ព័ត៌មានជាតិ
ដាវដែកកំពង់ស្វាយ មានប្រវត្តិពាក់ព័ន្ធជនជាតិកួយស្លដែករាប់សតវត្សរ៍មុន
ដាវដែកកំពង់ស្វាយកកើតនៅក្នុងទឹកដីខេត្តកំពង់ធំ ហើយក៏មានប្រវត្តិពាក់ព័ន្ធជនជាតិកួយស្លដែកកាលពីច្រើនសតវត្សមុន។
លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានបង្ហាញពីប្រវត្តិនៃដាវដែកកំពង់ស្វាយមានពាក់ព័ន្ធជនជាតិកួយ។
លោក ហ៊ិន សោភ័ណ បានឲ្យកម្ពុជាថ្មីដឹងថា នៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយកាលពីអតីតកាល ដែលបច្ចុប្បន្នខេត្តកំពង់ធំ មានទាំងជនជាតិខ្មែររស់នៅផង និងជនជាតិកួយរស់នៅក៏ច្រើនដែរ។ ជនជាតិកួយគឺជាពូជពង្សអ្នកស្លដែកដ៏ពូកែ ដែលគេដឹងថាផលិតដែកទាំងអម្បាលម៉ានសម្រាប់ប្រើប្រាស់នៅសម័យបុរាណ គឺសុទ្ធសឹងស្លឬផលិតជាឧបករណ៍ប្រើប្រាស់គ្រប់មុខដោយជនជាតិកួយ។

មុននឹងស្លជាដែកបាន គឺគេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្ក្រានដែលហៅថា “សន្លុង” ក្នុងសីតុណ្ហភាពយ៉ាងតិច ៣០០០ អង្សាសេ ទើបរលាយក្លាយជាដែក។ ភ្នំដែលគេស្គាល់ថាថ្មមានជាតិរ៉ែដែកច្រើននោះគឺភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ ដែលពីមុនជាអតីតដែនដីនៃខេត្តកំពង់ស្វាយ។ ក្នុងនោះអ្វីពិសេសបំផុតនៃផលិតផលដែកនោះគឺដាវ ដែលជាអាវុធមួយប្រភេទយ៉ាងមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងសឹកសង្គ្រាមនាសម័យបុរាណ។
លោកអះអាងថា ដាវដែកដែលផលិតដោយជនជាតិកួយនៅស្រុកកំពង់ស្វាយ មានភាពល្បីរន្ទឺខ្លាំងណាស់ ដ្បិតដែកដែលយកមកធ្វើជាដាវមានគុណភាពល្អប្រសើរ។ ហេតុដូច្នេះហើយបានជាយើងឮតាមបទចម្រៀងមង្គលការថា “ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរ្តិ៍ពីឪពុក ស្រោមកេរ្តិ៍ពីម្ដាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ”។ ពោលគឺមានន័យថា ដោយសារតែដាវដែលផលិតនៅខេត្តកំពង់ស្វាយមានគុណភាពល្អ ទើបបានជាអ្នកនិពន្ធចាប់អារម្មណ៍តាក់តែងជាបទចម្រៀងឡើង។
លោក ហ៊ិន សោភ័ណ បន្តទៀតថា សព្វថ្ងៃនេះយើងបានឃើញសន្លុងស្លដែកជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលសុទ្ធសឹងជាអតីតដែនដីរបស់ខេត្តកំពង់ស្វាយព្រោះឈ្មោះ “ខេត្តកំពង់ធំ” ទើបនឹងមានប្រើប្រាស់នៅសម័យបារាំងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត សព្វថ្ងៃគេឃើញមានពិធីសែនដែកជារៀងរាល់ឆ្នាំរបស់បងប្អូនជនជាតិកួយនៅភូមិវាលវែង ស្រុក ប្រាសាទសំបូរ ហើយសម្ភារៈសម្រាប់សែនរួមមាន៖ ដាវ កាំបិត ដឹង កណ្ដៀវ ចបជីកជាដើម។

ដោយឡែកពាក់ព័ន្ធការស្រាវជ្រាវអំពីឧស្សាហកម្មដែកបុរាណ លោក ហ៊ិន សោភ័ណ បានបញ្ជាក់ថា នៅរវាងចុងសតវត្សរ៍ទី១៩ អ្នកស្រាវជ្រាវមកពីបណ្តាប្រទេសនៅតំបន់លោកខាងលិចពោលគឺតំបន់អឺរ៉ុប បានចាប់ផ្ដើមសិក្សាស្រាវជ្រាវអំពីឧស្សាកម្មដែកបុរាណនៅកម្ពុជាដំបូងបង្អស់ ហើយបានបោះពុម្ពជាសៀវភៅនិងរបាយការណ៍ផ្សេងៗ។ ក្រោយមកនៅឆ្នាំ១៩៤៨ លោក មាស ហាំ ដែលជាអតីតបាឡាត់ស្រុកកំពង់ស្វាយ ក៏បានសរសេរអត្ថបទមួយនៅក្នុងក្រុមជំនុំទំនៀមទម្លាប់ដែលមានចំណងជើងថា “ពិធីស្លដែក នៃជាតិកួយ នៅស្រុករវៀងខេត្តកំពង់ធំ”។ លុះចូលមកដល់រវាងឆ្នាំ១៩៩៣ លោក ឆេង ផុន និងកូនប្រុសលោកក៏បានសិក្សាអំពីរឿងរ៉ាវនេះខ្លះៗដែរ។
លោក ហ៊ិន សោភ័ណ បានបន្តថា នៅរវាងឆ្នាំ ២០០៨ គម្រោងមួយរបស់រាជបណ្ឌិតសភាកម្ពុជាបានបង្កើតឡើង ដែលផ្ដល់ឱកាសឲ្យបញ្ញាវន្តខ្មែរជាច្រើនបានចុះធ្វើការស្រាវជ្រាវពីឧស្សាហកម្មដែកបុរាណរបស់ខ្មែរ។ បន្ទាប់មកគម្រោងនេះក៏មានការគាំទ្រពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយចេញសេចក្តីសម្រេចលេខ ៥១. សសរ. ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១១។ នៅឆ្នាំ២០១២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការជាច្រើន ក៏បានចាប់ផ្តើមធ្វើការងារនេះបន្តទៀត ដោយនៅពេលនោះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ ក៏បានចូលរួមចំណែកលើការស្រាវជ្រាវនេះដែរ។
លោកបន្តថា ក្នុងឆ្នាំដដែលនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានបន្តស្រាវជ្រាវហើយតម្លើងជារបាំមួយមានឈ្មោះថា “របាំកួយស្លដែក”។ របាំនេះបានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងមហោស្រពយុវជនទូទាំងប្រទេសលើកទី ៣ ក្នុងឆ្នាំ២០១៦។
បើតាមលោកប្រធានមន្ទីរ នៅក្នុងឆ្នាំ២០១៩ ជំនាន់លោក សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី បានចុះសិក្សាស្រាវជ្រាវអំពីឧស្សាហកម្មដែកបុរាណ ក្នុងគោលបំណងយល់ដឹងឲ្យបានច្រើនអំពីប្រវត្តិផ្សេងៗ ដើម្បីធ្វើរូបសំណាក “ដាវដែកកំពង់ស្វាយ”។

រូបសំណាក “ដាវដែកកំពង់ស្វាយ” ត្រូវបានអាជ្ញាធរខេត្តកំពង់ធំសាងសង់ត្រង់ផ្លូវច្រមុះជ្រូកកំពង់ធំ-សៀមរាប និងកំពង់ធំ ព្រះវិហារ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងថឫស្សី ក្នុងស្រុកកំពង់ស្វាយ។ រូបសំណាក «ដាវដែកកំពង់ស្វាយ» មានប្រវែង ៦,៤ ម៉ែត្រ ទទឹងដាវ ០,៤៥ម៉ែត្រ កម្រាស់ខ្នងគល់ដាវ ០,៧០ ម៉ែត្រ ផ្នែកគល់ដាវ ០,៣០ ម៉ែត្រ ផ្នែកចុងដាវ ០,២០ម៉ែត្រ និងផ្នែកមុខដាវ ០,១០ ម៉ែត្រ ។
លោកសុខ លូ អតីតអភិបាលខេត្តកំពង់ធំបញ្ជាក់ថា ក្រុមការងារនិងអ្នកជំនាញបានប្រជុំពិភាក្សាគ្នាសម្រេចសាងសង់រូបសំណាកដាវដែកដោយមិនមានស្រោម។ ការផលិតដាវមិនមានស្រោមបែបនេះ ចង់បង្ហាញពីរូបរាងដាវដែកកំពង់ស្វាយដ៏មានមហិទ្ធិឫទ្ធិ។

ទឹកដីខេត្តកំពង់ធំនៅពេលបច្ចុប្បន្ននេះ កាលពីនៅសតវត្សទី ១០ មានឈ្មោះថា សន្ទុក។ ឈ្មោះនេះបានបន្តប្រើប្រាស់ដល់សម័យកណ្តាលនៅរវាងសតវត្សរ៍ទី ១៧ នៃគ្រឹស្តសករាជដែលគេហៅថា “ខេត្តអាសន្ទុក ឬស្រុកសន្ទុក” (ពាក្យថា”ស្រុក” នៅសម័យកណ្តាលមានន័យស្មើខេត្តសព្វថ្ងៃ)។ ពេលនោះទីប្រជុំជនខេត្តដំបូងស្ថិតនៅភូមិព្រះឥន្រ្ទកុមារ ហើយក្រោយមកលើកទៅភូមិកំពង់ស្វាយវិញ (តាមដងស្ទឹងសែន) ហើយសម្ដេចចៅពញាចន្ទរាជា ទ្រង់អនុញ្ញាតឲ្យ ឧកញ៉ាចៅពញា ឧទ័យរាជា ជាចៅហ្វាយស្រុកអាសន្ទុក និងជាមេទ័ពទៀតផង។ បន្ទាប់មកទៀត នៅក្នុងរាជ្យរបស់ព្រះបាទស្រីសុរិយោពណ៌ (គ.ស.១៦០៧ – ១៦១៨) ទ្រង់បានចាត់ឱ្យឧកញ៉ាតេជាបុរាជមាស ឬតេជោមាសឬហៅថា ឧកញ៉ាក្រហមកធ្វើជាចៅហ្វាយស្រុកអាសន្ទុក។ ពេលនោះឧកញ៉ាតេជោមាស បានស្នើប្ដូរឈ្មោះស្រុកអាសន្ទុកមកជាស្រុកកំពង់ស្វាយវិញ។ ស្រុកឬខេត្តកំពង់ស្វាយនៅពេលនោះ មានទំហំផ្ទៃដ៏ធំធេងមានព្រំប្រទល់ផែនដីជាប់ដែនដីស្រុកលាវ។
គួរបញ្ជាក់ថា ក្រៅពី «ដាវដែកកំពង់ស្វាយ» ដែលអាជ្ញាធរខេត្តសាងសង់ជារូបសំណាកជាអត្តសញ្ញាណខេត្ត ក៏បានសង់រូបសំណាក «លោកឧកញ៉ាតេជោក្រហម ក» និងរូបសំណាក «អាចារ្យលាក់» ក៏មានប្រវត្តិពាក់ព័ន្ធទឹកដីខេត្តកំពង់ធំ៕
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា១ សប្តាហ៍ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ