Connect with us

ព័ត៌មានជាតិ

​ខេត្ត​ឧត្តរមានជ័យ ពឹងផ្អែ​កលើ​​វិស័យ ៣​​ សំខាន់ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច​ខេត្ត

បានផុស

នៅ

លោក​ប៉ែន កុសល្យ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមានជ័យ​បាន​គូស​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ខេត្ត​​ឧត្តរមានជ័យ​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៣ គឺ​វិស័យ​កសិកម្ម​ ​រ៉ែ និង​ទេសចរណ៍​​។ លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀប​ចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន កុសល្យ បាន​លើក​ឡើង​ថា ដោយ​សារ​ខេត្ត​ឧត្តរមានជ័យ​មាន​លក្ខណៈ​អំណោយ​ផល​ផ្នែក​វិស័យ​កសិកម្ម​ ​ប្រជាជន​​នៅ​ក្នុង​ខេត្ត​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម​។ ដំណាំសំខាន់ៗ​មាន ស្រូវ​ ដំឡូង​មី ចេក ស្វាយ​ចន្ទី ស្វាយ​កែវ រមៀត​ ពោត សណ្ដែក​ និង​អនុផល​ជា​ច្រើន​ទៀត ​ដែលបាន​ជួយ​លើកស្ទួយ​​ជីវភាព​ពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរ​តាម​រយៈ​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

លោក​បន្ត​ថា ផល​កសិកម្ម​នៅ​​ក្នុង​ឆ្នាំ​នេះមាន​ភាព​ល្អ​ប្រសើរ​ ដែល​​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រីក​ចម្រើន​គួរ​ឱ្យ​​កត់សម្គាល់។

ដើម្បី​លើក​កម្ពស់​​វិស័យ​កសិកម្ម​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត លោក​អភិបាល​ខេត្ត​បញ្ជាក់ថា ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ចងក្រង​​ឱ្យ​​​មាន​បណ្ដុំ​អាជីវកម្ម​ដំណាំ​នានា​ដូច​ជា​ បណ្ដុំ​ដំឡូងមី, ត្រសក់​ផ្អែម, ឪឡឹក​លឿង, ស្វាយ​កែវ រមៀត, បន្លែ និង​ស្រូវ​ជាដើម។ ​បច្ចុប្បន្ន​ ខេត្ត​​កំពុង​ឈាន​មុខ​ក្នុង​ការ​ដាំដុះនិង​ផ្គត់ផ្គង់​លើ​ផលិតផល ឪឡឹក​លឿង ឪឡឹក​ទឹកក្រូច និង​ត្រសក់​ផ្អែម (មីឡុង) រួម​នឹង​ចេក​អំបូង​លឿង​ ដែល​បាន​ដាំដុះ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ ៨ ០៤៦ហិកតា ​ទូទាំង​ខេត្ត និង​កំពុង​ប្រមូល​ផល​ជា​បន្តបន្ទាប់ សម្រាប់​ផ្គត់ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុកក៏​ដូចជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

ក្រៅពីកសិកម្ម ខេត្ត​ឧត្តរមានជ័យក៏មាន​វិស័យ​ធំ​ពីរ​ទៀត​គឺ​ រ៉ែ និង​ទេសចរណ៍។ ពាក់​ព័ន្ធវិស័យ​រ៉ែ លោក​ ប៉ែន កុសល្យ បាន​លើក​ឡើង​ថា ​ផ្ដោត​សំខាន់​លើ​រ៉ែ​មាស រ៉ែ​ត្បូង សំណ និង​រ៉ែធ្យូងថ្ម​។ ​ខេត្ត​ក៏​​មាន​រោងចក្រអគ្គិសនី​ដើរ​ ដោយ​ថាមពល​​ធ្យូងថ្ម​មួយ​កន្លែង​ស្ថិត​ក្នុងស្រុក​ត្រពាំងប្រាសាទ។ រោងចក្រ​អគ្គិសនី​​ដុត​ដោយ​​ធ្យូងថ្ម​នេះ​មាន​អនុភាព ២៦៥ មេហ្គាវ៉ាត់ ដែល​ក្រៅពី​អាច​បំពេញ​តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុង​ខេត្ត ក៏​បាន​ជួយ​ផ្គត់ផ្គង់​​ដល់​ខេត្ត​សៀមរាប ដោយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនីពី​ខេត្ត​ឧត្តរមានជ័យ​ទៅកាន់​អនុ​ស្ថានីយដែល​គ្រោង​ដំណើរការ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

វិស័យ​ទេសចរណ៍លោក​​ប៉ែន កុសល្យ បាន​ចង្អុល​បង្ហាញ​ថា ទូទាំង​ខេត្ត​មាន​តំបន់​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​វប្បធម៌ និង​តំបន់​ប្រវត្តិសាស្ត្រ​ ដែល​ជា​កេរ្តិ៍​ដំណែលបន្សល់​ទុក​ដោយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ​ក្នុង​នោះទេសចរណ៍ធម្មជាតិ​មាន​ចំនួន ៧ ​ទីតាំង, តំបន់​ប្រវត្តិសាស្ត្រ​ចំនួន ១៤​ ទី​​តាំង និង​ទេសចរណ៍​វប្បធម៌មាន​រហូត​ដល់ ១៤៤ ​កន្លែង។

តំបន់ទេសចរណ៍វប្បធម៌ ខេត្ត​កំពុង​សិក្សា​ជា​មួយ​រដ្ឋបាល​ក្រុង-ស្រុក និង​មន្ទីរពាក់ព័ន្ធអំពី​ស្ថានភាព​ប្រាសាទ​នានា​ដែល​នៅ​សេស​សល់ ហើយ​គ្រោង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម