Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីបើកពិធីបុណ្យសមុទ្រ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ដើម្បីអញ្ជើញបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ ២០២២ នឹងអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម»។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ដនៅក្នុងកម្មវិធីបុណ្យសមុទ្រ នាក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២តទៅ។ សូមជម្រាបថា​ តាមគម្រោងនៅព្រឹកថ្ងៃទី ១០ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នឹងអញ្ជើញបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ ២០២២ និងនៅពេលល្ងាចសម្ដេច នឹងអញ្ជើញបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី ៨ ខែធ្នូថា អាជ្ញាធរនៅខេត្តព្រះសីហនុ បានត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ ដែលដឹកនាំរៀបចំដោយក្រសួងទេសចរណ៍។

លោកថា សម្រាប់អាជ្ញាធរខេត្តព្រះសីហនុ គឺបាននិងកំពុងរៀបចំកែលម្អសោភ័ណ្ឌភាព ក៏ដូចជាការរៀបចំលម្អភ្លើងពណ៌ សួនច្បារ រៀបចំអនាម័យបរិស្ថានតាមរមណីដ្ឋាននានា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ ព្រមទាំងការរៀបចំផែនការរៀបចំសន្តិសុខ ជូនថ្នាក់ដឹកនាំកំពូល ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ខាងមុខ។

ក្នុងនោះ ក៏មានការរៀបព្រឹត្តិការណ៍មួយចំនួនទៀត ដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ ដែលរួមមាន៖ ព្រឹត្តិការណ៍កីឡា, ការសម្ដែងសិល្បៈ និងការប្រគំតន្រ្ដី ជាដើម។ ក្នុងនោះ ក៏មានការរៀបចំស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក និងខាងក្រៅស្រុកជាច្រើនផងដែរ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា តាមរយៈពិធីបុណ្យសមុទ្រនេះ នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងអញ្ជើញទស្សនាកម្សាន្ដនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងថែមទៀត។ គួរឲ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម