ព័ត៌មានជាតិ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ផ្សព្វផ្សាយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នេះ នឹងជួយជំរុញលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចម្រើនបន្ថែមទៀត និងរួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយរបស់កម្ពុជា។

នៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យា នារសៀលថ្ងៃទី៣០ ខែឧសភា នេះ លោកស្រី ភឿង សកុណា បានលើកឡើងថា ក្នុងរយៈពេលជិត ១០ ឆ្នាំចុងក្រោយនេះ ការវិវត្តន៍រីកចំរើននៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឲ្យកម្ពុជាមានទាំងក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផង។
ជាក់ស្ដែង ចំពោះការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាម្តងនេះ នឹងបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុង ការចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរយោបល់គ្នា រកចំណុចខ្លាំង-ខ្សោយ។ ជាងនេះទៀត ក៏នឹងអាចជួយបង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយការរីកចំរើនឥតឈប់ឈរនៃទីផ្សារភាពយន្តក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាឲ្យទៅជាដែនដីនៃការថតភាពយន្តជាតិនិងបរទេស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារមួយចំនួនធំដល់ផលិតករភាពយន្តក្នុងស្រុកគិតចាប់ ពីឆ្នាំ២០១៨ រហូតដល់បំណាច់ឆ្នាំ២០២៣ ព្រមទាំងជួយសម្របសម្រួលលើកទឹកចិត្តដល់ផលិតករភាពយន្តបរទេសដែលមកថតនៅកម្ពុជាផងដែរ។
មិនតែប៉ុណ្ណោះ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធរួមនឹងឆន្ទដ៏មោះ មុតរបស់ផលិតករ អាជីវករក្នុងវិស័យភាពយន្ត បានរួមចំណែកក្នុងការជំរុញកំណើនផលិតផលស្នាដៃភាពយន្ត សម្រាប់បំពេញតម្រូវការរបស់ទស្សនិកជនជាតិ ប្រកបដោយគុណភាព និងភាពជឿទុកចិត្តព្រមទាំងបានធ្វើឲ្យឧស្សាហកម្មភាពយន្តកាន់តែមានភាពល្អប្រសើរ។

បើតាមរដ្ឋមន្រ្តីក្រសួងវប្បធម៌ បច្ចុប្បន្នទោះបីជាវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់ក៏ពិតមែន តែស្ថានភាពឧស្សាហកម្ម ភាពយន្តកម្ពុជាហាក់នៅរងឥទ្ធិពល និងមិនទាន់បានត្រឡប់មករកស្ថានភាពប្រក្រតីវិញនៅឡើយ ដែលកត្តានេះទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបន្តជំរុញគាំពារ និងលើកទឹកចិត្តបន្ថែមទៀតដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្តិ និងការអនុគ្រោះព្យួរទុកការអនុវត្តកាតព្វកិច្ច ពន្ធដារផ្សេងៗ។

គួរជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ទស្សនាឥតគិតថ្លៃ ជាមួយភាពយន្តជាតិ- អន្តរជាតិជិត ២០០ចំណងជើង៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


