ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អាមេរិក ផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ដល់នរណាក៏ដោយមិនពាក់ព័ន្ធ ឬជះឥទ្ធិពលមកលើកម្ពុជាឡើយ
មន្ត្រីនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្រសួងការបរទេសអាមេរិក ផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ដល់នរណាក៏ដោយមិនពាក់ព័ន្ធ ឬជះឥទ្ធិពលមកលើកម្ពុជាឡើយ ហើយបានបញ្ជាក់ថា ករណីកញ្ញា ឈឹម ស៊ីថរ ជាការអនុវត្តច្បាប់ចំពោះអំពើល្មើសរបស់បុគ្គលរូបនេះ តាមអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ។

ការលើកឡើងនេះ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសថា កញ្ញា ឈឹម ស៊ីថរ មេសហជីពមួយរូបនៅកម្ពុជា គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែកុម្ភៈនេះថា ករណីកញ្ញា ឈឹម ស៊ីថរ ជាការអនុវត្តច្បាប់ចំពោះអំពើល្មើសរបស់បុគ្គលរូបនេះ តាមអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ ដែលពុំមែនជាការរំលោភសិទ្ធិមនុស្សណាមួយឡើយ។
លោកមានប្រសាសន៍បន្តថា ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិក ជារឿងរបស់អាមេរិក ដែលចង់ឲ្យនរណាមិនពាក់ព័ន្ធ ឬជះឥទ្ធិពលមកលើកម្ពុជាឡើយ។ លោក កត្តា អ៊ន បានលើកឡើងដែរថា «យើងទាំងអស់គ្នាដឹងហើយថា នយោបាយការបរទេសរបស់អាមេរិក គឺប្រឆាំងនិងប្រទេសទាំងឡាយ ដែលជាចំណុចរសើបចំពោះភូមិសាស្រ្តនយោបាយរបស់គាត់ និងគាត់យល់ថាប្រទេសនោះមិនបម្រើនយោបាយរបស់គាត់។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជារស់នៅដោយសន្តិភាព មិត្តភាព សន្តិសហវិជ្ជមាន។ អាមេរិក ចិន អឺរ៉ុប និងប្រទេសនានាលើសកលលោកគឺជាមិត្តរបស់កម្ពុជា»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងជាសំណួរដែរថា «តើពានរង្វាន់នេះសម្រាប់ផ្តល់ដល់អ្នកប្រឆាំងរដ្ឋាភិបាល ឬអ្នកប្រព្រឹត្តខុសច្បាប់នៃរដ្ឋ ដែលហ៊ានងើបប្រឆាំងរដ្ឋាភិបាលឬ? ចុះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលធ្វើការងារសិទ្ធិមនុស្សត្រឹមត្រូវតាមច្បាប់ នឹងមិនទទួលបានពានរង្វាន់នេះទេឬ?។
ជាមួយគ្នានេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ដែរថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនស្ថិតនៅលើមាត់ ឬសំណេររបស់ជនណា ឬអង្គការសង្គមស៊ីវិលណា ឬប្រទេសណាទេ។ សិទ្ធិមនុស្សនៃប្រទេសកម្ពុជា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសកម្ពុជា និងកតិការ អនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស ដែលកម្ពុជាជារដ្ឋភាគី មានន័យថា ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពពេញលេញ និងទូលំទូលាយដោយគ្មានការយារយី ឬរឹតត្បិតណាមួយទេ។
លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិសេរីភាពដោយគោរពច្បាប់ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ។ ម្យ៉ាងទៀត អាជ្ញាធរមានតួនាទីអនុវត្តច្បាប់ ចំពោះជនណាដែលប្រើសិទ្ធិសេរីភាពបំពានច្បាប់។ ទាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងតួនាទីរបស់សមត្ថកិច្ច ត្រូវធានាដោយរដ្ឋធម្មនុញ្ញដូចគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នគរបាលបានចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីបុគ្គលរូបនេះធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកប្រទេសកម្ពុជាវិញ។ បើតាមសមត្ថកិច្ច ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
បុគ្គលឈ្មោះ ឈឹម ស៊ីថរ ដែលតែងតែដឹកនាំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ ក្រោយមកនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ឈឹម ស៊ីថរ បានយល់ព្រមធ្វើកិច្ចសន្យាមួយ ដោយគោរព ជូនរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី។
បន្ទាប់មកទៀត សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ បានចេញដីកាសម្រេចមួយដោយដាក់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០២១ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ នៅក្នុងដីកាសម្រេចនោះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌដល់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការឡើយ។
ក៏ប៉ុន្តែបុគ្គលឈ្មោះ ឈឹម ស៊ីថរ មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ ដោយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ស្ត្រីរូបនេះបានចេញទៅប្រទេសអូស្រ្តាលី។ ដូច្នេះនៅពេលចូលមកដល់ប្រទេសកម្ពុជាវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន