Connect with us

ព័ត៌មានជាតិ

តើ​អង្គការ​យូណេស្កូ កំពុង​ធ្វើកិច្ចការ​ងារអ្វីខ្លះ​នៅ​កម្ពុជា?

បានផុស

នៅ

“ដោយសារសង្គ្រាមកើតចេញពីដួងចិត្តមនុស្ស គឺពីក្នុងដួងចិត្តមនុស្សនោះហើយដែល ត្រូវផ្តើមកសាង​សន្តិភាព”។  អង្គការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃសហប្រជាជាតិ (UNESCO) បាន​យក​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ព័ត៌មាន ដើម្បីប្រាប់​ដើម្បី​បំផុស ​ដើម្បី​ប្រមូល​មនុស្ស​ជាតិ​លើ​ពិភពលោកនេះ​ឲ្យ​លើកតំកើងស្មារតី យោគយល់​គ្នា គោរពគ្នា និង​គោរពផែនដីរបស់យើង។

នៅ​ឆ្នាំ ១៩៥១ ប្រទេសកម្ពុជាបានចូលជារដ្ឋ​សមាជិករបស់​អង្គការយូណេស្កូ ហើយ​ក្រោយ​មក​នា​ឆ្នាំ ១៩៩១ អង្គការ​យូណេស្កូ​បានបើក​ការិយាល័យរបស់​ខ្លួន​ឡើងវិញនៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទី​ផ្តើមនៃបទពិសោធន៍​គំនិត សម្ព័នភាព​ដៃគូរវាងអង្គការយូណេស្កូនិង​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការ​រីកចំរើន​យ៉ាង​ជាក់ស្តែង ក្នុងការធានាធ្វើ​ឲ្យ​វិស័អប់រំ​មួយ​ប្រកបដោយ​បរិយាប័ន្ន និង​គុណភាព លើក​កំពស់ការ​អភិរក្ស​រមណីយដ្ឋាន បេតិកភ័ណ្ឌ​ពិភពលោក និង​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​ជំរុញ​ការអភិរក្ស​បរិស្ថាន និងការ​អភិវឌ្ឍជីវភាពរស់នៅ គាំទ្រ​គោលនយោបាយ​ក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​លើកកំពស់​សេរីភាពនៃ​ការបញ្ចេញមតិ និង​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

«វប្បធម៌»

វប្បធម៌មាន​តួនាទីសំខាន់ណាស់​ក្នុងការពង្រឹង និងរក្សាអត្តសញ្ញាណ​របស់​យើង គឺធ្វើឲ្យយើង​គ្រប់ៗ​គ្នា​មាន​ថាមពលច្នៃប្រឌិតសម្រាប់ការ​អភិវឌ្ឍ។ តាមរយៈការតស៊ូមតិ និងការគាំទ្រដល់​គោល​នយោបាយ អង្គការយូណេស្កូ​ការពារ​បេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់សេដ្ឋកិច្ច ច្នៃប្រឌិត ដើម្បី​កសាង​សង្គម ប្រកប​ដោយបរិយាប័ន្ន និងសុខសន្តិភាព។

ប្រទេសកម្ពុជា​សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ចម្រុះ​និង​វិស័យច្នៃប្រឌិត ប្រកប​ដោយ​ថាមពល។ អង្គការ​យូណេស្កូសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌រូបី អរូបី និង​ក្រោមទឹក គាំទ្រ​ដល់​ការអភិវឌ្ឍផែនទីបង្ហាញផ្លូវ ក្នុងកម្មវិធីទីក្រុងវៃឆ្លាត លើក​កម្ពស់​ឧស្សាហកម្ម​ច្នៃប្រឌិត និងវប្បធម៌សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។

អង្គការយូណេស្កូកំពុង​គាំទ្ររាជរដ្ឋាភិបាល ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីត្រៀមរបស់កម្ពុជាដើម្បី​កំណត់ទីតាំង​បេតិកភណ្ឌ និងទំនៀមទំលាប់ប្រពៃណី​ដើម្បីស្នើសុំចុះបញ្ជី។

>កិច្ចការងារវប្បធម៌ដែល​យូណេស្កូ​កំពុងអនុវត្តមាន​ដូចជា៖

+ការងារអភិរក្សប្រាសាទបាយ័ន​

ចាប់តាំង​ពីឆ្នាំ ១៩៩៤ មក អង្គការយូណេស្កូសហការជាមួយ​នឹងក្រុមការងារ​ពីប្រទេសជប៉ុនសម្រាប់អភិរក្សអង្គរ (JSA) និង អាជ្ញាធរជាតិអប្សរា បាន​ធ្វើការ​ស្រាវជ្រាវ អភិរក្ស និង​ជួសជុលប្រាសាទ​បាយ័ន ដែលជាប្រាសាទដ៏សំខាន់មួយក្នុង រមណីយដ្ឋាន​អង្គរ។ ដំណាក់កាលទី ៦ នេះ បានទទួលមូលនិធិពីប្រទេសជប៉ុនជាថ្មីទៀត ដោយ​ផ្តោតជាពិសេស​លើការ​អភិរក្ស ចម្លាក់ ការកែលម្អ​ទេសភាពនៃ​វិចិត្រសាលខាងក្រៅ និង​ការធ្វើឲ្យតួប្រាសាទ​កណ្តាល​មាន​លំនឹង។

+ការកសាងភាពធន់​និង​គ្រោះមហន្តរាយនៅរមណីយដ្ឋានអង្គរ

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក អង្គការយូណេស្កូ​កំពុងជួយ​ដល់​រាជរដ្ឋាភិបាលក្នុងការ​ពង្រឹង​ការ​ត្រៀមខ្លួនទប់ទល់នឹង​ហានិភ័យពីគ្រោះមហន្តរាយនៅក្នុង​តំបន់​អង្គរ តាមរយៈ​ការបង្កើតនិងរួមបញ្ចូលយុទ្ធសាស្ត គ្រប់គ្រងហានិភ័យពីគ្រោះមហន្តរាយ ទៅក្នុង​គោលនយោបាយ​ជាតិ​ស្ដីពីការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ។

+លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព

បន្ថែមពីលើការណែនាំអំពីគោលនយោបាយដែលបានផ្ដល់ជូន ក្នុងការអភិវឌ្ឍផែនទីបង្ហាញផ្លូវ ក្នុងការស្តារវិស័យទេសចរណ៍របស់កម្ពុជា និងផែនការមេទេសចរណ៍ខេត្តសៀមរាប អង្គការយូណេស្កូ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសអាឡឺម៉ង់ កំពុងផ្តល់ឱកាសការងារនិងបណ្ដុះបណ្តាលរយៈពេលខ្លីដល់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ទេសចរណ៍ប្រកបដោយ និរន្តរភាព និងអភិវឌ្ឍន៍សហគមន៍។

+អប់រំអំពីបេតិកភណ្ឌវប្បធម៌អរូបី

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិវប្បធម៌ និងទេសចរណ៍ទីក្រុងចេងឌូ (Chengdu) នៃប្រទេសចិន អង្គការយូណេស្កូគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍឯកសារមេរៀន និងសាកល្បងវិធីសាស្ត្របង្រៀនដើម្បីបញ្ចូលបេតិកភណ្ឌវប្បធម៌អរូបី ទៅក្នុងប្រព័ន្ធអប់រំ រួមចំណែកដល់ការរៀបចំកម្មវិធីសិក្សាជាតិលើមុខវិជ្ជាសិល្បៈសម្រាប់អនុវិទ្យាល័យ។

+ការចូលរួមរបស់សង្គមស៊ីវិលក្នុងការបង្កើតគោលនយោបាយវប្បធម៌

ក្នុងក្របខ័ណ្ឌនៃអនុសញ្ញារបស់អង្គការយូណេស្កូ ស្ដីពីការការពារនិងការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ឆ្នាំ ២០០៥ អង្គការយូណេស្កូបានគាំទ្រ​ដល់ការបង្កើតសមាគមវប្បធម៌និងឧស្សាហកម្មច្នៃប្រឌិតកម្ពុជាសម្រាប់ការអភិវឌ្ឍនិងការតស៊ូមតិ ដើម្បីធានាឲ្យមានការចូលរួមពីសង្គមស៊ីវិល ក្នុងការបង្កើតគោលនយោបាយវប្បធម៌ និងការតស៊ូមតិ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និង ឧស្សាហកម្ម​វប្បធម៌នៅកម្ពុជា។

គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក)៖

អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានបង្កើតសមិទ្ធិផលដ៏ធំធេងអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ គឺជាគំរូតែមួយគត់នៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា យូណេស្កូ និងសហប្រធាននៃប្រទេសជប៉ុន និងបារាំងសម្រាប់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ប្រាសាទអង្គរ និងប្រាសាទសំបូរព្រៃគុក ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ ចាប់តាំងពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៣ មក អាយស៊ីស៊ី- អង្គរ/សំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣៦ លើក និងសម័យប្រជុំពេញអង្គចំនួន ២៩ លើក ដោយបានសម្របសម្រួលការវិនិយោគជាង ៦០០ លានដុល្លារអាមេរិក នៅក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍មកពី ៣០ ប្រទេស តាមរយៈការពិគ្រោះយោបល់ជាមួយក្រុមការងារ ដែលចុះអនុវត្តផ្ទាល់ និងអ្នកជំនាញ។ ការងារនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់គ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។

«ការអប់រំ»

ក្នុងនាមជាទីភ្នាក់ងារនាំមុខរបស់អង្គការសហប្រជាជាតិសម្រាប់ការអប់រំ អង្គការយូណេស្កូ ផ្តល់នូវភាពជាអ្នកដឹកនាំជាសាកល និងក្នុងតំបន់ក្នុងវិស័យអប់រំ ពង្រឹងប្រព័ន្ធអប់រំ និងឆ្លើយតបទៅនឹងបញ្ហា​ប្រឈមជាសាកលនាពេលបច្ចុប្បន្ន តាមរយៈការអប់រំ ជាមួយនឹងសមភាពយេនឌ័រ ជាគោលការណ៍មូលដ្ឋាន។

តាមរយៈភាពជាដៃគូដ៏យូរអង្វែងរបស់ខ្លួនជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា អង្គការយូណេស្កូបាននឹងកំពុងជំរុញរបៀបវារៈនៃការអប់រំឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាពទី ៤ (SDG4)។ ជាពិសេស អង្គការយូណេស្កូគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន តាមរយៈការណែនាំគោលនយោបាយអប់រំទូទាំងវិស័យ ការរៀបចំផែនការ និងការសម្របសម្រួលក្របខ័ណ្ឌអប់រំជាតិ រួមជាមួយនឹងការអនុវត្តគំនិតផ្ដួចផ្ដើមអប់រំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​ឆ្នាំ ២០៣០ របស់កម្ពុជា។

យូណេស្កូ គាំទ្រការបណ្ដុះបណ្ដាលនិងកំណែទម្រង់គ្រូបង្រៀន ដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់គុណភាពអប់រំ។ អង្គការយូណេស្កូធ្វើការលើការអភិវឌ្ឍ ការអនុវត្តនិងការត្រួតពិនិត្យគោលនយោបាយជាតិ នៃការសិក្សាពេញមួយជីវិត ដើម្បីផ្តល់ជូននូវផ្លូវសិក្សាដែលអាចបត់បែនបាន និងលើកកម្ពស់ជំនាញអក្ខរកម្ម និងការអប់រំជាមូលដ្ឋានសម្រាប់កម្មកររោងចក្រ និងយុវជនក្រៅសាលា​។

>គំនិតផ្ដួចផ្ដើមការងារ​អប់រំ​ដែលកំពុងអនុវត្ត​មាន​ដូចជា៖

+ការពង្រឹងការអប់រំគ្រូបង្រៀន

គម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) គឺជាគម្រោងអប់រំគ្រូបង្រៀនដ៏ធំ និងទូលំទូលាយមួយនៅកម្ពុជា។ គម្រោង STEPCam ទទួលបានថវិកាចំនួន ១៤,៤ លានដុល្លារអាមេរិក ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ។ តាមរយៈគម្រោងនេះ អង្គការយូណេស្កូនិងក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនសូត្ររបស់​សិស្សនៅកម្រិតថ្នាក់ដំបូង ដោយពង្រឹងវិធីសាស្ត្រគរុកោសល្យ បង្កើតប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) ចម្រុះមួយ ធ្វើវិក្រឹតការគ្រូបង្រៀន (INSET) ផ្តល់ការប្រឹក្សាគរុកោសល្យ បង្កើនគុណវុឌិគ្រូឧទ្ទេស ព្រមទាំងជួសជុល​ហេដ្ឋារចនាសម្ព័ន្ធសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត (PTTCs)។

+ការលើកកម្ពស់ការអប់រំជាមូលដ្ឋាន និងការអភិវឌ្ឍជំនាញ

ក្រោមកម្មវិធីការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) ដែលជាកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ផ្ដល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការយូណេស្កូ កំពុងអនុវត្តកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមអ៊ីនធឺណិត ប៊ីប (BEEP) ។ DEY មានគោលបំណងជួយដល់ស្ត្រីវ័យក្មេង និងជនពេញវ័យនៅក្នុងប្រទេសកម្ពុជាឲ្យទទួលបាននូវបំណិនអក្ខរកម្ម និង ជំនាញចាំបាច់ ដែលឆ្លើយតបទៅនឹងឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់។

កម្មវិធីប៊ីប គឺជាការផ្តួចផ្តើមរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ ដើម្បីពង្រីកការអប់រំមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានភាពបត់បែនសម្រាប់យុវជនក្រៅសាលា ដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី ៩។

កម្មវិធីផ្តល់ជូននូវមុខវិជ្ជាសិក្សាតាមប្រព័ន្ធអនឡាញចំនួន ១១ មុខវិជ្ជា រួមមាន៖ ភាសាខ្មែរ គណិតវិទ្យាកម្រិត១ គណិតវិទ្យាកម្រិត២ គីមីវិទ្យា រូបវិទ្យា យេនឌ័រ ជំនាញមូលដ្ឋានការងារ ភាសាអង់គ្លេស បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ សហគ្រិនភាព និងទេសចរណ៍។ សិស្សបញ្ចប់ការសិក្សា នឹង​ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាល និងវិជ្ចាជីវៈ ដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនជំនាញផ្សេងៗនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឬ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ។

អង្គការយូណេស្កូ និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការអប់រំ (CapED) របស់អង្គការយូណេស្កូ និងថវិកាម៉ាឡាឡាសម្រាប់សិទ្ធិទទួលបានការអប់រំរបស់ស្រ្តី ដើម្បីផ្ដល់ឱ្យកម្មករ កម្មការិនីនៅតាមរោងចក្រនូវចំណេះអាន សរសេរ ការគិតលេខ និងការត្រិះរិះពិចារណា សម្រាប់ជួយគាំទ្រដល់ការអនុវត្តការងារនិងទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេ។

សិស្សអក្ខរកម្មដែលបានប្រឡងជាប់នៅរោងចក្រដៃគូទាំង ២៥ នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាសមមូលទៅនឹងថ្នាក់ទី ៤ (សម្រាប់កម្រិត១) និងថ្នាក់ទី ៦ (សម្រាប់កម្រិត២) នៃសាលាចំណេះទូទៅ ដើម្បីបន្តការសិក្សានៅសាលាក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធផ្សេងទៀតបាន។

ភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការយូណេស្កូជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជានឹងពង្រីកការចូលរួមរបស់រោងចក្របន្ថែមទៀត ព្រមទាំងបញ្ជ្រាបវគ្គបណ្តុះបណ្តាលជំនាញ បំប៉ន​ជំនាញឡើងវិញនិងបង្កើនជំនាញរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជាដល់កម្មករកម្មការិនីរោងចក្រថែមទៀត។

«ព័ត៌មាន និងសារគមនាគមន៍»

តាមរយៈកម្មវិធីកសាងសមត្ថភាព ការផ្តល់ប្រឹក្សាផ្នែកគោលនយោបាយ ការផ្តល់ជំនួយបច្ចេកទេស ការតាមដាន និងសន្និច្ឆ័យ អង្គការយូណេស្កូបានចូលរួមលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ឯករាជ្យភាព និងពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ និងការ កសាងសង្គមប្រកបដោយចំណេះដឹង និងបរិយាបន្ន ឈរលើមូលដ្ឋាននៃការទទួលបានព័ត៌មានជាសកល និងការប្រើប្រាស់ បច្ចេកវិទ្យាឌីថលប្រកប ដោយនវានុវត្តភាព។

នៅប្រទេសកម្ពុជា អង្គការយូណេស្កូកំពុងធ្វើការយ៉ាងសស្រាក់សស្រ័ ក្នុងការជួយពង្រឹងក្រប​ខណ្ឌ​ច្បាប់ ដើម្បីធានាអោយបានថា ប្រជាជនកម្ពុជាទាំងអស់ទទួលបានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានជាសកលដោយពេញលេញ។ ដើម្បីជួយអោយកម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវិវត្តនៃពិភពឌីជីថល អង្គការយូណេស្កូកំពុងធ្វើការយ៉ាងមមាញឹកក្នុងការផ្ដល់ការគាំទ្រជំនួយបច្ចេកទេសដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) ដើម្បីអោយកម្ពុជាអាចបង្កើតយុទ្ធសាស្ត្រជាតិក្នុងការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាននៅក្នុងវិស័យអប់រំ ព័ត៌មាន ការងារ និង ទូរគមនាគមន៍ ដែលនេះនឹងធ្វើអោយកម្ពុជាជាប្រទេសដំបូងក្នុងតំបន់​អាស៊ីអាគ្នេយ៍ដែលមានយុទ្ធសាស្ត្រជាតិនេះ។

ជាការឆ្លើយតបទៅនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ អង្គការយូណេស្កូបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (influencers) នៅក្នុងយុទ្ធនាការអនឡាញ ដែលបាន​ផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់ជាង ៨ លាននាក់។ គោលបំណងក្នុងការធ្វើយុទ្ធនាការអនឡាញ​នេះ គឺដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីជំរុញភាពធន់ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានខុស។

>កិច្ចការងារ​កំពុង​អនុវត្តមានដូចជា៖

+ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ

ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២,៧លានដុល្លាអាមេរិកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) អង្គការយូណេស្កូបាននឹងកំពុងតែធ្វើការយ៉ាងសស្រាក់សសាំដើម្បី៖

-ពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិដើម្បីការពារ និងលើកកម្ពស់អោយកាន់តែប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មានរបស់ពលរដ្ឋ រួមទាំងជនមានពិការភាព។

-លើកកម្ពស់ស្តង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មានតាមរយៈការកសាងសមត្ថភាពស្ថាប័នរបស់អង្គភាព និងសមាគមប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាសាកលវិទ្យាល័យផ្សេងៗ។

-បង្កើតយន្តការនានាដើម្បីការពារអ្នកសារព័ត៌មានក្នុងអំឡុងពេលដែលពួកគេកំពុងអនុវត្តការងារ ដើម្បីផ្ដល់ព័ត៌មានដែលអាចទុកចិត្តបានដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ស្ដីអំពីសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព។

-លើកកម្ពស់សង្គមអក្ខរកម្មឌីជីថល តាមរយៈកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ដើម្បីពង្រឹងភាពធន់ប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានខុស។
-ធ្វើអោយប្រសើរឡើងនូវសំឡេងរបស់ស្ត្រី ទាំងក្នុងនិងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី។
-កសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការផ្ដល់ “លំហសុវត្ថិភាព” សម្រាប់កិច្ចសន្ទនានិង កិច្ចសហការ រវាងអាជ្ញាធរ ស្ថាប័នតុលាការ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។

-ជំរុញអោយមានប្រសិទ្ធភាព និងសុខដុមនីយកម្ម នៅក្នុងកិច្ចការអន្តរាគមន៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការសម្របសម្រួលភាពជាដៃគូក្នុងចំណោមដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយ។

គម្រោងនេះនឹងជម្រុញអោយល្អប្រសើរឡើងនូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរីភាព ពហុនិយម និងឯករាជ្យ ដែលអំណោយផលដល់សេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ដែលនេះជាកត្តាចម្បងសម្រាប់អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។

+ការឆ្លើយតបរួមរបស់អង្គការសហប្រជាជាតិ ដើម្បីការពារអ្នកសារព័ត៌មាន

ដោយមានការគាំទ្រហិរញ្ញវត្ថុពីប្រទេសអូស្ត្រាលី និងតាមរយៈកិច្ចសហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អង្គការយូណេស្កូបាន ដឹកនាំការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព។ គោលបំណងនៃគម្រោងនេះគឺដើម្បីពង្រឹងលំហសម្រាប់ពលរដ្ឋ និងអនុញ្ញាតអោយមានការចូលរួមពីប្រជាពលរដ្ឋ ដោយធានាអោយបានថា យន្តការនានាត្រូវបានដាក់ចេញដើម្បីការពារ អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។

+ជំនួយផ្នែកច្បាប់ និងការគាំទ្រសុវត្ថិភាពដល់អ្នកសារព័ត៌មានស្តី

ជាផ្នែកមួយនៃមូលនិធិសកលដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយ អង្គការយូណេស្កូបាននឹងកំពុងធ្វើការគាំទ្រមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)  ដែលស្ថាប័នទាំងពីរនេះកំពុងធ្វើការយ៉ាងមមាញឹកក្នុងការផ្ដល់ជំនួយផ្នែកច្បាប់ដល់

អ្នកសារព័ត៌មាន និងក្នុងការពង្រឹងសុវត្ថិភាពរបស់អ្នកសារព័ត៌មានស្ត្រី តាមរយៈការគាំទ្រពីអ្នកសារព័ត៌មានដូចគ្នា និងការផ្តល់ប្រឹក្សានានា។

+ការវាយតម្លៃការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

អង្គការយូណេស្កូកំពុងផ្តល់ការគាំទ្រដល់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការងារវាយតម្លៃការអភិវឌ្ឍប្រព័ន្ធអិនធឺណិតនៅកម្ពុជា។ សកម្មភាព នេះនឹងអនុញ្ញាតិអោយមានការស្វែងយល់ពីគោលនយោបាយប្រព័ន្ធអ៊ីនធឺណិត និងបរិយាកាសឌីជីថលរបស់កម្ពុជា ដោយផ្អែកលើគោលការណ៍រ៉ូមអ៊ិច (ROAM X) របស់អង្គការយូណេស្កូ។

គោលការណ៍រ៉ូមអ៊ិច (ROAM X) របស់អង្គការយូណេស្កូត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃលើប្រព័ន្ធអ៊ិនធឺណិត ឈរលើគោលការណ៍សិទ្ធិមនុស្ស ភាពបើកចំហ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងមួយដោយមានការចូលរួមពីពហុភាគីពាក់ព័ន្ធ ។

+ការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា

ដោយមានកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ការិយាល័យនៃឧត្តមស្នងការសហប្រជាជាតិនៃសិទ្ធិមនុស្ស (OHCHR) និងអង្គការពលកម្មអន្តរជាតិ (ILO) តាមរយៈមូលនិធិពី UNPRPD អង្គការយូណេស្កូបានផ្ដល់ការគាំទ្រនិងធានាអោយបានថា ជនមានពិការភាពត្រូវបានគោរព និង ត្រូវបានដាក់បញ្ចូលទៅក្នុងសង្គមដោយពេញលេញ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានរបស់ពួកគេ ដើម្បីអនុញ្ញាតិអោយពួកគេអាចធ្វើការសម្រេចចិត្តប្រសើរជាងមុនដោយពឹងផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ។

+ការលើកកម្ពស់កិច្ចការអភិរក្សបណ្ណសារ និងការថតចម្លង

តាមរយៈកម្មវិធីស្មារតីចងចាំនៃពិភពលោក (Memory of the World) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) អង្គការយូណេស្កូបានផ្ដល់ការជួយជ្រោមជ្រែងដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (TSGM) ក្នុងការងារអភិរក្សឯកសារប្រមាណ

ជាង ៧០០០,០០ ទំព័រ និងក្នុងការបញ្ចូលបណ្ណសារប្រវត្តិសាស្ត្រជិតកន្លះលានទំព័រ (នៅមន្ទីរឃុំឃាំង ស-២១) ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលសកម្មភាពនេះបានជួយការពារឯកសារ និងបណ្ណសារទាំងនេះពីការសឹករិចរិលដោយសារតែស្ថានភាពនៃរក្សាទុក និងដោយសារតែអាកាសធាតុត្រូពិច។

កិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ បានជួយអោយសាធារណជនទូទៅអាចចូលអានបណ្ណសារប្រវត្តិសាស្ត្រទាំងនេះបានយ៉ាងងាយស្រួល តាមរយៈបណ្ណាល័យឌីជីថលដែលជាឃ្លាំងផ្ទុកទិន្នន័យប្រព័ន្ធឃុំឃាំងរបស់របបខ្មែរក្រហមធំជាងគេ។

«វិទ្យាសាស្ត្រធម្មជាតិ»

ជាចលករសម្រាប់កៀរគរកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអន្តរជាតិ អង្គការយូណេស្កូបង្កើតឡើងនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងដំណោះស្រាយចំពោះបញ្ហាប្រឈមស្រួចស្រាល់លើផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន នាបច្ចុប្បន្ន ដើម្បីសម្រេចបាននូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គមបៃតង។

នៅកម្ពុជា អង្គការយូណេស្កូជំរុញឱ្យមានការជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រ និងអនុវត្តសកម្មភាពផ្សេងៗ សំដៅពង្រឹងការអភិរក្សបរិស្ថាន ការគ្រប់គ្រង ធនធានធម្មជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) តាមរយៈសុខដុមកម្មគោលនយោបាយ និងការកសាងសមត្ថភាពក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

ដោយទទួលស្គាល់ពីតម្លៃអេកូឡូស៊ី សេដ្ឋកិច្ច និងវប្បធម៌ពិសេសហើយប្លែកពីគេ បឹងទន្លេសាបត្រូវបានទទួលស្គាល់ជាឋបនីយជីវមណ្ឌលដំបូងរបស់អង្គការយូណេស្កូនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៧ ហើយបន្ទាប់មកត្រូវបានអនុម័តដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ២០០១ គឺការដាក់បញ្ចូលបឹងទន្លេសាបជាផ្នែកមួយនៃកម្មវិធីមនុស្ស និងឋបនីយជីវមណ្ឌលរបស់អង្គការយូណេស្កូ។ បច្ចុប្បន្ននេះ អង្គការយូណេស្កូកំពុងធ្វើការដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការអប់រំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។

>គំនិតផ្ដួចផ្ដើមដែលកំពុងអនុវត្តមាន៖

+ការអភិរក្សបរិស្ថាន និងជីវភាពរស់នៅប្រកបដោយនិរន្តរភាពនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប

បឹងទន្លេសាបទ្រទ្រង់ជីវិតប្រជាជនកម្ពុជាជាង ៣.៦ លាននាក់ គឺជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ២៥០,០០០ ហិកតា នៅរដូវប្រាំង។

ដោយសារបាតុភូតជលសាស្ត្រដ៏ពិសេសនារដូវវស្សា និងជំនន់ទឹកទន្លេមេគង្គ បានរុញខ្សែទឹកច្រាលមកភាគខាងជើងតាមដងទន្លេសាប ហើយធ្វើឱ្យផ្ទៃទឹកបឹងទន្លេសាបរីកធំលិចពាសពេញតំបន់ទំនាបដែលស្ថិតនៅជុំវិញ។ តំបន់ដីសើមដ៏ធំដែលកើតចេញពីវដ្តជលសាស្ត្រនេះ គឺជាជម្រកនៃជីវចម្រុះដ៏សម្បូរបែប។

ដោយសារតែតម្លៃយ៉ាងសំខាន់របស់បឹងទន្លេសាប បឹងនេះកំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើង ដោយសារការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត។

តាមរយៈគម្រោងឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប អង្គការយូណេស្កូ បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធដទៃទៀតកំពុងជម្រុញនិងបង្កើតឡើងយន្តការ សម្របសម្រួលសម្រាប់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ គោលបំណងនៃការបង្កើតយន្តការនេះ គឺសំដៅថែរក្សាធនធានបឹងនិងកែលម្អជីវភាព​រស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព តាមរយៈការពង្រឹងកិច្ចសហការជុំវិញឋបនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីការអភិរក្ស ការអភិវឌ្ឍជីវភាពរស់នៅ និងការផ្លាស់ប្តូរចំណេះដឹង។

ទន្ទឹមនឹងគំនិតផ្តួចផ្តើមនេះ អង្គការយូណេស្កូកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់តំបន់ធម្មជាតិ និងតំបន់ចម្រុះមួយចំនួនដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តំបន់ឋបនីយជីវមណ្ឌល និងឧទ្យា ភូមិសាស្រ្តសកលរបស់អង្គការយូណេស្កូដើម្បីការពារ និងលើកកម្ពស​បេតិកភណ្ឌ​ធម្មជាតិ និងធនធានដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

+ការលើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃ

ជាផ្នែកមួយនៃភាពជាដៃគូជាសកលរបស់អង្គការយូណេស្កូ និង Guerlain អង្គការយូណេស្កូបានផលិតនិងផ្សព្វផ្សាយរបាយការណ៍ស្តីពី ប្រព័ន្ធបរិស្ថាននៃការចិញ្ចឹមឃ្មុំ នៅឋបនីយជីវមណ្ឌលបឹងទន្លេសាប​។ ផ្អែកលើគំហើញនៃការវាយតម្លៃនេះ អង្គការយូណេស្កូបានចាប់ផ្ដើមដំណើរការ និងផ្តួចផ្តើមលើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព ក្នុងបំណងជំរុញការអភិរក្សជីវៈចម្រុះ សន្តិសុខ​​ស្បៀង ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដោយ​ផ្តោតលើការពង្រឹងភាពអង់អាចដល់ស្ត្រី។

អង្គការយូណេស្កូកំពុងធ្វើការជាមួយដៃគូនានា ដើម្បីធ្វើការសាកល្បងចិញ្ចឹមឃ្មុំខ្នាតតូចនៅទីតាំងដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា បង្កើតសហគមន៍អ្នកចិញ្ចឹមឃ្មុំជាស្ត្រីសម្រាប់ការផ្ទេរចំណេះដឹង និងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ ផែនការជាតិនៃការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព។

+ការវាយតម្លៃលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា

តាមរយៈភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការយូណេស្កូ កំពុងធ្វើការសិក្សាវាយតម្លៃជាសកលលើគោលនយោបាយ បច្ចេកវិទ្យា និងនវានុវត្តន៍ (GO-SPIN) ដើម្បីពិនិត្យមើលនិងសិក្សាយ៉ាងទូលំទូលាយអំពីប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ STI របស់កម្ពុជា រួមទាំងក្របខ័ណ្ឌច្បាប់ អភិបាលកិច្ចស្ថាប័ន និង​គោល​នយោបាយផ្សេងៗ។ ការវាយតម្លៃ GO-SPIN សម្រាប់ប្រទេសកម្ពុជា គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២។

+ការលើកកម្ពស់និរន្តរភាពទឹក តាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ និងការអភិវឌ្ឍសមត្ថភាព

សៀវភៅអប់រំអំពីទឹក 

ក្រោមភាពជាដៃគូជាសកលរវាងអង្គការយូណេស្កូ និងវិទ្យាស្ថានស្រាវជ្រាវធនធានទឹក និងវារីអគ្គីសនីប្រទេសចិន (IWHR) ក្នុងក្របខ័ណ្ឌនៃការអប់រំ សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព អង្គការយូណេស្កូកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបកប្រែសៀវភៅអប់រំអំពីទឹកទៅជាភាសាខ្មែរ ហើយនឹងត្រូវផ្សព្វផ្សាយអោយដល់សិស្សសាលា ដើម្បីលើកកម្ពស់ការយល់ដឹងជាមូលដ្ឋានស្ដីអំពីទឹក។ សៀវភៅនេះរំពឹងថានឹងចេញផ្សាយក្នុងឆ្នាំ ២០២២។

+អភិបាលកិច្ចទឹកក្រោមដី និងវិសាលភាពទឹកឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម

អង្គការយូណេស្កូ កំពុងធ្វើការជាមួយដៃគូនានាក្នុងការលើកកម្ពស់អភិបាលកិច្ចវិសាលភាពទឹកក្រោមដីឆ្លងដែន ការត្រួតពិនិត្យ និងការគ្រប់គ្រង ដើម្បីកែលម្អការផ្គត់ផ្គង់លើការប្រើប្រាស់ និងសេវាប្រព័ន្ធអេកូឡូស៊ី សម្រាប់កសិកម្ម ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងការបន្សំខ្លួនក្នុងជីវភាពរស់នៅ ទល់នឹងការគំរាមកំហែងបរិស្ថាន និងទឹក។

លើសពីនេះ អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធកំពុងបង្កើតដំណោះស្រាយវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ការ ឆ្លើយតបនឹងអាកាសធាតុ និងកម្មវិធីកំណើនបៃតងតាមរយៈការបង្កើនសមត្ថភាពក្នុងការផ្ដួចផ្ដើមផ្ដល់ហិរញ្ញវត្ថុលើសេវាប្រព័ន្ធអេកូឡូស៊ី ការលើកទឹកចិត្ត ដល់ការគ្រប់គ្រងតំបន់ធនធានធម្មជាតិ តាមរយៈទីតាំងដែលបាន ទទួលស្គាល់ដោយ អង្គការយូណេស្កូ និងការលើកកម្ពស់ការយល់ដឹងពីនិរន្តរភាពបរិស្ថាន និងសន្ដិសុខទឹក។

+សង្គមសាស្ត្រ និងមនុស្សសាស្ត្រ

ខណៈដែលការប្រឈម និងផលប៉ះពាល់ជាសកលកំពុងកើនឡើងមានជាអាទិ៍ វិសមភាព អបរិយាបន្ន និងអំពើហឹង្សាបានបង្កអោយបែកបាក់នូវចំណងរួមសំបាច់រវាងមនុស្សជាតិនោះ អង្គការយូណេស្កូធ្វើសកម្មភាព ដើម្បីពង្រឹងសិទិ្ធបរិយាបន្ន និងបំបាត់ការរើសអើងក្នុងរង្វង់សមាជិកទាំងឡាយ នៃសហគមន៍សកលលោក។ ការផ្តួចផ្តើមជាសកលរួមមាន កម្មវិធីអន្តររដ្ឋាភិបាលសំរាប់ការគ្រប់គ្រងសង្គម បរិវត្តកម្ម កម្មវិធីអភិវឌ្ឍន៍យុវជន និង កម្មវិធីវប្បធម៌សន្តិភាព និងអហឹង្សា មានគោលដៅដើម្បីលើកកំពស់ប្រជាធិបតេយ្យ និង ភាពជា ពលរដ្ឋសកល ការពិភាក្សាអន្តរវប្បធម៌ និងកសាងសន្តិភាព។

អង្គការយូណេស្កូ បន្តកសាង និងពង្រឹងទំនាក់ទំនងរវាង សីលធម៌វិទូ អ្នកវិទ្យាសាស្ត្រ អ្នកតាក់តែង គោលនយោបាយ ចៅក្រម អ្នកសារព័ត៌មាន និងសង្គមស៊ីវិល ក្នុងការអនុម័ត គោលនយោបាយ សមស្របលើរាល់ទិដ្ឋភាពសីលធម៌ នៅក្នុង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ ផ្អែកលើអទិភាពនៃដែនសមត្ថកិច្ច របស់ខ្លួន ដែលជាស្ថាប័នដាក់ចេញនូវ និយាមប្រតិបត្តិ នៅឆ្នាំ ២០២១ រដ្ឋសមាជិកចំនួន ១៩៣ ប្រទេសនៃអង្គការយូណេស្កូ បានអនុម័តនូវនិយាមសកលជាលើកដំបូងអំពីសីលធម៌នៃវិស័យបញ្ញាសិប្បនិមិត្ត។ ក្របខ័ណ្ឌសីលធម៌ជាប្រវត្តិសាស្ត្រនេះ កំនត់នូវតំលៃនិងគោលការណ៍រួម ដែលនឹង​ឈានទៅដល់ការបង្កើតនូវនីតិហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ធានាដល់ការអភិវឌ្ឍបញ្ញាសិប្បនិមិត្តដ៏រឹងមាំ។

ក្នុងអំឡុងពេលនៃការ​រីករាលដាលជំងឺកូវីដ ១៩ អង្កការយូណេស្កូ​បាន​បំផុសយុទ្ធនាការសិល្បៈមួយនៅកម្ពុជាមានឈ្មោះថា “ចូរបើកបេះដូងរបស់អ្នក” សំដៅលើកកំពស់ការពិភាក្សាអន្តរវប្បធម៌ ការយោគយល់និងការ អធ្យាស្រ័យរវាងគ្នានិងគ្នា ប្រឆាំងការរើសអើង ការស្រឡាញ់ភេទដូចគ្នានិងការមាក់ងាយ ផ្សះផ្សាការបែកបាក់សង្គមនិងសហគមន៍ ដើម្បីពុះពារឆ្លងកាត់ស្ថានភាពដ៏លំបាកបង្កដោយជំងឺរាតត្បាតនេះ។

នៅកម្ពុជា ដែលយុវជនមានបរិមាណ ២ ភាគ ៣ នៃចំនួនប្រជាជនសរុប អង្គការយូណេស្កូបានផ្ដល់អាទិភាពពេញទំហឹង ដោយបញ្ជ្រាបការផ្សាភ្ជាប់របស់យុវជននៅក្នុងវិស័យវប្បធម៌ អប់រំ អភិរក្ស​បរិស្ថាន និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ផ្ដល់ពលានុភាពអោយយុវជនក្លាយជាសកម្មជន កសាងសន្តិភាព ព្រមទាំងពង្រឹង ករចូលរួមរបស់យុវជនជាពលរដ្ឋនៃសង្គមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ជាក់ស្ដែង តាមរយៈគម្រោងអន្តរវិស័យ អង្គការយូណេស្កូ រួមជាមួយសកលវិទ្យាល័យនិងអង្គការយុវជននានា កំពុងលើកកំពស់ឱកាសនៃការចូលរួមជាពលរដ្ឋ តាមរយៈគោលនយោបាយនិងពិគ្រោះយោបល់ឌីជីថល លើកកំពស់ការអភិវឌ្ឍជំនាញ និងការសិក្សាមូលដ្ឋានអំពីឌីជីថល នៅក្នុងចំណោមយុវជនកម្ពុជាសំរាប់ឱកាសការងារ និងផ្ដល់យោបល់អំពីតួនាទីដ៏សំខាន់របស់យុវអ្នកស្រាវជ្រាវ និង យុវអ្នកវិទ្យាសាស្ត្រ ដើម្បីអនុវត្តការសិក្សាស្រាវជ្រាវប្រកបដោយគុណភាពអំពីការអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

គំនិតផ្តួចផ្តើមទាំងនេះ នាំទៅដល់សង្គមនវានុវត្តន៍ និងការផ្លាស់ប្ដូរនៃកិច្ចអភិវឌ្ឍសង្គមកម្ពុជា ឈានទៅលុបបំបាត់ភាពក្រីក្រ និងវិសមភាព។ អង្គការយូណេស្កូ រួមចំណែកយ៉ាងសកម្មទៅក្នុងគម្រោង “គំនិតផ្ដួចផ្ដើមដោយយុវជន” នៃសម្ព័ន្ធភ្នាក់ងារសហប្រជាជាតិប្រចាំកម្ពុជា បំពាក់បំប៉នឲ្យយុវជននូវថាមពល ក្នុងការបង្កើតនិងប្រើប្រាស់ពុទ្ធិរបស់ខ្លួនសំរាប់សង្គមកម្ពុជាមួយមានយុត្តិធម៌ និងបរិយាប័ន្ន។

+សម្ព័ន្ធភាពដៃគូ

សម្ព័ន្ធភាពដៃគូរបស់អង្គការយូណេស្កូត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងរបៀបវារៈ ២០៣០ និងនៅក្នុងគោលដៅទី ១៧ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឋានៈជាដៃគូជាទីទុកចិត្ត អង្គការយូណេស្កូបានបង្កើតទំនាក់ទំនងនៅគ្រប់កំរិតជាពហុភាគីនិងទ្វេភាគី ជាមួយបណ្ដាដៃគូផ្តល់ជំនួយ និងអភិវឌ្ឍនានានៅកម្ពុជាមានជាអាទិ៍ ជាមួយនឹងសហគមន៍អឺរ៉ុប ជប៉ុន បារាំង សាធារណរដ្ឋកូរ៉េ (KOICA) ស៊ុយអែត (SIDA) ភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍរបស់ស្វ៊ីស (SDC) អាឡឺម៉ង់ អ៊ីតាលី អង្គការដៃគូសកលសំរាប់ការអប់រំ (GPE) អូស្ត្រាលី ធនាគារពិភពលោក ព្រមទាំងបណ្ដាវិស័យឯកជនរួមមានក្រុមហ៊ុន ស្មាត (Smart Axiata) រោងចក្រកាត់ដេរ និងក្រុមហ៊ុនសែលកាត (Cellcard)។

ជាផ្នែកមួយនៃសម្ព័ន្ធភ្នាក់ងារសហប្រជាជាតិនៅកម្ពុជា អង្គការយូណេស្កូចូលរួមយ៉ាងសកម្មក្នុងសហកម្មវិធីផ្សេងៗ ជាមួយបណ្ដាភ្នាក់ងារសហប្រជាជាតិមួយចំនួនដូចជា៖ អង្គការពលកម្មអន្តរជាតិ (ILO) អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការអភិវឌ្ឍឧស្សាហកម្មន សហប្រជាជាតិ (UNIDO) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងការិយាល័យឧត្តមស្នងការសហប្រជាជាតិនៃសិទ្ធិមនុស្ស (OHCHR)។

អង្គការយូណេស្កូសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួងពាក់ព័ន្ធកំរិតរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃបណ្តាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ។ល។

ដោយសេចក្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្រ និងសម្ព័ន្ធភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ អង្គការយូណេស្កូពង្រឹងខ្លួនជានិច្ចនាំមកនូវដំណោះស្រាយថ្មីៗ ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង សារគមនាគមន៍ សំដៅពន្លឿនរបៀបវារៈ ២០៣០ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាជនកម្ពុជាពោលគឺកសាងអនាគតរួមមួយជាមួយគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ២២ ម៉ោង មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម