Connect with us

ព័ត៌មានជាតិ

បុគ្គលមានសក្តានុពល៣រូប ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

បានផុស

នៅ

រយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សក្រៅរាជរដ្ឋាភិបាលជាច្រើន បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះ គេមើលឃើញថា បុគ្គលចំនួន៣រូប ដែលធ្លាប់តែ រិះគន់ទៅលើរាជរដ្ឋាភិបាល ក៏បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាល និងទទួលបានការតែងតាំងតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយមន្ត្រីបក្សក្រៅរាជរដ្ឋាភិបាលរូបនេះ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ការសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាល គឺដោយហេតុថា លោកពេញចិត្តទៅនឹងគោលនយោបាយវិស័យកសិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន។ ដោយមើលឃើញដូច្នេះ ទើបលោកចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាល ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្ម។ តាមរយៈមុខតំណែងក្នុងជួររាជរដ្ឋាភិបាលនេះ នឹងអាចឲ្យលោករួមចំណែកសម្រេចបេសកកម្មជួយដល់ប្រជាកសិករ និងការកែទម្រង់វិស័យកសិកម្មនៅកម្ពុជា ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។

រីឯ កាលពីពេលថ្មីៗនេះ លោក សូ ណារ៉ូ ដែលជាអ្នកអធិប្បាយប្រឆាំងនៅក្រៅប្រទេស ក៏ត្រូវបានព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យចំនួន២ ដោយទី១ ទទួលស្គាល់អតីតភាពការងារជាមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងទី២ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យនេះ ធ្វើឡើងក្រោយមានសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីទទួលបានការតែងតាំងនេះ លោក សូ ណារ៉ូ បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក៏ដូចជាថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចមានព្រហ្មវិហាធម៍ ការសណ្តោសប្រោសប្រណី បានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឲ្យលោកបានចូលរួមបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្រ្តីឡើងវិញ។ លោក សូ ណារ៉ូ ក៏បានបង្ហាញការចងចាំនូវបណ្តាំរបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានប្រសាសន៍ថា«យើងធ្លាប់តស៊ូជាមួយគ្នា ហើយពីមុនមេឃងងឹត ឥឡូវមេឃភ្លឺវិញហើយ ណារ៉ូ ក្មួយវិលត្រឡប់មកប្រទេសយើងវិញ រួមគ្នាអភិវឌ្ឍន៍ជាតិទាំងអស់គ្នា»។

ដូច្នេះហើយ ទើបលោកសម្រេចចូលរួមបម្រើជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមានប្រកបដោយទំនួលខុសត្រូវខ្ពស់។

ដោយឡែក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រោយជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន អស់រយៈពេលជាង ៤ម៉ោង លោក ព្រាប កុល ដែលជាអតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏បានទទួលការផ្ដល់សេចក្ដីទុកចិត្តក្នុងការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។ លោក ព្រាប កុល បានលើកឡើងថា លោកចូលរួមជាមួយរាជរដ្ឋាភិបាល នៅពេលនេះ គឺដោយមើលឃើញពីឆន្ទៈយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចតេជោហ៊ុន សែន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជា។

ម្យ៉ាងវិញទៀត ដោយហេតុថា លោកស្ដាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបទពិសោធន៍ ដែលលោកមានកន្លង មក ជាពិសេស បទពិសោធន៍ជាង២០ឆ្នាំនៅស្ថាប័នមិនមែនរដ្ឋាភិបាលអន្តរជាតិជាច្រើនផង ទើបលោកសម្រេចចូលរួមចំណែកបម្រើជាតិ និងប្រជាពលរដ្ឋ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើស្មារតីបម្រើជាតិ និងប្រជាជនកម្ពុជាជាធំ។ ក្នុងតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល នឹងត្រូវទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ ការងារវិនិយោគ កំណែទម្រង់ និងកិច្ចការបរទេស៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣២ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម