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​ជំរុញ​ពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ​ក្រោម​ទិស​ស្លោក​ពលរដ្ឋ​ម្នាក់ ដើមឈើ​មួយ​ដើម ដើម្បី​ភាព​បៃតង​របស់​ខេត្ត​កែប​។

បន្ថែម​ពីលើ​នេះ លោក​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ បញ្ហា​សំណល់​ប្លា​ស្ទិ​ក​គឺជា​បញ្ហា សកល​ដែល​ប្រទេស​នីមួយៗ​បាន​រួមគ្នា​ដោះស្រាយ​។ ឯកឧត្តម​បានលើកឡើង​ថា បច្ចុប្បន្ន​បញ្ហា​ប្លា​ស្ទិ​កបាន​ក្លាយទៅជា​ប្រធានបទ​ធំ​មួយទៀត ក្រៅ​អំពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​ស្បៀង​ជាដើម​។ សម្រាប់​នៅ​កម្ពុជា​យើង​វិញ គឺ​មាន​សំរាម​ជាង ១០.០០០ តោន ត្រូវ​បាន​ចោល​ក្នុង​មួយថ្ងៃៗ ដែល​ស្មើនឹង​ជាង​៤​លាន​តោន​ក្នុង​មួយឆ្នាំ​។

ក្នុង​នោះ ប្រភេទ​សំរាម​សរីរាង្គ​មាន​ចំនួន​៦០​ភាគរយ​, ប្លា​ស្ទិ​ក​២០​ភាគរយ និង សំរាម​ទូទៅ​ផ្សេងៗ​ទៀត​។ ចំពោះ​ដំណោះស្រាយ លើ​បញ្ហា​ប្លា​ស្ទិ​ក​នេះ គឺ​អាច​សម្រេច​ទៅបាន អាស្រ័យ​លើ​ការចូលរួម​ពី​យើងទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់​ឡើងវិញ ការកែច្នៃ ការ​បដិសេធ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិន​ចាំ​បាច់​។

លោកបាន​លើក​ឡើង​ថា តាមរយៈ​គម្រោងការ​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា យើង​សម្រេចបាន​នូវ​សមិទ្ធផល​ជា​វិជ្ជមាន​ជាច្រើន ដូចជា ការគាំទ្រ និង​ជំរុញ​អាជីវកម្ម​កែច្នៃ​ប្លា​ស្ទិ​ក និង​សម្ភារ​ប្រើ​ជំនួស​ប្លា​ស្ទិ​ក​, ការបញ្ជ្រៀប​ការយល់ដឹង​របស់​ប្រជាជន និង​វិស័យ​ឯកជន​អំពី​បញ្ហា​ប្លា​ស្ទិ​ក និង​ដំណោះស្រាយ ជាពិសេស ការចូលរួម​ក្នុង​ដំណើរការ​រៀបចំ​ជា​គោលនយោបាយ លិខិតបទដ្ឋាន​គតិ​យុទ្ធ និង​បទ​ប្បញ្ញត្តិ​គន្លឹះ​ផ្សេងៗ ជាក់ស្ដែង វិធានការ​គោលនយោបាយ​ស្ដីពី «​ការកាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក និង​ការ​ពង្រឹង​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​សម្រាប់​រយៈពេល​ខ្លី​» ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ឱ្យ​អនុវត្ត​កាលពីពេល​ថ្មីៗ​នេះ​។

បើតាម​ការ​ថ្លែង​របស់​លោក​រដ្ឋ​លេខាធិការ​បាន​ថ្លែង​ថា ខេត្ត​កែប គឺ​ស្ថិត​ក្នុងចំណោម​រាជធានី​-​ខេត្ត​ចំនួន​៦ ដែល​គម្រោងការ​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា បាន​ធ្វើ​ការ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​។ ក្នុង​មូលដ្ឋាន​ខេត្ត​កែប​នេះ គម្រោង​បាន​ផ្ដល់​ជូន​នូវ​ធុង​ទឹក​ចម្រោះ​ដល់​សាលារៀន​ចំនួន​៥, ធុង​ទឹក​ក្ដៅ​ទឹក​ត្រជាក់​, ធុងសំរាម និង​ផ្ទាំង​អប់រំ​ប្លា​ស្ទិ​ក​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម