សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឲ្យកាន់តែមានភាពបៃតង។ ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២នេះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយស្នើឲ្យរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលប្រទេសកម្ពុជា បានស្នើឲ្យមានការរៀបចំឡើងក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឲ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការតម្រឹនកិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នា ជាក់ស្តែង ដូចជា ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) ជាដើម ដើម្បីធានាបរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ។
ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និងតភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់, សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនចំនួន ៥ ដូចជា៖
ទី១. ត្រូវធានាឲ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋាន គ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។
ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណ- ភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និង ភាពធន់។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី និងការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ ឬ ការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និងអនាគត។
ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូល ដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ ក្នុង ន័យនេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និង សមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវ សហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភា្ជប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ានឲ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និង តភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និងតំបន់។
ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នការរីកធំឡើងនៃគម្លាតបច្ចេក វិទ្យា ឌីជីថល។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញឲ្យកាន់តែខ្លាំងថែមទៀត នូវវប្បធម៌ផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និងសោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ