Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានមិនទាន់មានចំណាត់ការលើការហ៊ុមព័ទ្ធដីរាប់រយហិកតា របស់នាយកសាលានគរបាលភូមិភាគ៥

បានផុស

នៅ

រហូតមកទល់ពេលនេះ បញ្ហាវិវាទដីធ្លីរវាងលោក បុិ វ៉ាន់ ហៅឡុង នាយកសាលានគរបាល ភូមិភាគ៥ ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅមិនទាន់មានដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្ឋាននៅឡើយទេ បន្ទាប់ពីលោក បុិ វ៉ាន់ បានដាក់កម្លាំងចុះបោះបង្គោល និងព័ទ្ធបន្លាលួស រំលោភយកដីដែលប្រជាពលរដ្ឋកំពុងដាំដំណាំ។

គួរបញ្ជាក់ថា ដីចម្ការទំហំ ៧០ ហិកតា ដែលជាដីរបស់ប្រជាពលរដ្ឋកំពុងបង្កបង្កើនផល ហើយក៏ជាដីជាប់បំណុល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់តុលាការ ត្រូវបានលោក បុិ វ៉ាន់ ហៅឡុង ធ្វើរបងឡោមព័ទ្ធទាំងបំពាន ដែលធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ មានការក្តៅក្រហាយយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាបច្ចុប្បន្នដីកំពុងប្រឈមនិងទំនាស់ក្តី ក៏កម្លាំងរបស់លោក បុិ វ៉ាន់ នៅតែបន្តធ្វើសកម្មភាពដដែល ដូចជា ការដាំបង្គោលរបង ការដាក់គ្រឿងចក្រដើម្បីខួងអណ្តូងខ្នាតធំ ការប្រើប្រាស់គ្រឿងចក្រឈូសឆាយធ្វើផ្លូវពារលើផលដំណាំរបស់ប្រជាកសិករ ការទាញលួសបន្លាបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលលើដីរបស់ខ្លួន ការសង់រោងស្នាក់នៅលើដីប្រជាពលរដ្ឋ និងការហាមឃាត់មិនឱ្យប្រជាពលរដ្ឋ ដាំដុះបន្តលើដីរបស់ខ្លួនឡើយ។

ដីទំនាស់នេះ បានកើតឡើងជាច្រើនលើក ច្រើនសារណាស់មកហើយ គឺស្ថិតនៅចំណុចអូរពពេល ក្នុងភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីទំហំ ៧០ ហិកតា ជារបស់ឈ្មោះ សាន ម៉ាលី អតីត យោធិនពលី និងអ្នកស្រី សន រ៉ាណែត។

តាមការរៀបរាប់ពីអ្នកស្រី សន រ៉ាណែត បានលើកឡើងថា ដីទំហំ ៧០ ហិកតានេះ គឺអ្នកស្រី និងស្វាមីបានទិញ និងបានអាស្រ័យផល តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ដោយមានព្រំប្រទល់ខាងជើងជាប់និងលោកស្រី ឆេង សុីវត្ថា ខាងត្បូង​ទល់និងចំណីអូរពពេល ខាងលិចទល់និង ប្រឡាយដីលោក គឹមសុណ និងខាងកើតទល់ និងប្រឡាយ ផ្លូវកុងទ្រី ដោយមានចុះហត្ថលេខា និងបោះត្រាយ៉ាងត្រឹមត្រូវពីលោកមេឃុំ ផឹង ហ៊ន ថែមទៀតផង។

លោកស្រីបានបន្តថា លុះមកដល់ឆ្នាំ ២០១២ ដោយសារស្ថានភាពជំងឺគ្រុនចាញ់ ប្តី កាន់តែធ្ងន់ ម៉្យាងលុយក៏គ្មាន ទើបអ្នកស្រីសម្រេចយកប្លង់ដីដែលមានទំហំ ៧០ ហិកតានេះ ទៅដាក់បញ្ចាំនៅធនាគារអេសុីលីដា ប្រចាំស្រុកបវេល ដើម្បីយកលុយមកប្រើការ។

នៅពេលនោះ ដំណាំពោតរបស់អ្នកស្រី កំពុងតែលូតលាស់ល្អ ស្រាប់តែឈ្មោះ បុិ វ៉ាន់ ហៅឡុង ដែលបច្ចុប្បន្នមាននាទីជា នាយកសាលានគរបាល ភូមិភាគ៥ (ទួលម្កាក់ កំពង់ព្រះ) បានដាក់កម្លាំង និងគ្រឿងចក្រ ទៅឈូសបំផ្លាញដំណាំខ្ទេចខ្ទី ហើយគេក៏បានដាំដំឡូងពីលើតែម្តង ដែលធ្វើឱ្យអ្នកស្រីកើតទុក្ខ មិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត ដែលកាលណោះអភិបាលខេត្តគឺលោក ប្រាជ្ញ ច័ន្ទ។

នៅពេលនោះហើយដែលខេត្តបានចាត់តាំង លោក សៀង ស៊ុតថង ដឹកនាំគណកម្មការចម្រុះ ដែលមានទាំងអាជ្ញាធរមូលដ្ឋាន និងភូមិបាលស្រុក ចុះទៅវាស់វែង និងបោះបង្គោលព្រំ ដោយបានគាស់ហៅភាគីទាំងសងខាងឱ្យចូលរួម គឺនៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១២ ប៉ុន្តែនៅពេលនោះពុំមានវត្តមានរបស់លោក បុិ វ៉ាន់ ហៅឡុង មកចូលរួមឡើយ។

នៅឆ្នាំ ២០១៥ ពេលដែលអ្នកស្រីធ្លាក់ខ្លួន ដោយសារមើលជំងឺប្តីអស់ពីខ្លួន រហូតប្តីក៏បានស្លាប់ ដោយសារគ្មានប្រាក់បង់អោយធនាគារ ទើបខាងធនាគារបានប្តឹងអ្នកស្រីទៅតុលាការ ទីបំផុតដីអ្នកស្រីត្រូវបានតុលាការប្រកាសដាក់លក់ឡាយឡុង ក្នុងស្រោមសំបុត្រ ប៉ុន្តែមិនមានអ្នកណាចូលដេញថ្លៃទិញនោះទេ ទើបអ្នកស្រីបានចរចារជាមួយធនាគារ សុំលក់ដីមួយចំនួន ដើម្បីបានបង់អោយធនាគារបន្ត។

ប៉ុន្តែនៅពេលនោះ ឈ្មោះខាងលើបានបន្តចូលទន្ទ្រានម្តងទៀត ក្រោយពីទទួលបានដំណឹងនេះ ក្រុមអធិការកិច្ចខេត្តបានគាស់ហៅលោក បុិ វ៉ាន់ ហៅឡុង ឱ្យយកឯកសារមកពិនិត្យរួមគ្នា គឺនៅពេលនោះទើបដឹងថា ប្លង់ដីរបស់លោក បុិ វ៉ាន់ ហៅឡុង មានជារដិបរដុប ហើយមានទីតាំងមិនចំលើដីអ្នកស្រី សន រ៉ាណែតឡើយ។

ថ្មីៗនេះ ខណ:ដែលអ្នកស្រី ជាមួយនិងប្រជាពលរដ្ឋមួយចំនួន ដែលបានទិញដីពីអ្នកស្រី កំពុងតែដាំដំណាំ គឺនៅថ្ងៃទី​២៤ ខែកុម្ភ: ឆ្នាំ២០២៣  ស្រាប់តែលោក បុិ វ៉ាន់ ហៅឡុង បានដាក់កម្លាំងទៅសង់រោងកណ្តាលចម្ការរបស់ប្រជាពលរដ្ឋ ហើយបានចុះដាំបង្គោលព័ទ្ធខ្សែលួស ទៅទល់ជើងភ្នំទាក់ព្រ័ត្រ និងជើងភ្នំវាយចាប ដែលមានទំហំរាប់រយហិកតា ក្នុងនោះដីទំនាស់៧០ហិកតា ក៏ត្រូវបានព័ទ្ធទាំងអស់ ដោយគ្មានរណាហ៊ានតតាំងឡើយ ខណ:ដែលពលរដ្ឋកំពុងដាំដុំនូវ ប្រភេទ ដំឡូង ពោត ស្វាយចន្ទី និងដើមប្រេងខ្យល់ ធំៗទៅហើយ។

ជុំវិញបញ្ហាដ៏ចម្រូងចម្រាស់នេះ លោក បុិ វ៉ាន់ ហៅឡុង នាយកសាលានគរបាល ភូមិភាគ៥ បានបញ្ជាក់តាមរយៈទូរស័ព្ទ កាលពីថ្ងៃទី២០ ឧសភា នេះថា ការដែលលោកដាក់កម្លាំងចុះព័ទ្ធរបងនេះ គឺដោយសារតែដីទាំងអស់នេះជារបស់លោក ដោយសរុបមានទំហំ ៦០០ ហិកតា គឺលោកបានទិញពីប្រជាពលរដ្ឋទាំងពីឆ្នាំ២០០៥ រហូតមក ដែលកាលណោះ ដីនៅព្រៃនៅឡើយ ហើយស្ថិតក្នុងភូមិចម្លងរមាំងក្រោមទាំងអស់។

ដោយឡែកចំពោះដី៧០ហិកតា របស់អ្នកស្រី សន រ៉ាណែត គឺលោក បុិ វ៉ាន់ បានចោទប្រកាន់ថា ប្តីរបស់អ្នកស្រី គឺលោក សាន ម៉ាលី បានឃុបឃិតជាមួយអភិបាលរងស្រុកម្នាក់ ធ្វើប្លង់ជាន់លើដីរបស់លោក ហើយយកទៅដាក់បញ្ចាំធនាគារ អេសុីលីដា។

សម្រាប់សំណួរដែលថា ប្លង់របស់លោក មានរដិបរដុប នេះបើតាមការពិនិត្យរបស់ក្រុមអធិការកិច្ច គឺលោកបានអះអាងថា បើមិនជឿអោយទៅសួរ ប្រជាពលរដ្ឋ និងលោកមេឃុំ ទៅ គឺសុទ្ធតែដឹងថា តំបន់នេះជាដីរបស់លោកទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ផឹង ហ៊ន មេឃុំអូរសំរិល បានបញ្ជាក់ថា ទាំងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងព្រឹត្តហេតុរបស់សាលាឃុំ លើបញ្ហាវិវាទដីធ្លីនេះ លោកកំពុងត្រៀមបញ្ជូនទៅអោយសាលាស្រូកហើយ ដើម្បីពិនិត្យ និងមានវិធានការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នដល់រដូវដែលត្រូវបង្កបង្កើនផលហើយ ព្រោះប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំការដោះស្រាយពីអាជ្ញាធរទាំងក្តីអន្ទះសារជាទីបំផុត។

ដោយឡែកលោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ឧសភា នេះថា លោកកំពុងអោយឃុំធ្វើការរឿងនេះ បើមិនអាចទេត្រូវរាយការណ៍ និងអមដោយព្រឹត្តហេតុបញ្ជូនមក ម៉្យាងវិញទៀត លោកបានទាក់ទងទៅលោក បុិ វ៉ាន់ ហៅឡុង រួចហើយឱ្យមកសាលាស្រុកដើម្បីរកដំណោះស្រាយ នៅថ្ងៃពុធ ខាងមុខនេះហើយ ដោយត្រូវនាំមកជាមួយនូវឯកសារដែលពាក់ព័ន្ធមកជាមួយផង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម