ព័ត៌មានជាតិ
អ្នកនាំពាក្យខេត្ត៖ អគារជាប់គាំងខេត្តព្រះសីហនុអាចនឹងមានដំណោះស្រាយឆាប់ៗនេះ
ក្រោយពីរាជរដ្ឋាភិបាល បង្កើតក្រុមការងារគណៈកម្មាធិការអន្តរក្រសួងដោះស្រាយគម្រោងអគារជាប់គាំងខេត្តព្រះសីហនុ ដែលមានការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការរៀបចំផែនការ វិធានការ ក៏ដូចជាយន្តការក្នុងការដោះស្រាយគម្រោងវិនិយោគលើអគារជាប់គាំងទាំងអស់នេះ។ នេះជាការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ឃាង ភារម្យ បានលើកឡើងថា គណៈកម្មាធិការអន្តរក្រសួង បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញ ក៏ដូចជាស្វែងរកដំណោះស្រាយ។ បើតាមលោក ឃាង ភារម្យ បង្ហាញក្តីរំពឹងដូច្នេះ« ខ្ញុំគិតថា នឹងអាចដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ហើយរដ្ឋបាលខេត្តក៏កំពុងរង់ចាំកិច្ចដំណើរការចាប់ផ្តើមដោះស្រាយបញ្ហាដែលកើតមាននៅក្នុងខេត្តព្រះសីហនុរបស់យើង»។

បញ្ហាអគារជាប់គាំងដែលមានការប៉ាន់ស្មានប្រមាណ១ពាន់អគារនៅខេត្តព្រះសីហនុ កំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
បើតាមមន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុ ភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះ ដោយសារភាគីម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍខ្វះការសម្បទានឱ្យគ្នាទៅវិញទៅមក ដែលអាចមកពីការមិនយល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានសម្របសម្រួលរៀបចំផែនការមេខេត្តព្រះសីហនុឱ្យប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង នៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា នៅខែតុលា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ មួយចង្អុលបង្ហាញដល់ក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ ឱ្យបង្កើតគណៈកម្មាធិការ សិក្សារៀបចំដំណោះស្រាយជាកញ្ចប់ ទៅលើបញ្ហាជាប់គាំងអគារជាង ១ពាន់នៅខេត្តព្រះសហនុ។

បើតាមលោក ជា កុកហុង គិតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយតាមលំដាប់លំដោយ ដូចជា ច្បាប់សាងសង់ វិវាទក្រៅប្រព័ន្ធតុលាការ លើកទឹកចិត្តពន្ធដារ ដើម្បីយកទៅអភិវឌ្ឍអគារដែលកំពុងជាប់គាំងទាំងអស់ និងទាក់ទាញអ្នកធុរកិច្ចផ្សេងៗ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រុមការងារបាននិងកំពុងទាក់ទាញអ្នកវិនិយោគិនថ្មីឱ្យចូលទៅអភិវឌ្ឍនៅខេត្តព្រះសីហនុ។ លោក ជា កុកហុង លើកឡើងបែបនេះ តាមការចង្អុលបង្ហាញរបស់លោក វង្សី វិស្សុត នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីចុងខែ មករា កន្លងទៅ។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ការជាប់គាំងអគារជាច្រើននៅខេត្តព្រះសីហនុនេះ កើតឡើងដោយសារការវិនិយោគពុំមានក្របខណ្ឌស្ថាប័នគ្រប់គ្រងច្បាស់លាស់។ លោកបន្តដូច្នេះថា« ទោះជាការវិនិយោគរបស់ឯកជនក៏ដោយ ប៉ុន្តែនៅពេលមានបញ្ហា មិនមែនឯកជនមកដោះស្រាយឯណា គឺរដ្ឋជាអ្នកដោះស្រាយ…ឥឡូវនេះ យើងយកបន្ទុកទូទាំងប្រទេស ទៅដោះស្រាយបញ្ហារបស់អ្នកវិនិយោគដែលបង្កើតបញ្ហាឱ្យសង្គម បើយើងមិនដោះវាមិនកើត»។
ទាក់ទិនបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អគារជាប់គាំងនៅខេត្តព្រះសីហនុនេះ ជាអគាររបស់វិស័យឯកជន មានន័យថា ជាទ្រព្យរបស់ប្រជាជននៅក្នុងស្រុកបានធ្វើកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនវិនិយោគរបស់ចិន។ លោកគូសបញ្ជាក់ថា បញ្ហានេះ មានតែការសម្របសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគឯកជនចូលមក ដើម្បីអភិវឌ្ឍបន្ត មិនអាចឱ្យរដ្ឋាភិបាលទៅចាត់ចែងទ្រព្យសម្បត្តិរបស់វិស័យឯកជនបានទេ។ ដោយឡែកការរំពឹងថា មានវិនិយោគិនចូលទៅអភិវឌ្ឍអគារទាំងអស់នេះ នៅខេត្តព្រះសីហនុ លោកបណ្ឌិត គី សេរីវឌ្ឍ កត់សម្គាល់ឃើញថា មិនទាន់អាចទៅរួចនៅឡើយ។ ដោយលើកឡើងថា«ទី១ ខ្ញុំមិនទាន់យល់ថាចិននឹងចូលមកកម្ពុជានៅឆ្នាំ ២០២៣នេះច្រើនទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកលលោក ហើយសេដ្ឋកិច្ចរបស់ចិន ក៏យើងមើលឃើញថាមានកំណើនតែ ២ភាគរយ ដែលពីមុនមានកំណើនរហូតដល់ ៦.៥ភាគរយ ដូច្នេះហើយ ការថមថយនៃសេដ្ឋកិច្ចរបស់ចិន ក៏អាចនឹងធ្វើឱ្យចិនរួញរា ឬនៅទ្រឹងមួយកន្លែងចំពោះការវិនិយោគក្រៅប្រទេស»។
អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលទេសចរកើនឡើង សម្រាប់ស្វែងរកឱកាសនៃការវិនិយោគ, ឆ្នាំ ២០២៤ ឬ ២០២៥ ជាឆ្នាំដែលអាចបង្ហូរវិនិយោគចិនចូលមកកម្ពុជាបន្ថែមទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


