ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន និង Cyber Crime
ថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime) ព្រមទាំងបង្កើនការធ្វើពាណិជ្ជកម្ម ផងដែរ។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្តែងការអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នេះ។ ក្នុងនោះ ភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់សម្ដេចមហាបវរធិបតី។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសម្តែងការគោរពកោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយរូបលោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូល នៃប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួល ដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែម អំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្ម ការវិនិយោគការអប់រំ សន្តិសុខថាមពល ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ចំពោះវិស័យសន្តិសុខថាមពល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវកាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា-ម៉ាឡេស៊ី ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime) ព្រមទាំងបង្កើនការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគ ពីប្រទេសម៉ាឡេស៊ីនៅកម្ពុជាផងដែរ។
ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ