ព័ត៌មានជាតិ
អ្វីទៅជា«អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា»?
ច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រកាសដាក់ឲ្យប្រើកាលពីអំឡុងឆ្នាំ២០២០។ គោលបំណងនៃច្បាប់នេះ គឺធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើសនេះ។ ក្នុងនោះ ស្ថាប័នមានសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺ«អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា»។

អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា គឺជាអង្គភាពដែលមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តដោយឯករាជ្យភាព ហើយស្ថិតនៅក្រោមធនាគារជាតិនៃកម្ពុជា និងត្រូវមានក្រុមប្រឹក្សាភិបាលមួយ ដែលមានតួនាទីពិគ្រោះយោបល់ និងផ្ដល់អនុសាសន៍លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុភេរវកម្ម។ សមាសភាពរបស់ក្រុមប្រឹក្សាភិបាលនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា រួមមាន៖ តំណាងធនាគារជាតិនៃកម្ពុជា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាលេខាធិការ។
ភារកិច្ចចម្បងរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ គឺការទទួលរបាយការណ៍ប្រតិបត្តិការសង្ស័យ របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ និងការប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ភារកិច្ចវិភាគ និងវាយតម្លៃលើរបាយការណ៍ ហើយបញ្ជូនរបាយការណ៍វិភាគនេះទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីវិភាគរកឃើញថាមានបទល្មើសលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម ដើម្បីស៊ើបអង្កេតបន្ត តាមនីតិវិធីច្បាប់។

ក្រៅពីនេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ក៏ត្រូវអនុវត្តភារកិច្ចមួយចំនួនផ្សេងទៀត ដើម្បីគាំទ្រដល់បេសកកម្មរបស់ខ្លួន។ បេសកកម្មយ៉ាងសំខាន់របស់អង្គភាពស៊ើបការណ៍ទៀតសោត គឺទប់ស្តាត់កុំឲ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដើម្បីលាងសម្អាតមូលនិធិ និងទ្រព្យសម្បត្តិដែលបានពីសកម្មភាពល្មើសច្បាប់ ក៏ដូចជាយកមូលនិធិ ឬទ្រព្យសម្បត្តិទាំងនោះមកប្រព្រឹត្តិ ឬគាំទ្រសកម្មភាពភេរវកម្មតាមរូបភាពផ្សេងៗ ជាដើម។
តែយ៉ាងណាមិញ ក្រុមប្រឹក្សាភិបាល មន្ត្រី និងបុគ្គលិកនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាទាំងអស់ត្រូវតែរក្សាការសម្ងាត់រាល់ព័ត៌មានដែលទទួលបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើទោះបីក្រោយចប់ភារកិច្ចនៅអង្គភាពនេះក៏ដោយ។ ប៉ុន្តែការទំនាក់ទំនងជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុបរទេស គឺអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាអាចផ្លាស់ប្តូរព័ត៌មានជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុបរទេសបាន លុះណាតែអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុបរទេសនោះមានកាតព្វកិច្ចរក្សាការសម្ងាត់ដូចគ្នា ដោយមិនគិតពីប្រភេទនៃអង្គភាព។ គោលបំណងនេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាអាចចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គភាពទាំងនោះបាន។

បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលរួមមាន ឯកឧត្តម ឌី វិជ្ជា តំណាងក្រសួងមហាផ្ទៃ លោក កឹមរ័ត្ន វិសិដ្ឋ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទេព ភិយ្យោរិន្ទ្រ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ែន ពេជ្រសាលី តំណាងក្រសួងយុត្តិធម៌ និងលោកស្រី សាយ សំអាត ប្រធាននៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាលេខាធិការ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


