ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ដូណាល់ ត្រាំ ជាសត្រូវរបស់ភ្នាក់ងារអន្តរជាតិចំនួន៤?
ក្រោយកាន់អំណាចជិត២០ថ្ងៃ រហូតមកដល់ពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្គាប់ឲ្យមន្ត្រីនៃរដ្ឋបាលរបស់លោកដកខ្លួនចេញពីភ្នាក់ងារនៃអង្គការសហប្រជាជាតិយ៉ាងហោចណាស់ចំនួន៤ ដែលបង្កការរំជើបរំជួលយ៉ាងខ្លាំងក្នុងសកលលោក ហើយការដកខ្លួនទំនងមានច្រើនទៀតក្រោមរដ្ឋបាលលោក។

រដ្ឋបាលសហរដ្ឋអាមេរិកហាក់មើលឃើញខុសគ្នាចំពោះឥទ្ធិពលរបស់ពួកគេក្នុងពិភពលោកតាមរយៈការសម្រេចចិត្តរបស់ដ្ឋបាលនិមួយៗ។ រដ្ឋបាលដឹកនាំដោយលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណៈរដ្ឋ បានមើលឃើញភ្នាក់ងារអន្តរជាតិមួយចំនួនជាសត្រូវរបស់សហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យវិញ មើលឃើញថា ការដកខ្លួនរបស់អាមេរិកចេញពីភ្នាក់ងារនៃអង្គការសហប្រជាជាតិធ្វើឲ្យឥទ្ធិពលនៃប្រទេសមហាអំណាចដែលជាគូប្រជែងកើនឡើងខ្លាំងទៅវិញ។
រហូតដល់ពេលនេះ ថ្វីត្បិតតែសហរដ្ឋអាមេរិកមិនទាន់ដកខ្លួនចេញពីទីភ្នាក់ងារទាំងអស់របស់ស្ថាប័នពហុភាគីនៃរបស់អន្តជាតិ និងអង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដកខ្លួនចេញពីអង្គការអន្តរជាតិមួយចំនួនរួចទៅហើយ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធជាមួយអង្គការសហប្រជាជាតិ។
- អង្គការសុខភាពពិភពលោក (WHO)៖ លោក ដូណាល់ ត្រាំ នៅចុងអាណត្តិទី១របស់គាត់ ពោលគឺនៅឆ្នាំ២០២០ បានប្រកាសដកសហរដ្ឋអាមេរិកពី WHO ដោយបានចោទប្រកាន់អង្គការអន្តរជាតិមួយនេះថា លម្អៀងទៅរកចិនចំពោះការគ្រប់គ្រងស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ និងលាក់បាំងពីប្រភពនៃវីរុសឆ្លងដែលលោកចោទថា មានប្រភពចេញពីប្រទេសចិន ប៉ុន្តែអង្គការនេះបរាជ័យក្នុងការអះអាងដូចអ្វីដែលអាមេរិកចង់បាន។ ក៏ប៉ុន្តែ ក្រោយលោកចាញ់ឆ្នោតក្នុងឆ្នាំខែវិច្ឆិកាឆ្នាំ២០២០ និងត្រូវផ្ទេរអំណាចទៅឲ្យលោក ចូ បៃដិន ថ្ងៃទី២០ខែមករាឆ្នាំ២០២១ លោកប្រធានាធិបតី ចូ បៃដិន បានបដិសេធការសម្រេចចិត្តរបស់លោកដូណាល់ ដោយបញ្ចូលអាមេរិកទៅអង្គការនេះវិញក្រោយលោកចូលកាន់តំណែង។
- ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) – លោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកបានចាកចេញស្ថាប័ននេះនៅឆ្នាំ២០១៨ក្នុងពាក់កណ្តាលអាណត្តិទី១របស់គាត់ ដោយរិះគន់ក្រុមប្រឹក្សានេះថាលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល និងអនុញ្ញាតឱ្យមានការរំលោភសិទ្ធិមនុស្សក្នុងរដ្ឋជាសមាជិក ក៏ដូចជា ក្នុងប្រទេសចិន វ៉េណេហ្ស៊ុយអេឡា និង គុយបា ជាដើម។ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ក្រោយចូលកាន់អំណាចភ្លាមៗ បានបញ្ចូលអាមេរិកជារដ្ឋអង្កេតការណ៍ ក្នុងខែកុម្ភៈឆ្នាំ២០២១ និងក្លាយជាសមាជិកពេញសិទ្ធិវិញក្នុងខែមករាឆ្នាំ២០២២ ដោយសំអាងថា អាមេរិកគួរតែមានសំឡេងក្នុងការជជែកអំពីសិទ្ធិមនុស្សជាសកល។ រដ្ឋបាលរបស់លោក ចូ បៃដិន យល់ថា ទំនាក់ទំនង UNHRC នឹងធ្វើឲ្យសហរដ្ឋអាមេរិកជំរុញឲ្យមានកំណែទម្រង់ក្នុងបញ្ហាសិទ្ធិមនុស្ស ប្រសើរជាជាងចាកចេញ ដែលទុកឲ្យប្រទេសដែលមានប្រវត្តិរំលោភសិទ្ធិមនុស្សកាន់តែបានដៃ។ ទោះយ៉ាងណា ក្រោយទទួលបានអំណាចវិញ រឿងដែលលោកដូណាល់ ត្រាំ ធ្វើបន្ទាន់បំផុត គឺដកអាមេរិកចេញពីអង្គការអន្តរជាតិមួយនេះ។
- អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO)៖ រឿងរ៉ាវនៅអង្គការយូណេស្កូដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ហាក់ស្មុគស្មាញបន្តិចសម្រាប់សហរដ្ឋអាមេរិក។ ការចេញបញ្ជារបស់លោកដូណាល់ ត្រាំ រដ្ឋបាលរបស់លោកដកសិក្សាដកខ្លួនពីអង្គការនេះក្នុងរយៈពេល៩០ថ្ងៃហាក់ដូចជាកក្រើក និងរំជើបរំជួលក្នុងអាណត្តិថ្មីរបស់គាត់ ប៉ុន្តែលោកដូណាល់ត្រាំ បានធ្លាប់ទាញអាមេរិកចេញពីអង្គការនេះកាលពីខែមករាឆ្នាំ២០១៩ម្តងហើយ ដោយលើកឡើងពីភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល និងការគ្រប់គ្រងមិនត្រឹមត្រូវ។ ប៉ុន្តែបើសិក្សាតាមប្រវត្តិ ប្រធានាធិបតីអាមេរិកមុនៗ ក៏ធ្លាប់អនុវត្តបែបនេះដែរ ដូចជា អតីតប្រធានាធិបតី Ronald Reagan ដែលបានប្រកាសដកអាមេរិកចេញនៅក្នុងឆ្នាំ១៩៨៤ ដោយចោទថា អង្គការនេះថា គ្រប់គ្រងមិនត្រឹមត្រូវ និងលម្អៀងប្រឆាំងនិងបស្ចឹមប្រទេស ប៉ុន្តែអតីតប្រធានាធិបតី George W. Bush បានបញ្ចូលអាមេរិកជាសមាជិកវិញនៅឆ្នាំ២០០៣។ សហរដ្ឋអាមេរិកឈប់បង់វិភាគទានដល់អង្គការនេះតាំងពីឆ្នាំ២០១១ ពេលដែលអង្គការនេះទទួលស្គាល់និងបញ្ចូលប៉ាឡេស្ទីនជារដ្ឋសមាជិកពេញសិទ្ធិ។ រហូតដល់ពេលនេះអាមេរិកនៅជំពាក់អង្គការយូណេស្កូជាង៦០០លានដុល្លារទៀត។ ទោះយ៉ាងណា រដ្ឋបាល ចូ បៃដិន បានបញ្ចូលអាមេរិកជាសមាជិកវិញនៅឆ្នាំ២០២៣ ដោយលើកឡើងពីកង្វល់ដែលចិនមានឥទ្ធិពលខ្លាំងលើអង្គការនេះ។
- កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស (Paris Climate Agreement)៖ ទោះបីជាមិនមែនជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។ លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ដោយលើកហេតុផលថាវាមិនយុត្តិធម៌ចំពោះអាជីវកម្មអាមេរិក។ ដោយចង់មានឥទ្ធិពលសហរដ្ឋអាមេរិកក្នុងសកលជាពិសេសសង្កត់មហាអំណាចចិនលើសកម្មភាពអភិវឌ្ឍប៉ះពាល់ដល់បរិស្ថាន ប្រធានាធិបតី ចូ បៃដិន បានចូលរួមវិញនៅឆ្នាំ ២០២១ ក្រោយឡើងកាន់កៅអីសេតវិមាន។
ខណៈពេលដែលលោក ដូណល់ ត្រាំ រិះគន់ស្ថាប័នអង្គការសហប្រជាជាតិ និងសកលលោក សហរដ្ឋអាមេរិកនៅតែជាសមាជិកនៃអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជាច្រើនរបស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតផងដែរ។ រហូតមកទល់ពេលនេះ អាមេរិកនៅបន្តជាសមាជិកពេញសិទ្ធិនៅក្នុង
- អង្គការសហប្រជាជាតិ (UN)
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)
- មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
- ក្រុមធនាគារពិភពលោក (WB Group)
- កម្មវិធីស្បៀងអាហារពិភពលោក (WFP)
- ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)
- អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)
- មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)
- អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទោះបីជាវាមិនមែនជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ដោយ វាត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ៕
ដោយ រ៉ាន់ រើយ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ