ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាសហការជាមួយអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
លោក អ៊ុច បូររិទ្ធ បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយប្រទេសនានាដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ និងប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ លោក អ៊ុច បូររិទ្ធ ថ្លែងបែបនេះក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៧ ខែកក្កដា។

សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ ដឹកនាំដោយលោក Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយរួមមានរដ្ឋមន្ត្រីការបរទេស/រដ្ឋមន្ត្រីមកពីជាង៥០ប្រទេស ព្រមទាំងប្រធាននៃអង្គការអន្តរជាតិនានា។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តសកម្មភាពជាក់ស្ដែង និងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគដោយខុសច្បាប់។
លោក អ៊ុច បូររិទ្ធ ក៏បានលើកឡើងអំពីការខិតខំ និងវិធានការនានារបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដែលរួមមាន ការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ។ លោក បញ្ជាក់ថា កម្ពុជាបានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនយ៉ាងទូលំទូលាយដល់សាធារណជនទូទៅ និងក្រុមគោលដៅ ខណៈកម្ពុជា ក៏បានពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំយ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ដោយប្រើសារធាតុគីមីផ្សំដែលយកមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់។

មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេស និងអ្នកពាក់ព័ន្ធទូទាំងពិភពលោក ដើម្បីការពារប្រទេសរៀងៗខ្លួន ក៏ដូចជាការពារសហគមន៍សកលពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងញៀនសំយោគ និងធានាសុខុមាលភាពរបស់ប្រជាជន ផងដែរ។
គួរជម្រាបថា ក្នុងកំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ និងសង្គម ដែលបណ្តាលមកការប្រើប្រាស់គ្រឿងញៀនសំយោគ មិនស្របតាមក្បួនវេជ្ជសាស្ត្រ។ រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងខិតខំរួមគ្នាកំណត់នូវកិច្ចការអាទិភាពសំខាន់ៗ។
រដ្ឋមន្ត្រីទាំងអស់ក៏បានប្ដេជ្ញាចិត្តផងដែរក្នុងការបង្កើតឱ្យបាននូវដំណោះស្រាយឆ្ពោះទៅមុខ ដើម្បីជំរុញឱ្យកាន់តែប្រសើរនូវគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ និងធានាថា គ្រប់ទិដ្ឋភាពនៃការកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ គួរស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


