នៅរយៈពេលប្រមាណ២ម៉ោងមុននេះ លោកស្រី មូរ សុខហួរ និងលោក នុត រំដូល អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះមានអ្នកជូនដំណើរផង បានចេញដំណើរទៅកាន់ព្រលានយន្តហោះ នៅទីក្រុង Boston ដើម្បីឡើងយន្តហោះមកកាន់ប្រទេសកម្ពុជាហើយ នេះបើតាមការឲ្យដឹងពីក្រុមអ្នកគាំទ្រ។
ក្រុមអ្នកគាំទ្របានបញ្ជាក់យ៉ាងនេះថា “លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរឆ្ពោះទៅព្រលានយន្តហោះសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅព្រលានយន្តហោះប្រទេសកម្ពុជា ទាំងទឹកមុខញញឹម មានភក្ដីភាពចំពោះប្រទេសជាតិយ៉ាងពិតប្រាកដ។ ជ័យជំនះរបស់ខ្មែរ ខ្មែរជាអ្នកឈ្នះ យើងមានប្រទេសដូចគេដែរ គឺប្រទេសកម្ពុជា យើងមានសញ្ជាតិដែរ គឺជនជាតិខ្មែរ”។
សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ និងក្រុមអ្នកហែហម គ្រោងធ្វើដំណើរមកកាន់កម្ពុជាកាលពីថ្ងៃទី០៤ ខែមករា ប៉ុន្តែបានផ្អាកទៅវិញ ដោយសំអាងថា ក្រុមហ៊ុនអាកាសចរណ៍បានផ្អាកដំណើរការ ហើយបានអះអាងថា ក្នុងករណីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលត្រូវចេញដំណើរពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១មិនមានការប្រែប្រួលនោះ លោកស្រី មូរ សុខហួរ និងអ្នកអមដំណើរ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣៥ នាទីល្ងាច តាមជើងហោះហើរលេខSQ500B។
ទាក់ទងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់បានអះអាងថា ការប្រកាសរបស់លោកស្រី មូរ សុខហួរ ដើម្បីចូលមកក្នុងស្រុកខ្មែរនោះ គ្រាន់តែប្រកាសនៅក្នុងអារម្មណ៍តែប៉ុណ្ណោះ។ បើតាមលោក សុខ ឥសាន នៅពេលនេះសមត្ថកិច្ចកម្ពុជាបង្កើនវិធានការច្បាប់ចំពោះបញ្ហាជំងឺកូវីដ១៩ផង និងក្រុមជនល្មើសច្បាប់ផង ដើម្បីធានាការពារសន្តិភាព សន្តិសុខសង្គម និងសុខភាពប្រជាជនកម្ពុជា។
លោកថា នៅពេលនេះជាពេលរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកណាក៏ដោយឲ្យតែមកដល់ព្រំដែន នឹងត្រូវចាប់ទុកធ្វើចត្តាឡីស័កទាំងអស់ ដោយមិនលើកលែង មានរឿងអីផ្សេងទៀតសឹមគិតក្រោយ៕
ដោយ ៖ កោះកែវ