ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ស្វាគមន៍ចំពោះអង្គការខុមហ្វ្រែល ដែលគ្រោងដាក់អ្នកសង្កេតការណ៍ពិនិត្យមើលការបោះឆ្នោត
មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសស្វាគមន៍ចំពោះគម្រោងដាក់អ្នកសង្កេតការណ៍ដ៏ច្រើន របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នាពេលខាងមុខនេះ។

ចាប់ពីដើមខែមេសាតទៅ គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដើម្បីចូលរួមពិនិត្យមើលដំណើរការរៀបចំការបោះឆ្នោត អាណត្តិទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ មន្ត្រីអង្គការខុមហ្វ្រែល បានប្រកាសថា អង្គការរបស់ខ្លួន នឹងដាក់អ្នកសង្កេតការណ៍ចូលរួមតាមដានពិនិត្យមើលការបោះឆ្នោតតំណាងរាស្រ្ដ អាណត្តិទី ៧នេះ បន្ទាប់ពីខកខានដាក់អ្នកសង្កេតការណ៍ កាលពីឆ្នាំ ២០១៨កន្លងទៅនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៩ ខែមីនានេះថា គ.ជ.ប ស្វាគមន៍ដែលអង្គការខុមហ្វ្រែល បានសម្រេចថា នឹងដាក់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ខាងមុខ។ បន្ថែមពីលើនេះ ក្នុងនាម គ.ជ.ប លោក សោម សូរីដា ក៏បានលើកទឹកចិត្តដល់អង្គការ-សមាគមផ្សេងទៀត អាចដាក់អ្នកសង្កេតការណ៍ ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះផងដែរ។
តាមការកត់សម្គាល់របស់អ្នកនាំពាក្យ គ.ជ.ប គឺការចូលរួមរបស់អង្គការខុមហ្រ្វែល នៅក្នុងការដាក់អ្នកសង្កេតការណ៍ ដើម្បីតាមដានពិនិត្យមើលដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានលក្ខណៈខុសប្លែកពីការចូលរួមមុនៗ។ ខុសប្លែកត្រង់ថា នៅឆ្នាំ ២០១៨ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ អង្គការខុមហ្រ្វែល មិនបានដាក់អ្នកសង្កេតការណ៍ឡើយ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីឆ្នាំ ២០២២កន្លងទៅនេះ អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ បានដាក់អ្នកសង្កេតការណ៍ត្រឹមតែជិត ២ពាន់នាក់ប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ការបោះឆ្នោតអាណត្តិទី ៧នេះវិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានគម្រោងដាក់អ្នកសង្កេតការណ៍ច្រើនខុសពី ២លើកកន្លងមកនេះ។ «ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ យើងសង្កេតឃើញថា ខុមហ្វ្រែល ហាក់ដូចជាចាប់អារម្មណ៍ច្រើន ហើយក៏បានទទួលព័ត៌មានពីខុមហ្វ្រែលផ្ទាល់ ដែលថា អង្គការនេះ នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជា ១ម៉ឺននាក់»។ នេះជាការឲ្យដឹងបន្ថែមពីលោក សោម សូរីដា។
មន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ បានបន្ថែមទៀតថា ការចូលរួមរបស់អង្គការសង្គមស៊ីវិល ដោយដាក់អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ នៅក្នុងដំណើរការរៀបចំការបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះអ្នកសង្កេតការណ៍ទាំងអស់នោះ គឺជាសាក្សីដឹងលឺអំពីកិច្ចការទូទៅនៃដំណើរការរៀបចំការបោះឆ្នោត ទៅលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ជាដើម។
គួរឲ្យដឹងថា កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។
គ.ជ.ប បានបង្ហាញក្ដីសង្ឃឹមថា គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


