Connect with us

ព័ត៌មានជាតិ

ស្វែងយល់ មក​ដល់​ពេលនេះមាន​ផ្លូវ​ស្ពាន​ណា​ខ្លះ​កំពុង​សាងសង់ និង​គ្រោង​បញ្ចប់?

បានផុស

នៅ

រដ្ឋាភិបាល​បាន​ចាយ​ថវិកា​រាប់​រយលាន​ដុល្លារវិនិយោគ​លើ​​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​លើ​​បណ្តាញ​ផ្លូវ​គមនាគមន៍​ រួម​ទាំង​សំណង់​ស្ពាន​តូច​ធំ។ គម្រោង​ខ្លះ​កំពុងដំណើរការ​​សាងសង់​ ខណៈ​​មួយ​ចំនួន​ទៀត​នឹង​​​ឈាន​ទៅ​បញ្ចប់​គ្រោង​ដាក់​ឲ្យប្រើប្រាស់​ក្នុងពេល​ខាង​មុខ។

ផ្លូវ​ក្រវាត់ក្រុង​ទី ៣

ផ្លូវក្រវាត់ក្រុងទី៣ បាន​ផ្តើម​ដំណើរការ​​សាងសង់​នៅដើម​ឆ្នាំ ២០១៩។ ជា​ផ្លូវក្រវ៉ាត់ក្រុងដ៏ធំទំនើបដំបូងគេ​​របស់ប្រទេស​កម្ពុជា​ ដែល​​ចាយ​ថវិកា​​​​ជាង ២៤០ លាន​ដុល្លារ។

ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ជា​ផ្លូវ​វៀងក្រុង​ដ៏​សំខាន់​ក្នុង​​រាជធានី​ភ្នំពេញ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលលើ​ប្រវែងផ្លូវ​​ជាង ៥៣ គីឡូម៉ែត្រ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផលការងា​ររបស់ក្រសួងកាលពីថ្ងៃ ១៥ ខែ​កុម្ភៈ ឆ្នាំ២០២៣​​ លោក ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ មានភាព​យឺតយ៉ាវ​​ជាង​ផែនការជាង​មួយ​ឆ្នាំ តែ​លោក​សង្ឃឹម​ថា​នឹង​រួចរាល់​នៅ​មុន​យុទ្ធនាការ​បោះ​ឆ្នោតអំឡុង​ខែឧសភា ឬ​មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ខ្សែកាប​ឫស្សីកែវ

ស្ពានខ្សែកាបឫស្សីកែវ នឹង​បញ្ចប់នៅខែមេសា ឆ្នាំ​២០២៣​ ខណៈ​បច្ចុប្បន្ន​សម្រេចបានជាង​ ៩៣% នៃគម្រោង។ ស្ពាននេះ​សាងសង់ចេញពីចំណុចឃ្លាំងសាំងសូគីម៉ិចនៅលើ​ផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែល​វិនិយោគសាងសង់​អស់ជាង ៣៥ លានដុល្លារអាមេរិក​។

ស្ពាន​កោះនរា

ស្ពានកោះនរា បាន​បើកការដ្ឋានសាសងសង់​ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែតុលា ឆ្នាំ២០២០ ​ដែល​តភ្ជាប់​ពីតំបន់កោះពេជ្រទៅកាន់ទីក្រុង​រណប​កោះនរា និងទៅផ្លូវជាតិលេខ១។ គិត​ត្រឹម​ខែ​មករា ឆ្នាំ ២០២៣ ការដ្ឋាន​ស្ពាន​សម្រេចបានជាង ៥០ ភាគរយ។

ផ្លូវ​ជាតិ​លេខ ៣១ និង ៣៣

ផ្លូវជាតិលេខ៣១ និងលេខ៣៣ បាន​បើកការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅ​ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

ផ្លូវជាតិលេខ៣១ និងលេខ៣៣ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់សម្រាប់​តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាង​ដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។

ផ្លូវជាតិលេខ៣១ និងលេខ៣៣ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ ៣ ដែលបានសាងសង់រួច ជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប និងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោងកែលម្អផ្លូវទាំងពីរនេះ នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹក។

ផ្លូវ​ជាតិ​លេខ ៤

ក្នុង​ឱកាសដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ កាលពីពេលថ្មីៗ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ដែល​មាន​ប្រវែង ១៩៦ គីឡូម៉ែត្រនេះ នឹងសាងសង់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០ គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦ គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤។

បើតាមលោក ស៊ុន ចាន់ថុល ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០ គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២ គន្លង ទៅជា ៤ គន្លង។

ស្ពាន​ខេត្ត​ក្រចេះ

ស្ពាន​ឆ្លងទន្លេ​ខេត្តក្រចេះ បាន​បើកការដ្ឋាន​សាងសង់នៅ​ខែមករា ឆ្នាំ២០២៣។ ស្ពាននេះ​​មានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់​ពី​ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ទៅ​ត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

គម្រោងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨ លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ ខែ។

ផ្លូវ​ ៧១C

ផ្លូវជាតិលេខ ៧១C បានបើកការដ្ឋាន​សាងសង់​ ស្របពេល​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ សម្រាប់ផ្លូវ ៧១C មានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ ​(SCG) និង​ចំណាយថវិកា​ប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​កំពង់ចាម

កំណាត់ផ្លូវជាតិលេខ៧ ដែល​មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម បានបើកការដ្ឋាន​​ស្តារ​និង​ពង្រីកពី ២ គន្លង ទៅ ៤គន្លង កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣។

តាមផែនការនឹង​បញ្ចប់នៅក្នុងឆ្នាំ២០២៦ ដោយ​ចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក។

ស្ពាន​អាកាស​ឫស្សីកែវ

ស្ពានអាកាសឫស្សីកែវ បានដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ននៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បើទោះ​បី​មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​ក៏​ដោយ​។ ស្ពានអាកាសឫស្សីកែវ បើកការដ្ឋាន​សាងសង់កាលពីថ្ងទី ៣១ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។

ស្ពាននេះមានបណ្ដាយប្រវែង ៤៨៣ ម៉ែត្រ និងទទឹង១៥,៨ ម៉ែត្រ ដែលទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

ផ្លូវ​ជាតិ​លេខ ៥

ផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវ៉េលេខ១ គឺជាគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារផ្លូវមួយខ្សែនេះ តភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាផងដែរ។

ការសាងសង់ផ្លូវនេះ​បែងចែកចេញជា ៣ កំណាត់ផ្សេងៗគ្នាគឺផ្នែកខាងជើង, តំបន់កណ្ដាល, និងផ្នែកខាងត្បូង ដោយគិតចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ។

ការ​សាងសង់​​ផ្លូវនេះប្រើប្រាស់​កម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន​ជាង ៥០០ លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ហើយ​គ្រោង​​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ២០២៤។

ផ្លូវ​ជាតិ​លេខ ២

គម្រោង​​ធ្វើឱ្យ​ប្រសើរឡើង​វិញកំណាត់​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បាន​បើកការដ្ឋាន​សាងសង់​​កាលពីខែកុម្ភៈ​ ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​ថវិកា ៥៦,១លានដុល្លារ ដែល​ជា​ហិរញ្ញប្បទាន​ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និង​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា។ ​ផ្លូវនេះមាន​ប្រវែង​សរុប ៧២,១៧គីឡូម៉ែត្រ ចែកចេញ​ជា៣ផ្នែក

ផ្នែកទី១ៈ ចាប់ពី​រង្វង់មូលតាខ្មៅ ដល់​ផ្លូវប្រសព្វមហាវិថីសម្តេច​តេជោ ហ៊ុន សែន មាន​ប្រវែង ៤,៣៤គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ (៤គន្លង)។

-ផ្នែកទី២ៈ ចាប់ពី​ផ្លូវប្រសព្វមហាវិថីសម្តេច​តេជោ ហ៊ុន សែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ទទឹង ២០,៥០ម៉ែត្រ (៤គន្លង)។

-ផ្នែកទី៣ៈ ចាប់ពីរង្វង់មូលកួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ និងទទឹង​១៣ម៉ែត្រ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន បាន​បញ្ជាក់នៅ​ក្នុងពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ផ្លូវជាតិលេខ២ និងលេខ២២ នឹង​បញ្ចប់នៅ​ឆ្នាំ ២០២៣។

ផ្លូវជាតិលេខ ១០

គិតមកដល់ពេលនេះ ផ្លូវជាតិលេខ១០ ពីខេត្តកោះកុងទៅកាន់ខេត្តបាត់ដំបង សម្រេចការសាងសង់បានជិត ៧០ ភាគរយ ហើយតាម​ផែនការ​នឹង​រួចរាល់នៅឆ្នាំ២០២៤។  

លាតសន្ធឹងពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង មានប្រវែងប្រវែង ១៩៧,៣៧ គីឡូម៉ែត្រ ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ប្រមាណ ១៨៨ លានដុល្លារ ដែល​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្នុង​គម្រោង​តម្រូវ​ឲ្យ​មាន​ការសាងសង់ស្ពានខ្ពស់​ជាងគេ​មួយ ដែល​មាន​កម្ពស់​ ៧៥ ​ម៉ែត្រ បណ្តោយ ៥៣០ ​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។

ផ្លូវជាតិលេខ ៤១

ផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត បានបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាព ក្រោមអធិបតីភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលនឹងបញ្ចប់នៅឆ្នាំ​២០២៦ ដោយគ្រោងចំណាយថវិកាសរុបជាង ៦៧ លានដុល្លារ។

ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា៖ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

ផ្លូវជាតិ ៤៨

ការសាងសង់ផ្លូវជាតិលេខ ៤៨ សម្រេចវឌ្ឍនភាពការងារបាន ១១,៧៦% ហើយ ខណៈផ្លូវនេះតាមផែនការត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២៤។

ផ្លូវជាតិ ៤៨ បើកការដ្ឋានសាងសង់នៅ​ថ្ងៃទី៣ ខែកមរា ឆ្នាំ២០២២ ដោយចំណាយថវិកាសរុបប្រមាណ ៦៥,១៤ លានដុល្លារ​។ ផ្លូវនេះគឺជាកំណាត់ផ្លូវអាស៊ានលេខ ១២៣ ដែលលាតសន្ធឹងពីប្រទេសវៀតណាម ហើយបញ្ចប់នៅប្រទេស​ថៃ​។

ផ្លូវនេះនឹងមានមុខងារសំខាន់ៗជាច្រករបៀងសេដ្ឋកិច្ចសក្តានុពល សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងសមាហរណកម្មផ្ទៃក្នុងនិងតំបន់ និងការជំរុញពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ ផ្លូវនេះក៏នឹងលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមច្រករបៀងឆ្នេរសមុទ្រ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់ប្រជាជនផងដែរ។ គម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលាដឹកជញ្ជូន និងការចំណាយ ព្រមទាំងរួមចំណែកដល់បណ្តាញដឹកជញ្ជូនជាតិ។

ស្ពានអាកាស​ព្រះមុនីវង្ស

«ស្ពានអាកាសព្រះមុនីវង្ស» ស្ថិត​នៅក្នុង​ចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។

ស្ពានអាកាស​ព្រះមុនីវង្ស បាន​​បើក​ការដ្ឋាន​សាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខណៈ​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​បុកគ្រឹះសសរស្ពាន​ ដោយ​គ្រោង​ចំណាយពេលវេលាសាងសង់ ៣៦ ខែ និង​ថវិកាជាង ៣៦ លាន​ដុល្លារ។

«ស្ពានអាកាសគង់សំអុល»

«ស្ពានអាកាសគង់សំអុល» ក៏​បើក​ការដ្ឋាន​សាងសង់​ដំណាលស្ពានអាកាសព្រះមុនីវង្ស ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយ​គ្រោង​ចំណាយថវិកា ១០ លាន​ដុល្លារ និង​រយៈពេលសាងសង់ ១៦ខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម