ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាយុទ្ធសាស្រ្ត បង្កើនកម្លាំងជំនាញក្នុងស្រុក
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តរយៈពេលខ្លី ក្នុងការបង្កើនកម្លាំងជំនាញនៅក្នុងស្រុក នាពេលអនាគត។

ការលើកឡើងបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តនូវការបណ្តុបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បែបនេះថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តរយៈពេលខ្លី ក្នុងការបង្កើនកម្លាំងជំនាញនៅក្នុងស្រុក នាពេលអនាគត។ ដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានជាចាប់ផ្តើមកំណត់កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះឡើង»។
លោកថា ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ពន្យល់ថា នៅពេលដែលកម្ពុជា មានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់នោះ គឺអាចឆ្លើយតបទៅនឹងតម្រូវការ ការវិនិយោគធំៗពីក្រៅប្រទេស ចូលមកកម្ពុជាបន្ថែមទៀត។ ម្យ៉ាងទៀត នៅប្រជាពលរដ្ឋកម្ពុជា អាចមានជំនាញមួយច្បាស់លាស់ មានការងារល្អ ប្រាក់ចំណូលសមរម្យ នោះនឹងធ្វើកម្ពុជារួចផុតពីបន្ទាត់នៃភាពក្រីក្រ នាពេលអនាគត។
នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ឪពុក-ម្ដាយ អាណាព្យាបាល ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឲ្យបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញមួយពិតប្រាកដ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀន នៃកម្មវិធីនេះ។
ចំណែកលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឲ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែល ទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


