Connect with us

ព័ត៌មានជាតិ

ច្រកទាំង៣ ដែលកម្ពុជា អាច​ទទួល​វ៉ាក់សាំង​កូវីដ ១៩ មកចាក់ជូនពលរដ្ឋ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនមែនប្រើតែវ៉ាក់សាំង ដែលមកពីចិន នោះទេ ពោលគឺវ៉ាក់សាំងប្រទេសដទៃទៀត ក៏រដ្ឋាភិបាលស្វះស្វែងរកដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ។

មានប្រសាសន៍នៅក្នុងពីធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោបានលើក​ពី​ច្រកទ្វារ ៣ ដែលកម្ពុជា អាច​រកវ៉ាក់សាំងកូវីដ១៩ គឺច្រកទី១ តាមរយៈគម្រោង COVAX ដែលជាគម្រោងរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក១៩០ប្រទេស និងច្រកទី២ គឺការចរចាជាមួយដៃគូប្រទេស និងប្រទេស ដូចជាកម្ពុជាជាមួយចិន កម្ពុជា​ជាមួយ​ឥណ្ឌា និង​កម្ពុជា​ជាមួយកូរ៉េខាងត្បូង។

ចំណែកឯច្រកទី៣ រដ្ឋាភិបាលនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេសជាដើម។

ក្រោយពេល​ចិន​ប្រកាស​ផ្តល​់ជំនួយ​វ៉ាក់សាំង​កូវីដ ១៩ ដល់​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​បានសរសេរលិខិតជូនទៅនាយករដ្ឋមន្ត្រីឥណ្ឌា និង​កំពុង​ពិចារណា​ដាក់​សំណើ​ទៅ​ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងជូនដល់កម្ពុជា។

រដ្ឋាភិបាលកម្ពុជា ក៏​កំពុងពិភាក្សាដើម្បីប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេស ហៅថា AstraZeneca ដែលអាច​រក្សាទុក​ក្នុងសីតុណ្ហភាព ពី២ ដល់៨ អង្សា ដោយប្រើប្រាស់នូវឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល នៅ​ពេល​វ៉ាក់សាំង​របស់​ចិនមក​ដល់​នៅ​អំឡុង​ខែកុម្ភៈ សម្តេចនឹងចេញទៅទទួលដោយ​ផ្ទាល់ ព្រោះនេះជាទំនិញយុទ្ធសាស្ត្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ ការ​ចាក់វ៉ាក់សាំងកូវីដ​ដល់ប្រជាពលរដ្ឋ​គឺ​ដោយឥតគិតថ្លៃ ដោយ​ឈរលើគោលការណ៍ស្ម័គ្រចិត្ត៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម